សត្វ​អណ្តើក​ក្នុង​វប្បធម៌​ខ្មែរ


សម្រាប់​ប្រជាជន​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ជាទូទៅ​និង​ដោយឡែក​នៅ ក្នុង​​ប្រទេស​​ក​ម្ពុ​ជា សត្វ​អណ្តើក​ដែលមាន​អាយុ​វែង​ជាងគេ ក្នុង​បណ្តា​សត្វ​ទាំងឡាយ គឺ​​តំណាង​​ឲ្យ​ភាព​យឺនយូរ​នៃ​ជីវិត ឬ​ភាព​អមតៈ។ ហេតុ​ដូច្នេះហើយ ឋានៈ​របស់​សត្វ​អណ្តើក ក្នុង​ប្រព័ន្ធ​ជំនឿ​សាសនា​បែប​ជី​វច​ល​និយម ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​ដែល​មាន​បុណ្យ​បារមី គួរ​ឲ្យ​ទុក​ជាទីគោរព​សក្ការៈ ។ លើសពីនេះ​ឋានៈ​នៃ​សត្វ​នេះ ក៏​ត្រូវ​​លើកតម្កើង​ស្មើនឹង​ព្រះអាទិទេព។​

​ម្យ៉ាងវិញទៀត ដោយសារតែ​សត្វ​នេះ​មាន​ជើង​បួន អាច​រស់នៅក្នុង​ទឹក​ក៏ដូចជា​នៅ​លើ​​​គោក អណ្តើក​តំណាង​ឲ្យ​ផែនដី ឬ​ស្ថេរភាព​នៃ​ដែនដី។ ខាងលើនេះ​គឺជា​ទស្សនៈ​សកល​ជុំវិញ​សត្វ​អណ្តើក ។​

​ពិត​ដូច​ទើប​ពោល​ខាងលើ​មែន សម្រាប់​អ្នកស្រុក​ភូមិ​ខ្មែរ​មានជំនឿថា ការដែល​លែង​អណ្តើក​ក្នុង​ស្រះ បឹងបួរ ឬក៏​ទន្លេ មិន​គ្រាន់តែ​នាំមក​នូវ​បុណ្យ​កុសល ដោយ​ប្រែកាយ​ចិត្ត​ឲ្យ​បាន​ស្អាត​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ អាច​បន្ត​អាយុ​វែង​មួយកម្រិត​ទៀត។ ចូរ​យើង​មើល​លក្ខណៈ​មួយទៀត នៃ​សត្វ​អណ្តើក តាមរយៈ​ឧទាហរណ៍​ជាក់​ស្តែង​មួយចំនួន។​

យ័ន្តខ្មែរ សម្រាប់ធានានិរន្តភាពនៃផ្ទះសំបែង ​

ភស្តុតាង​ខាង​បុរាណវិទ្យា នៅ​ទីក្រុង​អង្គរធំ សម័យ​វប្បធម៌​បាយ័ន ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ថា មានការ​កប់​សត្វ​អណ្តើក ធ្វើ​អំពី​សំណ​នៅ​ទិស​ទាំង​បួន​ក្នុង​អតីតកាល។ សត្វ​អណ្តើក​​ដែល​គេ​កប់​ទាំង​បួន​ទិស​នោះ គឺជា​និមិត្តរូប​នៃ​ជ័យ​ចេស្តា ឬ​មហិទ្ធិឫទ្ធិ​របស់​សត្វ​អណ្តើក ក្នុងការ​ថែរក្សា​មូលនិធិ​សាសនា ឲ្យ​ស្ថិតស្ថេរ​ជា​និរន្ត។ នេះ​ជា​ហេតុផល​ដែល​បាន​នាំ​ឲ្យ​ខ្មែរ​នា​សម័យបុរាណ យក​សត្វ​អណ្តើក​ទៅ​កប់​នៅ​គ្រប់​ទិស​ទាំង​បួន។

​មួយ​ផ្សេងទៀត នៅក្នុង​ការ​កូរ​សមុទ្រ​ទឹកដោះ សូម​ជម្រាប​ផងដែរ​ថា ការរកឃើញ​សត្វ​អណ្តើក​ទាំងនោះ នៅ​ទីក្រុង​អង្គរ គឺជា​ព្រឹត្តិការណ៍​មួយ​យ៉ាងសំខាន់ មានន័យថា ទឹកដី​ដែលមាន​វត្តមាន​របស់​សត្វ​អណ្តើក គឺ​ត្រូវ​ស្ថិតក្នុង​អំណាច​របស់​សត្វ​អច្ឆរិយៈ​ខាងលើនេះ ហើយនឹង​ត្រូវ​បានការ​ពារ​ជា​រៀងរហូត ។​

​យោងតាម​របកគំហើញ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា អណ្តើក​ជាច្រើន​ធ្វើ​អំពី​ដី​ដុត ត្រូវបាន​គេ​ជួបប្រទះ​នៅ​ខេត្តសៀមរាប​និង​បុរីរម្យ។ ចំពោះ​យើង ចំពោះ​សត្វ​អណ្តើក​សម័យអង្គរ​ទាំង​នោះ យើង​ត្រូវ​សម្លឹងមើល​ខាង​សម្ភារៈ​សង្គម ជាង​ខាង​សាសនា។ ព្រោះ​ថា មនុស្ស​បុរាណ​ខ្មែរ​ប្រើ​ភាជន៍ មាន​រាង​ជា​អណ្តើក​ទាំងនោះ សម្រាប់​ផ្ទុក​កំបោរ ឬ​ជា​តុក្កតា​សម្រាប់​ក្មេង​លែង​តែប៉ុណ្ណោះ។ ជាងនេះទៅទៀត គេ​បាន​រកឃើញ​សន្លឹក​មាស​ស្តើងៗ ជាច្រើន​នៅ​ម្តុំ​អូរ​កែវ និង​នៅ​ទីក្រុង​អង្គរបុរី ដែល​គេ​បានដាក់​ក្នុង​បាត​ប្រាសាទ ក្នុងពេលដែល​គេ​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីមា។​

​ដូចនេះ យើង​បាន​ស្គាល់​ន័យ ឬ​និមិត្តរូប​នៃ​សត្វ​អណ្តើក​តាមរយៈ​ពិធី​កម្ម​ខាងលើនេះ​យ៉ាង​ប្រាកដ។ អ្វីដែល​ទើប​ពោល​កាន់​តែមាន​ច្បាស់លាស់​ថែមទៀត កាលបើ​យើង​ដឹង​ថា តាម​ស្រុកភូមិ​ខ្លះ​មាន​ជំនឿ​លើ​អ្នកតា​អណ្តើក។​

​នៅ​ទីបញ្ចប់​សូម​ជម្រាប​ផងដែរ​ថា ការនិយម​យ័ន្ត​អណ្តើក ដោយ​សហគមន៍​ខ្មែរ​នៅ​តាម​លំនៅដ្ឋាន គឺជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ដឹងថា ផ្នត់គំនិត​មិនបាន​ផ្លាស់ប្តូរ​ឡើយ ស្រប​តាម​ទស្សនៈ​ដែល​ធ្លាប់មាន ប្រមាណ​ជា​ពីរពាន់​ឆ្នាំ​មកហើយ។

​សរុបសេចក្តី​មក​គ្មាន​សត្វ​ណា​ដែលមាន​អាយុ​វែង និង​អាចបំពេញ​តួនាទី​ជា​ទម្រ​ផែន​ដី ជាង​សត្វ​អណ្តើក​នោះទេ ហើយ​រហូតដល់​សព្វថ្ងៃ​នេះ អ្វី​ដែលជា​បំណង​របស់​មនុស្ស​លោក ក៏​ពុំទាន់​មាន​អ្វី​មក​ផ្លាស់ប្តូរ​ទស្សនៈ​នេះ​នៅឡើយ៕

(ដោយ៖ ​បណ្ឌិត ម​.​ត្រា​ណេ​)​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s