​ស្វែងយល់ ពី​ក្បាច់គុន​ខ្មែរ​ទាំង១២មេ

តាម​ការស្រាវជ្រាវ​តៗ​គ្នា​នោះគេ​សង្កេតឃើញថា ក្បាច់គុន​របស់​ខ្មែរ​យើង​មាន​មេគុន​ចំនួន ១២ ផ្ដុំ​បញ្ចូល​គ្នា ហើយ​មេគុន​មួយ គឺជា​ស្នៀត ដែល​ស្នៀត​ទាំងនោះ​សុទ្ធ​តែ​មាន​ លក្ខណៈពិសេស​និង​ដោយឡែក​របស់​វា​។​ ពេលនេះ​យើង​ សូម​លើកយក​មេគុន​មួយៗ ​​មក​​បង្ហាញ​។

១. មេ​សម អាច​ហៅថា មេ​ស្រប៖
នេះ​ជា​មេ​ទីមួយ​ក្នុងចំណោម​មេ​ទាំង ១២​។ ការកំណត់​ឈ្មោះថា​មេ​សម ឬ មេ​ស្រប នេះ គឺ​ដោយហេតុថា ជំ​ហ៊រ​ប្រ​យុ​ទ្ទ​ដៃ និង ជើង​ស្ថិតក្នុង​ជំ​ហ៊រ​ស្របគ្នា​។ ទម្រង់​ចេញ​ដំបូង គេ​ឈរជើង ២​ទ​ន្ទី​ម​គ្នា ដាក់​ដៃ​ស្រប​និង​ខ្លួន បន្ទាប់មក​ដៃស្ដាំ និង​ជើង​ស្ដាំ​បោះ​ទៅមុខ​ស្របគ្នា​ដងខ្លួន​រាង​អោន​បន្ដិច ដោយ​ដៃ​ឆ្វេង​ដាក់​ក្រោម​ទ្រូង​។​ទម្រង់​ដដែល​នេះ គេ​អាច​អនុវត្តន៍​ខាងឆ្វេង​ក៍បាន ទៅមុខ ឬ ទៅក្រោយ​ក៍បាន​។ បើ​ឈាន​ទៅមុខ​ទោះ​ឆ្វេង​ក្ដី​ស្ដាំ​ក្ដី​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ ​ជើង​មុខ ៦០ ភាគរយ តែបើ​ឈាន​ថយ​​​ក្រោយ​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ​ជើង​ក្រោយ ៦០ ភាគរយ​វិញ​។​ក្នុង​ទម្រង់​មេ​សម​​នេះ មិនមាន​ប្រើ​ជើងទេ ចលនា​ពិសេស គឺ​កណ្ដាប់ដៃ​ហើយ​ទម្រង់​ប្រយុទ្ធ និង​ជំ​ហ៊រ​ប្រយុទ្ធ​អាច​ផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព​នៃ​គូប្រកួត​។ ការផ្លាស់ប្ដូរ​ជំ​ហ៊រ​នេះ មិន​រាប់​ថា ជា​មេ​សម​ទេ ព្រោះ​វា​មាន​លក្ខណៈ​ជា​ទម្រង់​ផ្សេង​មួយ​វិញ​ដែល​ខុសពី​ទម្រង់​ដើម​។

២. មេ​ខ្វែង​៖
មេ​ខ្វែង​គឺជា​មេគុន​ទី ២​។ មេគុន​នេះ​មាន​ចលនា​ដៃ និង​ជើង​ខ្វែងគ្នា បើ​ជើង​ស្ដាំ​ទាត់​ទៅមុខ ដៃ​ឆ្វេង​ត្រូវ​បោះ​ទៅមុខ ផ្ទុយទៅវិញ បើ​ជើងឆ្វេង​ទាត់​ទៅមុខ​ដៃ​ដែល​ត្រូវ​បោះ​ទៅមុខ គឺ​ដៃស្ដាំ​។​​ ជាធម្មតា ក្នុង​ចលនា​មេ​ខ្វែង​នេះ ដៃ​ត្រូវ​បោះ​ទៅមុន​ជើង​ជានិច្ច ឯ​ជើង​​លើក​ទាត់​តាម​ក្រោយ​។ ក្នុង​មេនេះ​យើង​សង្កេតឃើញថា ចលនា​មាន​លក្ខណៈ​ទាញ​ចេញពី​មេ​សម គឺ​ដៃ និង ជើង​ស្របគ្នា លុះត្រាតែ​លើកជើង​ទាត់ ទើប​គេ​កំណត់​ហៅថា មេ​ខ្វែង​។ ប៉ុន្ដែ​ក្នុងករណី​ដែល​ជើង​ឈាន​ទៅមុខ​ធម្មតា ដោយ​មិនបាន​លើក​ទាត់​ទេនោះ លុះត្រាតែ​ជើង​ដល់​ចំណុច​គោលដៅ​សិន ទើប​ដៃ​បោះ​ទៅតាម​ក្រោយ​។ ចំណែកឯ​ចលនា​ឈាន​ថយក្រោយ​វិញ គឺ​ខុសពី​ចលនា​ទៅមុខ​។ ជើង​ទាំង​២​ប្រើ​សម្រាប់​​​តែ​ឈាន​ថយក្រោយ  ដោយ​មិនបាន​លើក​ទាត់​ដូច​ចលនា​ទៅមុខ​ទេ ឯ​ដៃ​ទាំង​​២ ប្រើ​សម្រាប់តែ​រង គឺ​ដៃស្ដាំ​វា​ទៅ​ចុះក្រោម​រងជើង​ស្ដាំ ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​រង​ដៃ​ឆ្វេង​។ ចលនា​នេះ​គេ​ហៅថា ចលនា​ទំនាក់ទំនង​គ្នា​រវាង​មេ​ខ្វែង និង មេ​ខ្វែង​។

៣. មេ​ឆៀង​កណ្ដៀត​៖
ជា​មេគុន​ទី ៣ បន្ទាប់ពី​មេ​សម និង មេ​ខ្វែង​។ មេនេះ​មាន​ចលនា​ដើរ​ទាប​បែប​ដំណើរ​ក្ដាម​ដាំ​យក​ចំហៀង​ខ្លួន​ទៅមុន​។ ទម្រង់​ចេញ​ដំបូង​គេ​ដាក់​ដៃ​ទាំង ២ ផ្គុំ​ចូលគ្នា​ដោយ​ ដងខ្លួន​ជំរុល និង សង្កត់ធ្ងន់​ទៅលើ​ជើង​មុខ  រួច​គេ​ឈាន​ជើង​ស្ដាំ​មួយ​ជំហាន​មក​មុខ ហើយ​បន្ទន់​កាយវិការ​ដូច​អង្គុយ​ចោងហោង​ទៅលើ​កែងជើង​ឆ្វេង ឯ​ដៃស្ដាំ​ដាក់​លើ​ជង្គង់​ស្ដាំ កែងដៃ​ច្រត់​ពីលើ​ជា​របៀប​រង​បន្ទាប់​គេ​បោះ​ជើងឆ្វេង​ទៅមុខ​ដោយ​វាត់​​ដៃ​ស្ដាំ​​​ទៅជា​មួយ​។ ចលនា​នេះ​រាង​ខ្ពស់ជាង​មុន​បន្ដិច ឈរ​ជា​របៀប​ច្រក​កៀវ​ដោយ​ទម្ងន់​​ខ្លួន​សង្កត់ធ្ងន់​លើ​ជើង​ទាំង ២ ដៃស្ដាំ​ត្រូវដាក់​នៅត្រឹម​ចង្កេះ ដៃ​ឆ្វេង​ត្រូវ​ដាល់​ទៅ​មុខ ដោយ​ឲ្យ​កណ្ដាប់ដៃ​មាន​កំពស់​ស្មើ​និង​ក្បាល​។ គេ​ធ្វើ​របៀបនេះ​ដោយ​ប្ដូរ​ពីឆ្វេង​មក​​ស្ដាំ ពីស្ដាំ​ទៅ​ឆ្វេង ឬ ពីមុខ​មក​ក្រោយ​ដូចគ្នា​។ ចលនា​បែបនេះ ទើប​គេ​សន្ម​ត់​ហៅថា មេ​ឆាំង​កណ្ដៀត​។ មេនេះ​គេ​ប្រើ​សំរាប់​រង​ទម្ងន់​ជើង​ដែល​ទាត់​មកលើ​ខ្លួន​ទាំង​ឆ្វេង ស្ដាំ​។

៤. មេ​រះ​ផ្កាស្វាយ​៖
ជា​មេគុន​ទី ៤ បន្ទាប់ពី​មេ​ឆៀង​កណ្ដៀត​។ មេនេះ​មាន​ចលនា​ដើរ​ទាប​ដូច​មេ​ឆៀង​កណ្ដៀត​ដែរ ប៉ុន្ដែ​មិនមែន​ដំណើរ​ក្ដាម​បែប​ចំហៀង​ទេ គឺជា​ដំណើរ​ទៅមុខ ឬ ទៅ​ក្រោយ​​​​តាមរបៀប​អង្កុញ​ជង្គង់​។ ទម្រង់​ដំបូង​ចេញ​ជា​របៀប​ក្ដាប់ដៃ​រួច​បន្ទន់​ជង្គង់​ទាំង ២ ជើងឆ្វេង​ឈានទៅ​មុខ​ជើង​ស្ដាំ ឯ​ដៃស្ដាំ​លើក​ជា​របៀប​រង ដៃ​ឆ្វេង​ដាក់​ត្រឹម​ចង្កេះ​រាង​ជ្រុល​ទៅមុខ​បន្ដិច​។ ទម្រង់​បន្ទាប់ គឺ​ជើង​ស្ដាំ​ប្ដូរ​ទៅមុខ​ជើងឆ្វេង ឯ​បាតដៃ​ស្ដាំ​​ត្រូវ​​លា​រួច​លើក​ទះ​ទៅ​ផ្នែក​ខាងមុខ បាតដៃ​ឆ្វេង​ទះ​ទៅមុខ​ដែរ ប៉ុន្ដែ​ផ្នែក​ខាង ក្រោម​​។ ក្នុងការ​ប្ដូរ​ជំហាន​ជើង​ទៅមុខ​ដៃ​ឆ្វេង​ត្រូវ​ទះ​ខាងលើ ឯ​ដៃស្ដាំ​ត្រូវ​ទះ​ខាង​ក្រោម​​​វិញ​។ ចលនា​នេះ​គេ​អនុវត្តន៍​ទៅមុខ​ទៅក្រោយ​ដូចៗ​គ្នា​។ ដៃ​គេ​ដូរ​ពី​ការ​ទះ​មក​បង្វិល​ជា​របៀប​កន្លះរង្វង់​ទៅមុខ​ដោយ​លា​បាតដៃ​ហើយ ​រះ​ពីក្រោម​ឡើង​ទៅលើ​វិញ​​។

៥. មេ​បី​កង់ ឬ មេ​បី​ជាន់​៖
ជា​មេគុន​ទី ៥ បន្ទាប់​មេ​រះ​ផ្កាស្វាយ​។ មេនេះ​តាមពិត​គេ​បំបែក​ចេញពី​មេ​សម គេ​អាច​ហៅថា ចលនា​មេ​សម​រហ័ស​ក៍​បានដែរ​។ បានជា​ហៅ​ដូច្នេះ​ដោយហេតុថា ចលនា​ដៃ​ដាល់​ទៅមុខ​គឺ ពីរដង​ផ្ទួនៗ​គ្នា សំដៅទៅ​មុខ​មួយ​និង​ដើមទ្រូង​មួយ ឯជើង​ត្រូវ​លើក​ទាត់​ឡើង​ទៅលើ​។ ត្រង់នេះ​មានន័យថា ក្នុង​រយៈពេល​តែមួយ​គេ​អាច​វាយ​បាន ៣ ចំណុច គឺ​ជើង​ទាត់​មួយ​ចំណុច និង​ដៃ​ដាល់​ទៅមុខ​ផ្ទួនគ្នា​ពីរ​ចំណុច​ទៀត​។ ចំពោះ​ចលនា​​ផ្សេងៗ​ទៀត​សូម​មើល​ទម្រង់​មេ​សម​។

៦. មេ​មុខឈ្នាង​៖
ជា​មេគុន​ទី ៦ បន្ទាប់ពី​មេ បី ជាន់​។ ការកំណត់​ឈ្មោះ​ហៅថា មុខឈ្នាង គឺ​មកពី​មេ​នេះ​​​គេ​មិន​យក​កណ្ដាប់ដៃ​ដាល់​ទៅមុខ​ដូច​មេ​ដទៃ​ទេ គឺ​យក​ស្មង និង ទ្រនង់​ដៃ​កាប់ ឬ រង​គូសត្រូវ​។ មេនេះ​មាន​ទម្រង់​ឈានទៅ​មុខ​ទៅក្រោយ ដោយ​ប្ដូរ​ពីឆ្វេង​ទៅ​ស្ដាំ​ដូច​​​មេ​សម​ដែរ ប៉ុន្ដែ​ខុស​ត្រង់​ជំហរ និង ដងខ្លួន​រាង​ទ្រេត​ទៅមុខ​បន្ដិច ដោយ​ចលនា​ជម្រុល​​ហើយ​សង្កត់​ធ្ងន់​ទៅលើ​ជើង​មុខ​។ ក្នុង​ចលនា​នេះ​ស្មា​ទាំង ២ ត្រូវដាក់​ឲ្យ​ស្រប និង​ដងខ្លួន ឯ​ដើមទ្រូង​ត្រូវ​ពើង​ទៅមុខ​ជានិច្ច​ដែរ​។ មេនេះ​គេ​ប្រើ​សម្រាប់​កាប់ ឬ រង​ស្មងជើង​របស់​គូសត្រូវ​ដែល​ទាត់​មក​ចំ​ពីមុខ​ខ្លួន​។

៧. មេ​ឆ្មា​ក្រាប​៖
ឆ្មា​ក្រាប គឺជា​ឈ្មោះ​មេគុន​ទី ៧ ក្នុងចំណោម​ទាំង ១២ មេ​។ ទម្រង់​នៃ​មេ​ឆ្មា​ក្រាប​នេះ យើង​សង្កេតឃើញ​មាន​លក្ខណៈ​ទាប​ជាង​ចលនា​មេគុន​ដទៃទៀត​ដោយ​កាយវិការ​ទាំង​មូល​ ពឹងផ្អែក​ទៅលើ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទីកន្លែង ឯ​ដងខ្លួន​អោន​ទ្រេត​ទៅ​មុខ​ស្ទើរ​ដល់​ដី​។ របៀប​ចេញ​ជាដំបូង​គេ​លុតជង្គង់​ផ្ទាល់ និង​ដី​រាង​បញ្ឆិត​ទៅ​ស្ដាំ​បន្តិច​ ហើយ​ដងខ្លួន​អង្គុយ​ទៅលើ​ជើង​ទាំង ២ ដោយ​ដៃស្ដាំ​ដាក់​លើ​ភ្លៅ​ស្ដាំ​ឯ​ដៃ​ឆ្វេង​ដាក់​​លើ​ជង្គង់​ឆ្វេង​។ ទ្រង់ទ្រាយ​របៀបនេះ​គេ​ហៅថា ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប​។ លុះ​បន្ទាប់​មក​ទៀត​ដងខ្លួន​ត្រូវ​អោន​ទៅមុខ​ក្បាល​ត្រូវ​ងើយ​បន្តិច​ជង្គង់​ ឆ្វេង​ដកថយ​ក្រោយ ដៃស្ដាំ​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង ឯ​ដៃ​ឆ្វេង​ត្រូវដាក់​នៅ​ខាងក្រោម​ទ្រូង​។​ លុះ​ដល់​​ចលនា​​ឆ្វេង​​ដងខ្លួន​អោន​ មក​មុខ​ក្បាល​ងើយ​បន្តិច​ដដែល ជង្គង់​ស្ដាំ​ដកថយ​ក្រោយ​ជំនួស​ជង្គង់​ឆ្វេង ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង​ហើយ​ដៃស្ដាំ​ត្រូវ​ដាក់​​នៅ​ខាងក្រោម ​ទ្រូង​វិញ​។ ក្នុង​ទម្រង់​មេ​ឆ្មា​ក្រាប​នេះ ចលនា​នីមួយៗ​ប្រព្រឹត្តិ​ទៅ​ស្រប​គ្នា​ក្នុងពេល​តែមួយ​ទាំង​ឆ្វេង​ទាំង​ស្ដាំ ឬ ទៅមុខ ទៅក្រោយ​គឺ​ដូចគ្នា​ទាំងអស់​។ ប៉ុន្តែ​​ក្នុង​ទម្រង់​មេនេះ​ដដែល​យើង​សង្កេតឃើញ​ចលនា​មាន​លក្ខណៈ​ខុសប្លែក​ ពី​មេ​គុន​​ដទៃទៀត ត្រង់​ដែលថា គេ​ធ្វើ​ចលនា​ថយក្រោយ​មុន​ចលនា​ទៅមុខ​។

៨. មេ​ក្រពើ​ហារ​៖
ក្រពើ​ហារ ជា​ឈ្មោះ​ក្បាច់គុន​ទី ៨ ក្នុងចំណោម​ទម្រង់​មេគុន​ទាំង ១២​។ មេនេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា និង មេ​បី​ជាន់​ដែរ ប៉ុន្តែ​ខុស​ត្រង់​គេ​ប្ដូរ​ពី​ចលនា​លើកជើង​ទាត់​មក​ជា​របៀប​លើក​អុក​ដោយ​ ជង្គង់​វិញ ចំណែកឯ​ដៃ​ក៍​យ៉ាង​ដូច្នោះ​ដែរ ពោល គឺ កែង​ដៃ​អុក​ចុះក្រោម​ហើយ​ជង្គង់​អុក​ឡើងលើ​។ បើសិនជា​គេ​ចេញ​កាយវិការ​របៀប​ដូច​ពោល​​ខាងលើនេះ យើង​ពិនិត្យមើល​ចាប់ពី​ចំណុច​កែងដៃ​ដល់​កណ្ដាប់​ដៃ និង ពី​ជង្គង់​​ដល់​ចុង់ជើង​នោះ​និង​ឃើញ​លក្ខណៈ​ទាំង ២ នេះ​ដែល​គេ​សន្មត​ហៅថា ក្រពើ​ហារ​។ ការ​សន្មត​យ៉ាង​ដូច្នេះ​ដោយហេតុថា កែងដៃ និង​ជង្គង់​បត់​ចូល​រកគ្នា​បណ្ដាល​ឲ្យ​ចុងដៃ និង​ចុងជើង​ងាយ​ចេញ​មើលទៅ​ទំនង​ដូច​ក្រពើ​ហារ​មែន​។ ចំពោះ​ចលនា​ឆ្វេង ស្ដាំ ឬ ទៅមុខ ទៅក្រោយ​សូម​មើល​ទម្រង់​មេ​សម​។

៩. មេ​ល្បុក្កតោ​៖
ជា​មេគុន​ទី ៩ បន្ទាប់ពី​មេ​ក្រពើ​ហារ​។ មេនេះ​តាមពិត​មិនមែនជា​ក្បាច់​ដៃ​ទេ គឺ​បច្ចេក​ទេស​​មួយបែប​ដែល​គេ​ប្រើ​ជាមួយនិង​ដំបង​មួយគូ​ហៅថា ល្បុក្កតោ​។ មេ​ល្បុក្កតោ​នេះ ក្នុង​ចលនា​ឆ្វេង​ស្ដាំ ឬ ទៅមុខ​ទៅក្រោយ គឺ​ជំហរ​ដងខ្លួន និង ទម្ងន់​ជើង​នៅតែ​រក្សា​ជា​របៀប​ជម្រុល​ទៅមុខ​ដដែល​។

១០. មេ​ស្រងែ​ពេន​៖
ស្រងែ​ពេន គឺជា​ទម្រង់​ក្បាច់គុន​ទី ១០ ក្នុងចំណោម​មេគុន​ទាំង ១២​។ មេនេះ​គឺជា ចលនា​​នៃ​ការបត់បែន​ដងខ្លួន​ដៃ និង ជើង​ឲ្យ​មាន​កាយវិការ​ទន់ភ្លន់ និង រស់​រវើក​ទៅតាម​ចង្វាក់​នៃ​មេគុន​។ ចលនា​ទាំងមូល​ពឹងផ្អែក​ទៅ​លៃ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​គោលដៅ​ដូច​មេ​ឆ្មា​ក្រាប​ដែរ ប៉ុន្ដែ​ដងខ្លួន​មិន​ត្រង់​ទេ គឺ​រាង​ទ្រេត​ទៅមុខ ដោយ​ចង្កេះ​អ៊ែន​បន្តិច ហើយ​ដើមទ្រូង​ពើង​ឡើង ឯ​ក្បាល​ងើយ​ទៅមុខ​។ ម្រាមដៃ​ដែល​រះ​ឡើង​ទៅលើ​ទំនង​ដូច​ចលនា​ទី ៣ ក្នុង​ទម្រង់​ក្បាច់គុន​មេ​រះ​ផ្កាស្វាយ ប៉ុន្តែ​ខុស​ត្រង់​បាតដៃ​ដែល​លា​នោះ គឺ​ផ្ងារ​ទៅមុខ ឯ​ម្រាម​បិទ​ជិត​ហើយ​ពត់​ងើយ​ឡើង​ទៅលើ​។ ទម្រង់​ចេញ​ជាដំបូង​ក្នុង​មេ​ស្រងែ​ពេន​នេះ​គេ​ទម្លាក់​ជង្គង់​ទាំង ២ ផ្ទាល់​ដី របៀប​ដូច​ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប បន្ទាប់មក​ជង្គង់​ស្ដាំ​បោះ​ទៅមុខ​ជង្គង់​ឆ្វេង​កន្ធែក​ចេញ​ខាង​រាង​ទាញ​មក​ ក្រោយ ឯ​បាតដៃ​ស្ដាំ​លា​ហើយ​រះ​ទៅមុខ (​កែងដៃ​បង់​បន្តិច​) ដោយ​ឲ្យ​ម្រាមដៃ​មាន​កំពស់​ស្មើ និង​ក្បាល ឯ​បាតដៃ​ឆ្វេង​ត្រូវ​លា​ចុះក្រោម​ហើយ​ដាក់​ត្រឹម​ចង្កេះ​។ ចលនា​នេះ​ទៅមុខ​ទៅក្រោយ ឬ ឆ្វេង ស្ដាំ គឺមាន​លក្ខណៈ​ស្មើៗ​គ្នា​។ ក្នុង​ការចេញ​មេ​ស្រងែ​ពេន​នេះ គេ​ប្រយ័ត្ន​បន្តិច គឺ​កាលណា​ខុស​និង​របៀប​ខាងលើ អាច​ច្រឡំ​គ្នា និង មេ​ឆ្មា​ក្រាប​បានដែរ ព្រោះ​កាយវិការ​ក្នុងការ​ផ្លាស់ប្ដូរ​ទីកន្លែង​ពឹងផ្អែក​ទៅលើ​ជង្គង់​ ដូចគ្នា ឯ​ដៃ​បោះ​ឡើង​ទៅលើ និង​ដងខ្លួន​អោន​ទៅមុខ​ដូចគ្នា​ដែរ​។ នៅក្នុង​ចលនា​មេ​ស្រងែ​ពេន​ដដែល​នេះ ទម្ងន់​ដងខ្លួន ៧០ ភាគរយ ត្រូវ​សង្កត់​លើ​កែងជើង នៃ​ជង្គង់​ខាងមុខ​ជានិច្ច​។

១១. ចោល​កូនតឹង៖
ចោល​កូនតឹង ជា​ឈ្មោះ​មេគុន​ទី ១១ បន្ទាប់ពី​មេ​ស្រងែ​ពេន​។ មេ​នោះគេ​ប្រើ​ជាមួយ​ឧបករណ៍​ម្យ៉ាង​ធ្វើ​ពី​ដែក ឬ សំណ​មួយគូ ហៅថា កូនតឹង វា​មាន​ទំហំ​ធំ​ជាង​មេជើង​បន្តិច ដែល​ល្មម​នឹង​អាច​ក្ដាប់បាន​ក្នុង​បាតដៃ​។ គេ​ចង​កូនតឹង​ភ្ជាប់​ទៅ​ចុង​ខ្សែ​ម្ខាង ប្រវែង​​ប្រមាណ ពី ៤ ទៅ ៥ ដេ​ស៊ី​ម៉ែត្រ ឯ​ចុង​ម្ខាង​ទៀត​កាន់​នៅ​និង​ដៃ​សម្រាប់​លើក​គ្រវី​ចុះឡើង​។ បើ​យើង​ប្រៀបធៀប មេ​ចោល​កូនតឹង ទៅ​និង​ក្បាល​ដំបង​សម័យ​ឥឡូវ​នេះ គឺ​ស្រដៀង​គ្នា​និង​គុនដំបង​ពីរ​កំណាត់​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា ដំបង​មួយគូ​ជាប់​គ្នា​ដោយ​ចុង​ខ្សែ​តែមួយ ឯ​កូនតឹង​មួយគូ​វិញ​មាន​ខ្សែ​ដាច់​គ្នា​ស្រឡះ គឺ​មួយ​សំរាប់​គ្រវី​ខាងស្ដាំ ហើយ​មួយទៀត​សំរាប់​គ្រវី​ខាងឆ្វេង​។ ក្នុងការ​ចោល ឬ គ្រវី​នេះ​ចុង​ខ្សែ​នៃ​កូន​តឹង ត្រូវ​ចង​ឲ្យ​ជាប់​ទៅ​និង​កងដៃ ឬ បាតដៃ​ដើម្បី​ការពារ​កុំ​ឲ្យ​របូត​ចេញ ឯ កូនតឹង​ត្រូវ​ក្ដាប់​ក្នុង​បាតដៃ ហើយ​ពេល​មាន​សត្រូវ​គេ​ចោល​ទៅមុខ​សំដៅ​សត្រូវ ឬ គ្រវី​ចុះឡើង​ដើម្បី​ការពារ​ខ្លួន​។

ចំពោះ​បច្ចេកទេស​នៃ​ការ​គ្រវី​នេះ វា​អាស្រ័យទៅលើ​ភាព​ប៉ិនប្រសប់​របស់​អ្នក​ប្រើ​​ប្រាស់​ កូនតឹង​នេះ​តែម្ដង​។ ចំណែក ឯ​ទម្រង់​ចេញ​បើសិនជា​គេ​ប្រើ​ដៃស្ដាំ​នោះ​ជង្គង់​ស្ដាំ​ត្រូវ​លុត​ផ្ទាល់​ ដី ឯ​ជង្គង់​ឆ្វេង​បញ្ឈរ​ទៅមុខ ដងខ្លួន​រាង អោន​ហើយ​ពើងទ្រូង​ងើយ​មុខ​ឡើង​។ ដៃ​ដែល​បោះ​ទៅមុខ គឺ​ត្រូវ​ចោល​កូនតឹង​រួច​កញ្ឆក់​មកវិញ ឬ ក៍​គ្រវី​ចុះ​ឡើង​​​ទៅតាម​ភាព​ប៉ិនប្រសប់​របស់ខ្លួន និង​ទៅតាម​គោលដៅ​ដែល​ខ្លួន​ចង់​វាយ​ប្រហារ​។​ កូនតឹង​នេះ ជួនកាល​គេ​អាច​ប្រើ​ដៃ​ទាំង ២ ព្រម​គ្នា ដើម្បី​គ្រវី​ពីក្រោយ​ទៅ​មុខ ពីឆ្វេង ទៅ ស្ដាំ ឬ ពីស្ដាំ​ទៅ​ឆ្វេង​វិញ​ក៍​បានដែរ​។

១២. មេ​ចោល​កូនកាំបិត​៖
នេះ​ជា​មេ​ទី ១២ និង​ជា​មេ​ចុងក្រោយ​គេ​បង្អស់​។ បច្ចេកទេស​ក្នុងការ​ចោល​កូនកាំបិត​នេះ គេ​បំបែកចេញ​ជា ៣ របៀប​។

របៀប​ទី ១ ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ ក និង ស្មា គេ​ហៅថា ផ្នែក​ខ្ពស់​។ ទម្រង់​នេះ​មាន​ជំហរ​ជម្រុល​ទៅមុខ​សង្កត់​លើ​ជើង​ឆ្វេង ឯជើង​ស្ដាំ​ឈាន​មក​ក្រោយ​ដោយ​ជម្ទើ​ត​កែងជើង​ឡើង ឯ​ដៃ​ឆ្វេង​ដាក់​ស្រប​និង​ដងខ្លួន ដៃស្ដាំ​កាន់​ចុង​កូនកាំបិត​រួច​លើកចោល​ទៅក្រោយ​តាម​ចន្លោះ ក លើស្មា​ឆ្វេង​។

របៀប​ទី ២ គេ​ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ​ឃ្លៀក ហៅថា ផ្នែក​កណ្ដាល​។ ផ្នែក​នេះ​កាយវិការ​ជើង​ដូច​ចលនា​ទី ១ ដែរ ប៉ុន្ដែ​ខុស​ត្រង់​កាយវិការ​ដៃ គឺ​ដៃ​ឆ្វេង​ត្រូវ​លើក​បត់​ហើយ​ក្ដាប់​មក​មុខ​របៀប​ចំហរ​ឃ្លៀក ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ទៅ​ក្រោយ​តាម​ចន្លោះ​នេះ​។

របៀប​ទី ៣ ហៅថា ផ្នែក​ទាប គេ​លុតជង្គង់​ស្ដាំ​ផ្ទាល់​ដី​បញ្ឈរជង្គង់​ឆ្វេង​ទៅមុខ ដៃ​ឆ្វេង​ដាក់​លើ​ជង្គង់​ឆ្វេង ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ពីក្រោម​ជង្គង់​ទៅ​ក្រោម ៕

ប្រភព៖ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s