​ប្រវត្តិ​សិល្បៈ ក្បាច់គុន​ខ្មែរ​

នួនភិរម្យបង្ហាញពីបច្ចេកទេសក្នុងការប្រើកែងបកដាក់កីឡាករធនសុភា
(រូបថត ម៉េងស្រ៊ុន)

ជនជាតិខ្មែរ​សម័យ​ដើម​សំបូរ​ទៅដោយ​វិជ្ជា​ការពារ​ខ្លួន ដ៏​សំបូរបែប គឺ​ទាំង​វិជ្ជា​គុន វិជ្ជា​យុទ្ធសាស្ត្រ និង​វិជ្ជា​ក្នុង​លទ្ធិ​វេទ​មួយចំនួនទៀត​ដូចជា ការរៀន​មន្តអាគម​ការ​សាក់​​លើ​​ខ្លួន​ជាដើម​។

វិជ្ជា​ទាំងនេះ​ខ្មែរ​យើង​យកមកប្រើ​ជា​ប្រយោជន៍ សំរាប់ធ្វើ​សឹកសង្គ្រាម ដើម្បី​តតាំង​នឹង​​​ការ​ឈ្លាន​ពាន​​របស់​ប្រទេសជិតខាង តាំងពី​បុរាណកាល​មកម្ល៉េះ​។ បច្ចុប្បន្ននេះ​ផ្នែក​​​ខ្លះ​​នៃ​​ក្បាច់គុន​ទាំងនោះ បាន​បាត់បង់​ទៅតាម​ពេលវេលា និង​ទៅតាម​ការបាត់​បង់​ជីវិត​​នៃ​​ចាស់ៗ ដែល​ចេះ​ដែល​ដឹង​នូវ​ក្បាច់គុន​ទាំងនោះ​។

វិជ្ជា​គុន​គេ​ចែកចេញ​ជាច្រើន​ប្រភេទ​ដូចជា គុន​ប្រដាល់ គុន​ចំបាប់ គុនដំបង​វែង​-​ខ្លី គុនកាំបិត​ត្រ​លុក កាំបិតផ្គាក់ គុន​ដាវ គុនខែល ក្បាច់​ទ្វារ ៨ ។​ល​។ ក្រៅពី​វិជ្ជា​ទាំង​នេះ យើង​ក៏មាន​តម្រា​ពិជ័យសង្គ្រាម ដែលជា​កល​សាស្ត្រ សំរាប់​ប្រើ​ក្នុងការ​ធ្វើ​សង្គ្រាម​​​ទៀត​ផង​។

ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស បោះពុម្ព​នៅ​ឆ្នាំ ១៩៦៩ បានសរសេរថា អ្នក​គុន​និយម​ខ្មែរ​ជំនាន់​ដើម​មាន​ហាត់​យុទ្ធវិធី​ច្រើន​ប្រភេទ​ណាស់ ដូចជា គុន​ដាវ  ដំបង ល្បុក្កតោ លំពែង បាញ់​ធ្នូ ហាត់​ដាល់ ចំបាប់ ជិះ​ដំរី សេះ រទេះ ចំបាំង ហាត់​ក្បាច់​​អាវុធ​​ខ្នង​សេះ ដំរី ​និង​​រៀន​ប្រសិទ្ធិ​មន្តអាគម តាម​លទ្ធិ​វេទ ដូចជា​បញ្ចុះ​អាគម សាក់​​យ័ន្ត​​លើ​​អាវ សាក់​លើ​កន្សែង​សំរាប់​ជួតក្បាល សាក់​លើ​ខ្លួន និង ផឹក ថ្នាំ​គង់ ជាដើម​។

វិជ្ជា​គុន​ប្រភេទ​ខាងលើនេះ​មាន​ក្បាច់គុន​ខ្លះ​ដូចជា​គុន​ប្រដាល់ ចំបាប់ ដំបង ល្បុក្កតោ ជាដើម ដែល​ក្នុង​ចំណេរ​ក្រោយៗ មក​បាន​ក្លាយជា​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ហើយ​គេ​តែងតែ​ប្រកួត​គ្នា​ ក្នុងពេល​មានបុណ្យ​ទាន​ម្ដងៗ នៅតាម​វត្ត អារាម​នានា​។ ក្បាច់គុន​ទាំងនេះហើយ​ដែល​នៅមាន​អ្នកចេះ​ចាំ​មកដល់​សព្វថ្ងៃ​នេះនោះ​។ ឯ​វិជ្ជា​គុន​ដទៃទៀត ដូចជា គុនខែល គុន​លំពែង បាញ់​ធ្នូ និង​ក្បួន​យុទ្ធសាស្ត្រ​ដទៃៗ ទៀត​ត្រូវ​រលាយបាត់​បង់អស់រ​លីង​។ អ្វីៗ ដែល​បាត់បង់​ទាំងនេះ យើង​បាន​យកទៅ​សាកសួរ​ចាស់ទុំ ដែលជា​គ្រូ​ប្រដាល់​ចាស់ៗ​ស្ទើរតែ​មិនមាន​នរណា​បានដឹង​ពិត​ប្រាកដ​​ឡើយ​។ ចំពោះ​គម្ពីរ ក្បួនខ្នាត និង​ឯកសារ​មួយចំនួន បាន​បាត់​បង់អស់​ក្នុង​អម្លុង​សង្គ្រាម​។

ម្យ៉ាងវិញទៀត​ចាស់ទុំ​ដែល​ចេះដឹង​ជ្រៅជ្រះ​អំពី​សិល្បៈវិជ្ជា​គុន អំពី​យុទ្ធសាស្ត្រ អំពី តម្រា​ពិជ័យសង្គ្រាម​ក៍​ស្លាប់បាត់​បង់ជីវិត​ស្ទើរ​គ្មាន​សល់​។ អ្នក​ដែល​នៅរស់​ភាគ​ច្រើន​​​​ចាស់​ជរា ដែល​ភ្លេចភ្លាំង​ស្ទើរតែ​យកជាការ​មិនបាន​។

ការដែល​ចេះ​ចាំ​តៗ​គ្នា​មកនេះ មួយចំនួន​បានមកពី​ចាស់ៗ​ដែល​នៅរស់ ពិសេស​តាម​រយៈ​​សសរ​ផ្អោប​នៃ​ប្រាសាទព្រះខ័ន ចម្លាក់​នៃ​ព្រលាន​ជល់​ដំរី ដែលមាន​ឆ្លាក់​រូប​គុន​​ប្រដាល់ ចំបាប់​នៅ​ទីនោះ​។

ធនសុភាបង្ហាញពីក្បាច់ជង្គង់ហោះដាក់កីឡាករនួនភិរម្យ (រូបថត ម៉េងស្រ៊ុន)

បើ​យើង​ស្រមៃ​ទៅរក​អតីតកាល អមដោយ​ភស្តុតាង​នៃ​ចម្លាក់​តាម​ប្រាសាទ​បូរាណ និង​​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្លះៗ​នោះ​ប្រវត្តិសាស្ត្រ​នៃ​ខ្មែរ​ បូរាណ គឺ​ព្រះ​មហា​ក្សត្រ និង​ពលទាហាន​សុទ្ធតែ​ពោរពេញ​ដោយ​ក្បួន​វិជ្ជា​ការពារ ខ្លួន ដ៍​ខ្លាំងពូកែ​។

ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា ប្រជាជន​នៃ​ប្រទេស​ចេនឡា​ពូកែ​ខាង​ល្បិច​យុទ្ធសាស្ត្រ​ចម្បាំង​​ណាស់  យុទ្ធសាស្ត្រ​ទាំងនេះ​ប្រាកដជា​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ជា​មិន​​ខាន ​។

នៅក្នុង​សម័យអង្គរ គេ​សង្កេតឃើញ​គ្រឿង​យោ​ទ្ធោ​បក​រណ៍ ដ៍​ច្រើន​សន្ធឹកសន្ធាប់​ដែល​​​ឆ្លា​ក់លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​។ តាម​កំណត់ហេតុ​របស់​អ្នក​ប្រវត្តិ​សាស្ត្រ​​ចិន ឈ្មោះ ជីវ​តាក្វាន់ ក៍បាន​សរសេរ​អំពី​ការរីកលូតលាស់​នៃ​ក្បាច់​ក្នុងសម័យ​អង្គ​រដែរ​។

បេសកជន​ចិន​រូបនោះ​ក៍​បានសរសេរថា មាន​ឃ្លាំង​ពោរពេញ​ទៅដោយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដូចជា ដាវ កាំបិត ខែល ធ្នូ ស្នា លំពែង ខែល អាវ​ក្រោះ និង​អាវុធ​ធ្ងន់ សំរាប់​បាញ់​ព្រួញ​ធំៗ​។ អ្នក​ដែល​អាច​កាន់​ឧបករណ៍​ទាំងនោះ ដើម្បី​ចូលក្នុង​សមរភូមិ​ទាល់តែ​មាន​វិជ្ជា​យុទ្ធសាស្ត្រ​ខ្លាំង​។ កងទ័ព​ខ្មែរ​នា​សម័យ​នោះ បើ​ពិនិត្យ​តាម​ក្បាច់ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​គេ​ចែកចេញជា ៤ ក្រុម គឺ​ពល​ថ្មើរជើង​ពលដំរី ពល​សេះ និង​​ពល​ជើង​ទឹក ដែល​លោក សុង  ស៊ីវ អោយនាម​សរុប​ក្នុង​ក្នុង​សៀវភៅ​របស់​លោក​​ឈ្មោះ​ចលនា​អារ្យ​ធ​ម៍ នោះ​ថា ‹​ពលអង្គរក្ស​ទ្រមាក់​ចែវ​គុន​› គឺ​ដោយសារ​វិជ្ជា​យុទ្ធសាស្ត្រ​របស់​កងទ័ព​ទាំងនេះហើយ​ដែល​ធ្វើអោយ​កម្ពុជា​ ធ្វើសឹក​សង្គ្រាម​វាត​ទឹក​ដី​បាន​យ៉ាង​ធំ​ទូលាយ​នោះ​។

ជា​ប្រទេសមួយ​មាន​សមត្ថភាព​ធ្វើសឹក​សង្គ្រាម​នោះ មហាក្សត្រ​មិន​ត្រឹម​តែមាន​នាម​ជា​អគ្គមេបញ្ជាការ​ប៉​ណ្ណោះ​ទេ តែ​ព្រះ​អង្គជា​មេទ័ព​មួយរូប​ដែល​ដឹកនាំ បញ្ជា​ទ័ព​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដោយផ្ទាល់​តែម្ដង​។ ទាំងអស់នោះ​មាន​ភស្តុតាង​បញ្ជាក់​នៅក្នុង​សិលាចារឹក​ដែល​បានលើកឡើង​អួត​ សរសើរ​ពី​គុណសម្បត្តិ​យោធា​របស់​ព្រះមហា​ក្សត្រ​សម័យអង្គរ​ថា ជា​ស្ដេច​មាន​តេ​ជៈ ខ្លាំងពូកែ​ខាង​វិជ្ជា​គុន និង​យុទ្ធសិល្ប៍​ផ្សេងៗ​។

ឈូក ច័ន្ទសុភ័ក្រ បង្ហាញស្នៀតជាន់ថ្នក់ពុះកែង​​ (រូបថត ម៉េងស្រ៊ុន)

សិលាចារឹក​មួយ​នៅ​ស្តុក​កក់ធំ​បាន​សរសើរ​ពី​ថ្វី​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​យ ​សោ​វរ្ម័នទី​១ ថា ព្រះអង្គ​មាន​ដៃ​វៃ​រហ័ស​ក្នុងការ​ប្រហារ​សត្រូវ​. . . ។ សិលាចារឹក​មួយ​ទៀយ​នៅ​បាង​ថាក ប្រទេស​ឡាវ បាន​តំណាល​ពី​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​កំពុង​ប្រយុទ្ធ​ក្នុង​​​សមរភូមិ​ថា ព្រះអង្គ​លោត​ផ្លោះ​ពីលើ​ព្រះទីនាំង​គជេន្ទ្រ​ទៅ​គង់​លើ​ក្បាលដំរី​របស់​ សត្រូវ ហើយ​ទ្រង់​ប្រហារ​ជិវិត​បង់​បីដូច​ជា គ្រុឌ​ស្ទុះ​ទៅ​សង្គ្រប់​សំលាប់​នាគ​នា​កំពូលភ្នំ​។

ចំណែក​សិលាចារឹក​មួយទៀត​នៅ​ប្រាសាទព្រះខ័ន ក៍បាន​អួត​សរសើរ​ពី​យុទ្ធ​សិ​ល្បិ៍​ដ៍​ខ្លាំងពូកែ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ដែរ​ថា នៅពេល​ឃើញ​ស្ដេច​អង្គ​នេះ​ប្រកប​ទៅ​ដោយ​​គ្រឿង​សព្វាវុធ​នោះ ធ្វើអោយ​សត្រូវ​រន្ធត់​ជាខ្លាំង​ហើយ​សត្រូវ​បិទ​ភ្នែក​ដោយ​​​ចាញ់​​ព្រះ​ ចេស្ដារ​មិនតែប៉ុណ្ណោះ ដៃ​វា​ទាំង​គូរ​បីដូច​ជា​ពស់​អស់​ពឹ​ស​ហើយ​ទម្លាក់​​អាវុធ​​ចោល​​ភ្លាម ឯ​អាវុធ​នានា​ដែល​បាន​ចោល ឬ បាញ់​ទៅហើយនោះ​ក៍​ហាក់​ដូចជា​​គាំង​​លែង​​ទៅមុខ​មួយ​រំពេច​ដែរ ។

ក្រៅពី​ព្រះមហាក្សត្រ​សូម្បីតែ​អ្នកស្រុក​នា​សម័យ​នោះ​ក៍​ស្ទាត់ជំនាញ​នូវ​ កល​យុទ្ធ​ខាង​​សង្គ្រាម​ដែរ​។ ភាព​ស្ទាត់ជំនាញ​បែបនេះ​ប្រសិនបើ​ប្រទេសជាតិ​ត្រូវការ​កងទ័ព​នោះ គេ​គ្រាន់តែ​អំពាវនាវ​គេ​និង​បាន​កងទ័ព​ដែល​ស្ទាត់ជំនាញ​ខាង​ចំបាំង​ស្រាប់ ដោយ​​មិន​ចាំបាច់​ហ្វឹកហាត់​យូរ​ឡើយ​។ បើតាម​សាស្ត្រា​ស្លឹករឹត និង​តម្រា​សរសេរ​ដៃ​មួយ​ចំនួន​ដែល​តម្កល់ទុក​ក្នុង​បណ្ណាល័យ​ជាតិ និង​វត្ត​អារាម​នានា​នោះ​ថា​ក្បាច់ និង តម្រា​សង្គ្រាម​របស់​ខ្មែរ​មួយចំនួន​ចម្លង​មកពី​ក្លឹ​ង្គ មួយចំនួនទៀត​ចម្លង​មកពី​ចិន ឯ​មួយផ្នែកធំ គឺ​ចងក្រង និង បង្កើតឡើង​ដោយ​បុព្វបុរស​ខ្មែរ​តែម្ដង ។

ផ្នែក​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា គឺមាន​តិចតួច ដែល​ភាគច្រើន​ហូរ​ចូលមក​ប្រទេស​​​ខ្មែរ​យើង​តាមរយៈ​សាសនា​ក្នុង​នោះគេ​ សង្កេតឃើញ​មាន​ក្បួន​យុទ្ធ​គុន ២ មេ​ធំៗ ដែល​គេ​យកមក​អនុវត្តន៍​ក្នុង​វិជ្ជា​គុនដំបង និង គុន​ដាវ ដែល​ក្បាច់​មេ​គេ​ហៅថា ព្រះរាម​ថ្លែង ស និង​កិន្នរ​ពាំ​ផ្កា​។ មេ​ក្បាច់​ទាំង ២ នេះ​ឃើញ​មាន​ជា​រូបចម្លាក់​នៅ​​តាម​ជញ្ជាំង​ប្រាសាទ​អ​ង្អ​រ​វត្ត ហើយ​ប្រហែលជា​អ្នក​គុន​និយម​ខ្មែរ​សម័យ​ដើម​ស្រង់​​​មក​ធ្វើជា​គោល​រួច​បំបែក​ ជា​ស្នៀត​តូចៗ ទៅតាម​យុទ្ធវិធី​របស់ខ្លួន​។

ឯ​ផ្នែក​ដែល​ចម្លង​ពី​ប្រទេស​ចិន​ក៍មាន​តិចតួច​ដែរ ដែល​ភាគច្រើន​មាន​ចាប់​ពីក្រោយ​សម័យអង្គរ​មក​។ ក្នុង​សៀវភៅ​កម្ពុជ​សូរិយា​បោះពុម្ព ខែ​មិនា ឆ្នាំ​១៩៥៩ ស្ដីពី​ប្រវត្តិ​សាស្ត្រ​ក្រោយ​សម័យអង្គរ ឬ សម័យ កណ្ដាល​បាន​កត់ត្រា​អោយដឹងថា ការសិក្សា​របស់​កូន​ខ្មែរ​នៅ​ជំនាន់​ដើម ក្រៅពី​រៀន​លេខនព្វន្ត​មាន មួយចំនួន​បាន​ហាត់រៀន​ក្បាច់គុន​របស់​ចិន​។ នេះ​ជា​សេចក្ដី​ដែល​ពោល​ឡើង​ចាប់ពី​សម័យ​ក្រុង​លង្វែក​មក​។

ពុំមាន​ឯកសារ​ជា​ភស្តុតាង​ទេ ប៉ុន្តែ តាមរយៈ​អ្នក​ក្បាច់គុន​ចាស់ៗ ដែល​នៅរស់​នោះ បាន​និយាយថា បណ្ដា​វី​ជ្ជា​គុន​ដែល​គាត់​ធ្លាប់​ហាត់​ទាំងនោះ បាន​លើកយក​ឈ្មោះ​គុនដំបង​វែង​មួ​យមក​បញ្ជាក់ គឺ​មេគុន សៃ​ហុង​ចុង ១ និង សៃ​ហុង​ចុង ២ ដែល​មេ​ទី ១ មាន​៤ ទ្វារ និង​មេ​ទី ២ មាន ៨ ទ្វារ​។ ពាក្យ​សៃ​ហុង​នេះ មានន័យថា សមរភូមិ​មុខ ឬ អ្វីៗ​ដែល​នាំមុខគេ​។

តាម​ការស្រាវជ្រាវ នា​យុគសម័យ​កណ្ដាល​មាន​ជនបរទេស​ជាច្រើន​ដែល​គេ​ចេះ​វិជ្ជា​គុន​នោះគេ​បាន​ ផ្សព្វផ្សាយ​នូវ​វិជ្ជា​គុន​របស់គេ​ដល់​ប្រជាជន​កម្ពុជា​។ ជាមួយ​នោះ ក៍មាន​ជនកម្ពុជា ជាច្រើន​បាន​ស្វះស្វែង​មក​រៀន​ក្បាច់គុន​ជាមួយ​គ្រូ​គុន​បរទេស​ទាំង​នោះ​។ គ្រូ​គុន​ទាំង​នោះគេ​សង្កេតឃើញ​មាន ចិ​ម លាវ សៀម …… ជាដើម​។ ក្នុង​អត្ថបទ​កំណាព្យ​មួយ​ដែល​គេ​រកឃើញ ហើយ​សរសេរ​ដោយ​លោក​អាចារ្យ អ៊ុក ជុំ នៅ​​វត្ត​ស្ទឹងមានជ័យ​នោះ​ថា គ្រូ​ដំបង​ខ្ញុំ​មាន ៤ រូប គ្រូ​សៀម​ឈ្មោះ ស៊ុម ចិន​, ឈ្មោះ​បូ គ្រូខ្មែរ​, ឈ្មោះ​ម៉ុក ខ្មែរ​, ឈ្មោះ​ផូ ពូជពង្ស​អំបូរ​ស្រុក​បាភ្នំ ។ គ្រូ​ប្រដាល់​ខ្ញុំ​មាន ២ នាក់ ជាតិ​លាវ ឈ្មោះ​លាក់ លាវ​, ឈ្មោះ​លុំ គ្រូ​លាវ​ចំបាប់​បង្រៀន​ខ្ញុំ​ ​ចេះ​ហើយ​លា​ខ្ញុំ​ទៅ​ស្រុក​ឆ្ងាយ​។

តែ​ក៍​មានការ​អះអាងថា ជនបរទេស​ដែលជា​គ្រូបង្វឹក​ទាំងនោះ ក៍បាន​ហាត់រៀន​នូវ​ក្បាច់​របស់​ខ្មែរ​វិញ​ដែរ​។

ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​របស់​វិជ្ជា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​ឆ្នាំ ១៩៦៩ បញ្ជាក់ថា “​គ្រូបង្ហាត់​វិជ្ជា​គុន​យុទ្ធ​សិ​ល្បិ៍ ដល់​អ្នក​គុន​និយម​ខ្មែរ​ជំនាន់​ដើម គឺ ព្រះឥន្ទ្រ​ធិ​បេ​ត និង ព្រះគ្រូ​ព្រះ​ព្រ​ហ្មេ​ធិ​បេន ”​។ លុះ​សម័យ​ក្រោយៗ​មក​ទៀត​​ការ ហាត់​វិជ្ជា​គុន​ភាគច្រើន​មាននៅ​តាម​វត្ត​អារាម ឯ​គ្រូបង្ហាត់​ជា​ព្រះសង្ឃ ឬ ចៅអធិការ​វត្ត​តែម្ដង​។ អ្នក​ដែល​បាន​ថែរក្សា និង​ផ្សព្វផ្សាយ​វិជ្ជា​គុន និង យុទ្ធសាស្ដ្រ​ទូទៅ​របស់​ខ្មែរ គឺ ព្រះសង្ឃ​ដែល​បាន​បួស​រៀន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​មហាយាន​។ សូម្បី​ព្រះសង្ឃ​ខ្មែរ​នៅ​សម័យ​ដើម (​ក្នុងអម្លុង​ឆ្នាំ​១៩៦០) ដែល​កាន់​ព្រះពុទ្ធសាសនា​តាមបែប​ហិន​យាន​ទៅហើយ​ក៍ដោយ ក៍នៅ​មានការ​ហាត់រៀន​វិជ្ជា​គុន​ទាំង​នេះដែរ​។ អញ្ចឹង​ទើប​ចាស់ ទុំ ដែល​នៅរស់​ដល់​សព្វថ្ងៃ​ភាគច្រើន​សុទ្ធតែ​បាន​បួស​រៀន និង បាន​ហាត់​វិជ្ជា​គុន​ក្នុង​វត្ត​ព្រះពុទ្ធសាសនា​។

វិជ្ជា​គុន​សម័យ​ដើម​មាន​ច្រើន​ទាំង​ស្នៀត ច្រើន​ទាំង​ឈ្មោះ​តែ​ការសំដែង ឬ ឈ្មោះ​របស់​វា​ប្លែក​គ្នា​ខ្លះៗ ទៅតាម​ការនិយម​នៃ​តំបន់​នីមួយៗ​។ ឧទាហរណ៍​ក្បាច់គុន​មួយ​នៅ​ខេត្តតាកែវ​មានឈ្មោះ​ថា “ មេ​ឆៀង​កណ្ដៀត​” តែ​នៅ​ខេត្ត ពោធិសាត់​គេ​ហៅថា “​មេ​ឆឹង​កណ្ដៀត ”​ទៅវិញ​។  ក្បាច់គុន​មួយទៀត​នៅ​ខេត្តបាត់ដំបង​គេ​ហៅថា “​យុទ្ធ​គុន​មេ​កួច ” តែ​នៅ​ខេត្តស្វាយរៀង​គេ​ហៅថា “​យុទ្ធ​គុន​មេ​ដំរី​បួង​ទៅវិញ​”​។ ទោះ​ស្នៀត​ហៅ​ខុសគ្នា​ក៍​ពិតមែនតែ​ទម្រង់ និង​ជំហរ​ប្រយុទ្ធ​វា​ស្រដៀង​គ្នា​សុទ្ធសាធ​។

តាមរយៈ​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់​ត្រាទុក​នោះ​ក្នុងសង្គម​អ្នក​គុន​និយម​ ខ្មែ​សំបូរ​ទៅដោយ​ពិធី​ប្រពៃណី​ដ៍​សំបូរបែប​ដូចជា ពិធី​ផឹកទឹកសម្បថ ការ​បង្កក់ប្រសិទ្ធិ ឬ សមយុទ្ធ និង​ព្រះ​រាជពិធី​ស្មាន​ចតុរង្គ​សេនា​ជាដើម​។ ខ្មែរ​ទូទៅ​ដែល​ចូលទៅ​ហាត់​រៀន​​វិជ្ជា​យុទ្ធសាស្ត្រ​ដំបូង​បំផុត ត្រូវ​ផឹកទឹកសម្បថ ឬ ផឹកទឹក​ពិភទ្ទសច្ចា ដែល​ពិធី​នោះ​មាន​គោលដៅ​មួយ គឺ រក​សិរី​សួស្ដី​អោយ​ចំរើន​ពា្យ​សច្ចៈ និង ការ​រម្ងាប់​ពៀរ​។

ក្នង​ពិធី​បែបនេះ ជំនាន់​ដើម​គេ​ដាក់​ព្រះខ័ន​ទៅ​ទៅក្នុង​ទឹល​មន្ត បន្ទាប់មក​គេ​កូរ​រួច​ទើប​ប្រោះព្រំ​ដល់​ពល​សេនា​។ ការដាក់​ព្រះខ័ន​ក្នុង​ទឹកមន្ដ​បែបនេះ​គេ​ហៅថា អោយ​អ្នក​គុន​និយម​ទាំងនេះ​កាន់​ភាព​សច្ចៈ និង​យុ​ត្តិ​ធ​ម៍​។

ចំពោះ​ពិធី​បង្កក់​ប្រសិទ្ធ​វិញ គេ​ធ្វើឡើង​នៅវេលា​យប់​ពេញ​បូរ​មី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នា​ខែចេត្រ​។ ពិធី​នេះ​គេ​ធ្វើ ២ ដង លើក​ទី ១ ហៅថា​ប្រសិទ្ធិ​តូច លើក​ទី ២ ហៅថា ប្រសិទ្ធី​ធំ ពិធី​នេះ​ប្រហែល​ជាមាន​ប្រភព​មកពី​ឥណ្ឌា​។

ក្នុង​រឿង​ពិធី​ទ្វារ​ទស​មាស របស់​ព្រា​ហ្ម​ឈ្មោះ “​អច្ចុត​ន្ន័​ម​” នៅ​នគរ​ពារាណសី​ថា ក្នុង​ខែចេត្រ​មាន​ពិធី​មួយ​ឈ្មោះ “​គជ​វិធា​ន័​ម ឬ គជ​ន្ទ្រ​ស្នាន​” (​ពិធី​ប្រោះព្រំ​ដំរី​) ដែល​គេ​កំណត់​ធ្វើ​ក្នុង​ថ្ងៃ ១ រោច​។

ក្នុង​ពិធី​នេះ​ព្រះមហាក្សត្រ​ទ្រង់គ្រឿង​ពស្ត្រា​ដ៍​សង្ហា​គង់​លើ​ ព្រះទីនាំង​ដំរី​ប្រទក្សិណ​ជុំវិញ​ព្រះរាជវាំង ដោយមាន​ព្រា​ហ្ម​ជា​ព្រះរាជ​គ្រូ​ចាំ​ប្រោស​ព្រំ​ទឹកមន្ត​។ ប្រពៃណី​បែបនេះ​កម្ពុជា​យើង​មាន​តាំងពី​បូរាណ​កាល​មកម្ល៉េះ​។ ការបង្កើតអោយមាន​ពិធី​នេះ​ដើម្បី​បណ្ដុះបណ្ដាល​ប្រជារាស្ត្រ​អោយ​និយម​ក្នុង ​កិច្ចការ​ទាហាន​។ ជាការ​ទំនុក​បំរុង​​ទាហាន​នូវ​គ្រឿង​អាវុធ​យុទ្ធ​ភ័​ណ្ឌ អោយមាន​គ្រប់គ្រាន់​ល្មម​ការពារ​ស្រុក​បាន​។ ជាការ​សំដែង​អោយ​នគរ​ជិតខាង​ខ្លបខ្លាច​រិ​ទ្ធិ​ចេស្ដារ​នៃ​មហាក្សត្រ និង​ប្រជាជន​យើង​។

សម័យ​ដែល​ខ្មែរ​យើង​មាន​ឥទ្ធិពល​ខ្លាំង​នោះ ពិធី​បែបនេះ​ធ្វើជា​រៀងរាល់ឆ្នាំ​។ តែ​ចាប់​ពី​ក្រោយ​សម័យ​លង្វែក​ពេលដែល​ខ្មែរ​ចុះខ្សោយ​នោះ​ពិធី​នេះ​មាន​ខ្លះ គ្មាន​ខ្លះ
ក្នុង​​រជ្ជកាល​ស្ដេច​នរោត្តម​ពិធី​នេះ​នៅមាន​ខ្លះៗ តែ​ក្នុង​រជ្ជកាល​ស្ដេច​ស៊ីសុវត្ថិ មានតែ​ពិធី​កេណ្ឌ​ទាហាន​មកលេង​ចំបាប់ និង ប្រដាល់​សំរាប់​ទត​តែប៉ុណ្ណោះ​។

ចាប់តាំងពី​ពិធី​បង្កក់​ប្រសិទ្ធី​នេះ​ផុតរលត់​ទៅ ទាហាន​ក្រៅ​តំណែង (​ទាហាន​បំរុង​) ក៍​បែកខ្ញែក​គ្នា​អស់​។ ទោះបី​នៅមាន​ការហាត់​វិជ្ជា​គុន​ក៍​ពិតមែន​តែមាន​នៅតាម​វត្ត​អារាម  និង ភូមិ​ស្រុក​មួយចំនួន​ប៉ុណ្ណោះ ។ កន្លែង​ទាំងនោះ​ហើយ​ដែល​រក្សាទុក​នូវ​ប្រពៃណី​ចាស់ៗ មកដល់​សព្វថ្ងៃនេះ ដែល​គេ​ហៅថា ការថ្វាយ​បង្គំ​គ្រូ​។

កាលពីដើម​អ្នក​គុន​និយម​តែង​ជួបគ្នា​សាក​ស្នាដៃ​នៅក្នុង​ព្រះ​ពន្លា ឬ ក្នុង​រាជវាំង​។ កាលនោះ​ការ​សាក​កម្លាំង​មិន​មានការ​ថ្លឹង​ទម្ងន់​អ្វី​ទេ តែ​សេនាបតី​ម្នាក់​ដែលជា​តំណាង​ចាប់​គូ​នោះ​ហៅ​មក​សាក​គ្នា​មើល​សិន គឺ​ទាំង​ចំបាប់  ទាំង​ប្រដាល់​បើ​ថ្វីដៃ​ប្រហាក់ប្រហែលគ្នា ទើប​រើស​មក​ធ្វើជា​គូប្រកួត​។

បន្ទាប់ពី​បាន​គូ​សម​ដៃ​ហើយ ចៅ​ភ្នាក់ងារ​បើក​យក​គ្រឿង​ប្រដាប់​សំរាប់​តែង​កាយ​មាន​ខោ​ទ្រនាប់ សំពត់​ស្លៀក ក្រមា ក្រណាត់ ចែក​អោយ​អ្នក​ចំបាប់ ឯ​អ្នក​គុន​ប្រដាល់​​ក៍​ដូច​អ្នក​ចំបាប់​ដែរ តែ​បន្ថែម​អំបោះភ្លុក និង អំបោះឆៅ​។ ខោ​ទ្រនាប់ និង​សំពត់ មាន​ពីរ​ពណ៌ គឺ ពណ៍​ស្វាយ និង ក្រហមជាំ ឯ​អំបោះភ្លុក គឺ អំបោះ​ធម្មតា ដែល​គេ​ឆ្វាយ​ជា​រង្វង់​ល្មម​ពាក់​ក្បាល​ចុះ ទំហំ​ប្រមាណ​ប៉ុន​ម្រាមដៃ​ហើយ​យក​សំពត់​ស្វាយ និង ក្រហម មក​ដេរ​ស្រោប​អោយទៅជា ២ ពណ៌ ដូចគ្នា​និង​សំពត់​ស្លៀក​។ បន្ទាប់ពី​ចែក​អោយ​គ្រប់ៗ​គ្នា​ហើយ​ចៅ​ភ្នាក់ងារ និង គ្រូ​ប្រដាល់​ចំបាប់​ដែល​មក​ប្រជុំ​ក្នុង​ទីនោះ ចែក​អោយ​អ្នក​ប្រដាល់​ម្នាក់​មួយ​ដោយ​ម្នាក់​ខោ​សំពត់ និង ក្រមា ក្រវាត់​ពណ៌​ស្វាយ និង​ម្នាក់ទៀត​ពណ៌ ក្រហមជាំ​ដើម្បី​កុំអោយ​ច្រឡំ​គ្នា​។ បន្ទាប់មក​គេ​ស្រាក់​អោយ​អ្នក​ប្រដាល់​ទាំងនោះ​ដោយ​យក​អំបោះឆៅ​មក​ស្រាក់​នៅ ​គល់​ម្រាមដៃ​ទាំង ៥​​ទាំងសងខាង​អោយ​សមគួរ ហើយ​គេ​ត្រកួញ​កួច​អំបោះ​ឡើងរ​ដឹប​រដុប​ដូច​គូទ​ខ្ចៅ​ឡើង​ណែន​រឹង​នៅលើ​ខ្នង ​ម្រាមដៃ​ទាំងសងខាង ដើម្បីអោយ​គូប្រកួត​បែក​សាច់​ពេលដែល​ដាល់​ត្រូវ​នោះ​។ ឯ​អ្នក​ចំបាប់ គ្មាន​ស្រា​ក់ដៃ និង​ពាក់​អំបោះភ្លុក​ទេ​។

បន្ទាប់ពី​រៀបចំខ្លួន​ដល់​អ្នក​ចំបាប់ និង អ្នក​ប្រដាល់​ទាំងនោះ​ហើយ ពួក​គ្រូមន្តអាគម​ចូលទៅ​ស្ដោះ​ប្រោះព្រំ​លើក​កម្លាំង​ដល់​អ្នក​ចំបាប់ និង អ្នក​ប្រដាល់​ទាំងនោះ​។ នៅ​កន្លែង​ប្រកួត គេ​រៀប​ចាក់ដី​ខ្សាច់​រាយ​ពេញ​រួច​បោះបង្គោល​ដែល​លាបថ្នាំ​ពណ៍​ក្រហម ហើយ​យក​ខ្សែពួរ​ចង​ស​ន្អឹ​ង​តាម​បង្គោល​ព័ទ្ធជុំវិញ​ដើម្បី​ហាម​កុំអោយ​ មនុស្ស​​ប្រជ្រៀត​ចូលទៅ​កន្លែង​ទីលាន​ប្រកួត​ដែល​បង្ក​ការរំខាន​ដល់​ ការប្រកួត​។ ប៉ុន្តែ​នៅ​ជ្រុង​ម្ខាង​គេ​រៀបចំ​ជា​ពន្លា​សំរាប់​ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស មន្ត្រី អ្នកមុខអ្នកការ សេនាបតី គង់ និង អង្គុយ​ទត ឬ ទស្សនា​។

ខណៈនោះ ចៅ​ភ្នាក់ងារ​អ្នក​កាន់​បញ្ជី​ហៅ​ឈ្មោះ គូប្រកួត​ចេញមក​។ គូប្រកួត​ដើរ​ដោយ​ប្រណម្យ អោនៗ​ចូលទៅ​ទីលាន​ប្រកួត​ដោយ​លុតជង្គង់​ទន្ទឹមគ្នា​ថ្វាយបង្គំ​ព្រះករុណា ៣ ដង ហើយ​ក្រោក​ឡើង​ផ្គង​ឃុំ​ដាក់គ្នា​។ ទាំង​ប្រដាល់​ទាំង​ចំបាប់​ពេល​ប្រកួត​ភ្នា​ក់​ក្រុម​ភ្លេង​លេង​បទ​ស្គរ​ជ្វា គ្រប់​លើក​។ បទ​ភ្លេង​ដែល​លេង​នោះ​មាន ២ បទ​ពេល​គូប្រកួត​អួត​ដាក់គ្នា គេ​លេង​បទ “ យោន ” លុះ​ដល់ពេល​ប្រកួត​គេ​លេង​បទ “ ផ្លែង ”​។

ការប្រកួត​នេះ​មាន​ចាញ់ មាន​ស្មើ ប្រដា​ល់លេង ១២ លើក ឬ ហៅថា ១២ ទឹក បើ​ចំបាប់​លេង​ត្រឹមតែ ៣ ទឹក​ប៉ុណ្ណោះ គឺ​ត្រូវ​ប្រកាស​លទ្ធផល​។ ក្នុងការ​ប្រកួត​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​បើ​នរណា​ទន់ ឬ ហត់​ខ្លាំង ដឹងថា តស៊ូ​តទៅទៀត​មិនបាន​ហើយ​សុខចិត្ត​ចុះចាញ់​នោះ ត្រូវ​ទម្លាក់​ជង្គង់​ក្រាប​ទៅលើ​ដី ឯ​ភាគី​ម្ខាង​ទៀត​ត្រូវ​ឈរ​ឃុំ នៅ​ស្ងៀម​ដោយ​ហាម​មិនអោយ​ប៉ះពាល់ គូប្រកួត​ឡើយ​។ ខណៈនោះ​អ្នក​ត្រួតការ​ស្រែ​សួរ​ទៅ​អ្នក​ក្រាប​នេះ​ថា “​ហប ឫ ញ៉ម  ”? បើ​អាច​តស៊ូ​បាន​ទៀត​ត្រូវ​ច្លើយថា “ ហប ” ហើយ​ត្រូវ​ក្រោក​តស៊ូ​វិញ​បន្ទាប់ពី​ក្រាប​មួយស្របក់​ហើយ​នោះ​។ តែបើ​មិន​អាច​តស៊ូ​បានទេ ដោយ​សុខចិត្ត​ចាញ់​នោះ​ត្រូវ​ឆ្លើយថា  “​ញ៉ម ”​។ ប្រដាល់​គេ​ប្រកួត ១២ ដង ដែល​ហៅថា ១២ ទឹក ឯ​ចំបាប់ គេ​ប្រកួត​តែ ៣ ទឹក​ប៉ុណ្ណោះ ។ ជាទូទៅ ប្រដាល់ និង ចំបាប់​នេះ​មិនសូវមាន​អ្នក​ធន​ស៊ូ​ដល់​កម្រិត​ទេ អ្នក​ប្រដាល់​បាន​យ៉ាង​ច្រើន ២ ទឹក ក៍​ទទួល ញ៉ម ឯ​អ្នក​ចំបាប់ បើ​គេ​បោក​ដួល​ម្ដង ហើយ​មួយដង​ទៀត ក៍​ទទួល​ញ៉ម​ដែរ​។

ចំបាប់ និង ប្រដាល់​ដែល​លើក​មក​ពណ៍​នា​នេះ គឺ គេ​ឃើញ​នៅក្នុង​រជ្ជកាល​សម្ដេច ព្រះស៊ីសុវត្ថិ​។ កាលនោះ​អ្នកឈ្នះ បាន ៥ រៀល ឯ​អ្នកចាញ់​បាន ៣ រៀល ជា​រង្វាន់​។ ចំណែក​នៅតាម​ឃុំ ស្រុក​វិញ​ក៍មាន​ការប្រកួត​រក​ជើង​ខ្លាំង​ប្រចាំ  ដែនដី​របស់គេ​ដែរ អញ្ចឹង​ហើយ​ទើប​មាន​កំណាព្យ​មួយ​ក្នុង​អក្សរសាស្ត្រ ខ្មែរ​ដែលមាន​ឈ្មោះថា ល្បើក ផាន់​ជុំ នោះ មាន​សេចក្ដី​ខ្លះៗ​ថា៖

ជ្រើសរើស​រក​អ្នក​ជ្រង​    ​    ​    ​              ភ្នំ​សោម​ឯត្បូង​មាន​អ្នកតូច
អ្នក​ចាន់​គាត់​នៅ​អន្លង់​កួច​    ​    ​          ​ថា​តូច​មិនកើត​អោយ​អញ​វិញ ។
អ្នក​ចាន់​គាត់​លាត់​គ្រវាត់​ស្អាត​    ​     ​ស្នង​ប្រា​ក់ថា​វាត​ក្មេង​ចៀស​ចេញ
ទើសដៃទើសជើង​ក្រែង​គេ​ដេញ​      ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទូលាយ​គេ ។
ទាំងស្រី​ទាំងប្រុស​ច្រឡំ​គ្នា​    ​         ​    ខ្លះមក​បំពារ ខ្លះមក​ជេរ
ថា​អា​កំណាច​កាច​ម្ល៉េះ​ទេ​    ​          ​      ​ដើរមក​ពាន​គេ​ធ្វើ​និង​ធឹង ។
===========
ផាន់​ជុំ​គាត់​លាត់​កៀក​ក្រវាត់​      ​      ​យក​ស្លា​មួយ​ម៉ាត់​មក​វេច​ទុក
ហើយ​សូត្រអាគម​សម្លឹងមុខ​    ​        ​យក​ស្លា​វេច​ទុក​មក​ផ្លុំ​ដាក់ ។
ហើយ​សូត្រ​ថា​ឧ មៈ គៈ​លិ​កំ​    ​         ​បើកទ្វារ វំ​កំ រំ ហាយៈ
ស្វា​ហែង​រឹង​រែង​ច​ក្ខៈ​    ​    ​                    ​ច​ក្ខិ ចក្ខុ ស្វា ហា យៈ  ។
ផាន់​ជុំ​សូត្រ​ហើយ​ព្រឺ​រោ​មា​    ​            ស៊ី​ស្លា​ទំពារ​ចូល​ពី​អាយ
អ្នក​ចាន់​លោត​ផ្លាប់​បញ្ចប់​កាយ​      ​ ​ផាន់​ជុំ​លោត​ខ្ចាយ​ប្រាយ​មេលោង ។
អ្នក​ចាន់​គាត់​លោត​ឱបដៃ​ជាប់​    ​    ​ផាន់​ជុំ​ដោះដៃ​គោះ​កែង​ផូង
ដួល​ផ្ងារ​ជ​ង្គ្រា​ង​ពង រំ​យោង​    ​           ​អ្នក​រោង​គេ​ហ៊ោរ​ឥត​កោតក្រែង ។

នេះ​អត្ថបទ​កំណាព្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចូលរួម​ទស្សនា​យ៉ាង​កុះករ​នូវ ​ឆាកប្រយុទ្ធ​មួយ រវាង ផាន់ ជុំ និង អ្នក ចាន់​។ ទម្លាប់ និង ប្រពៃណី​របស់​អ្នក​គុន​និយម​ខ្មែរ​ដែល​រៀបរាប់​ខាងលើនេះ​មកដល់​បច្ចុប្បន្ន​ រលាយ បាត់បង់​ស្ទើរ​គ្មាន​សល់​។

ការថ្វាយ​បង្គំ​គ្រូ​ដែល​នៅសល់​ដល់​សព្វថ្ងៃ​នេះហើយ​ដែល​អ្នក​ប្រដាល់​តែងតែ ​ប្រព្រឹត្តិ​នៅពេល​ឡើងដល់​សង្វៀន​មុនពេល​ប្រកួត​ចាប់ផ្ដើម​នោះ គឺជា​មរតក​នៃ​ពិធី​បង្កក់​ប្រសិទ្ធ​ដែល​ចាស់ៗ​ពី​ដើម​តែងតែ​ធ្វើ​មុនពេល​ ប្រកួត​គ្នា​ម្ដងៗ ៕

អត្ថបទ៖ CEN    |     រូបថត៖  ភ្នំពេញ ប៉ុស្តិ៍

3 responses to “​ប្រវត្តិ​សិល្បៈ ក្បាច់គុន​ខ្មែរ​

  1. ធ្លាប់ហាត់ប្រដាល់អត់?

  2. ក្បាច់បុរាណយើងល្បីតាំងពីសម័យមុខអង្គរ យើងខ្មែរជួយខ្មែរ សង្ឍិមថាអរិយធម៌មិនសាមសូន្យ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s