ការ​លួច​ប្រាក់​តាម​ ATM​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ

តាម​ពិត​ទៅ​រឿង លួច​លុយ​តាមម៉ាស៊ីន ATM នេះមានកើតឡើង​នៅស្រុក​យើងយូរ​មក​ហើយ​ដែរ​​ គ្រាន់​តែ​ម្នាក់ៗ​មិន​បានផ្តល់​ដំណឹង​មកកាន់​សារពត៌មាន​ប៉ុណ្ណោះ។ ខ្លួនខ្ញុំ​ផ្ទាល់​ក៏ធ្លាប់ ត្រូវគេប៉ុន​ប៉ង​លួចបន្លំដែរ តែសំណាងល្អ​ដែលធនាគារ ដែលខ្ញុំ​ដាក់នេះ​ផ្តល់នូវ​សន្តិសុខបានល្អ​ ដោយ​បានទូរស័ព្ទ​មកសួរ មុន​នឹង​អនុញ្ញាតិឲ្យ​ប្រត្តិបត្តិការ​បាន។ ​ខាង​ក្រោម​នេះ​ជា អត្ថបទ​ពត៌មាន​ពី​ ភ្នំពេញ ប៉ុស្តិ៍ ដែលមាន​អត្ថប្រយោជន៍​ដល់អ្នកប្រើប្រាស់​ ប័ណ្ឌឥណទាន ទាំងឡាយ​គួរពិចារណា៖

(រូបថតពី ភ្នំពេញ ប៉ុស្តិ៍)

អ្នក​ប្រើ​ប្រាស់​ ​ATM នៅ​ទីក្រុង​សៀម​រាប បាន​អះ​អាង​ថា ពួក​គេ បាត់​បង់​ប្រាក់​អស់​រាប់​​ពាន់​​ដុល្លារ​អាមេរិក ដោយ​សារ​តែ​ការ​លួច​បន្លំ​លើ​ក្រេឌីត​កាត​​របស់​ពួក​គេ បន្ទាប់​ពី​ដក​​ប្រាក់​​ពី​ម៉ាស៊ីន​ដែល​ដំណើរ​ការ​ដោយ​ធនាគារ​ជា​ច្រើន​នៅ​ កម្ពុជា។

យ៉ាង​ហោច​ណាស់ មាន​មនុស្ស ៤​នាក់ នៅ​សៀម​រាប បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ពួក​គេ បាន​​បាត់​បង់​ប្រាក់​ពី ៥០០ ទៅ ២០០០ ​ដុល្លារ​អាមេរិក កាល​ពី​សប្តាហ៍​មុន ដោយ​អ្នក​ទាំង​​នោះ​ បាន​អះ​អាង​ថា ជន​ក្លែង​បន្លំ បាន​យក​កាត​ថត​ចម្លង​ ទៅ​ប្រើ​សម្រាប់​ដក​ប្រាក់​របស់​ខ្លួន។

លោក​ស្រី Laetitia Cheveux គ្រូ​បង្រៀន​ជន​ជាតិ​បារាំង បាន​បញ្ជាក់​ថា ធនាគារ​ នៅ​ស្រុក​កំណើត​​របស់​លោក​ស្រី បាន​ជូន​ដំណឹង​មក​លោក​ស្រី បន្ទាប់​ពី​កត់​សម្គាល់​ឃើញ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ ទាក់​ទង​នឹង​ក្រេឌីត​កាត​របស់​លោក​ស្រី កាល​ពី​សប្តាហ៍​មុន។

លោក​ស្រី បាន​បញ្ជាក់​ថា៖ «ខាង​ធនាគារ បាន​ទូរស័ព្ទ​មក​ប្តី​របស់​ខ្ញុំ នៅ​បារាំង ដើម្បី​ពន្យល់​អំពី​ការ​ដក​ប្រាក់​ដោយ​ខុស​ច្បាប់​មួយ​ចំនួន ពី​ក្នុង​គណនី​របស់​ខ្ញុំ ដោយ​ប្រើ​លេខ​ក្រេឌីត​កាត​​របស់​ខ្ញុំ។ វា​ជា​កាត​ដែល​ខ្ញុំ​កំពុង​ប្រើ​បច្ចុប្បន្ន។ ត្រង់​នេះ បញ្ជាក់​ថា មិន​មាន​នរណា​លួច​កាត​របស់​ខ្ញុំ​​ឡើយ ប៉ុន្តែ​អ្នក​ដទៃ បាន​លួច​លេខ​កាត​របស់​ខ្ញុំ»។

លោក​ស្រី Cheveux បាន​ឲ្យ​ដឹង​ថា លោក​ស្រី បាន​ដក​ប្រាក់​ចុង​ក្រោយ​ពី​ក្នុង​គណនី​របស់​​លោក​​ស្រី​នៅ​ម៉ាស៊ីន ATM នៅ​មហា​វិថី​ស៊ីវុត្ថា ហើយ​បន្ទាប់​មក​ទៀត ក៏​មាន​ការ​ក្លែង​​បន្លំ​​ដក​ប្រាក់​របស់​លោក​​ ស្រី​នៅ​រាជ​ធានី​​ភ្នំ​ពេញ​ ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​៣ ​និង​ទី​​៤​​ ខែ​មិថុនា​ថ្មី​ៗ​នេះ។

លោក​ស្រី​បន្ត​​ថា​៖​ «​ធនាគារ​របស់​ខ្ញុំ​នៅ​បារាំង​​បាន​ឲ្យ​ដឹង​ថា ​ការ​លួច​ដក​ប្រាក់​​ដោយ​​ខុស​ច្បាប់​នេះ​​​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំ​ពេញ ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ខាង​លើ​ ​ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​នៅ​សៀម​រាប»​។

Phil​ Starling ​ពាណិជ្ជ​ករ​​នៅ​សៀម​រាប ​​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​​បាន​បាត់​បង់​ប្រាក់​ជាង​​២ពាន់​ដុល្លារ​​ដោយ​សារ​ការ​បន្លំ​ កាល​ពី​សប្តាហ៍​មុន​។

លោក​បន្ត​ថា​៖ ​«​កាល​ពី​ថ្ងៃ​៤ ​មិថុនា មាន​ជន​បោក​បន្លំ​បាន​លួច​ចូល​ក្នុង​គណនី​របស់​​​យើង​ដោយ​ប្រើ​កាត​​ATM ​ក្លែង​​ក្លាយ​។​ បន្ទាប់​មក​ពួក​គេ​បាន​ដក​ប្រាក់​​២​ ២០០​ដុល្លារ​តាម​​ម៉ាស៊ីន​ATM​ បី​កន្លែង​ របស់​ធនាគារ​កាណា​ឌីយ៉ា​។​ ហេតុ​ការណ៍​ទាំង​អស់​នេះ​បាន​ធ្វើ​​ឡើង​នៅ​​រាជ​ធានី​ភ្នំពេញ​»។

តាម​លោក ​Starling  ​កាត​ដែល​ត្រូវ​បាន​លួច​ចម្លង​នោះ ​ជា​របស់​​ភរិយា​លោក​ ដែល​បាន​​វិល​ត្រឡប់​មក​សៀម​រាប​វិញ ​បន្ទាប់​ពី​ទៅ​​ក្រៅ​ប្រទេស​បាន​២​ខែ​។

លោក​ស្រី Julie Martinez ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ ក្នុង​ហេតុ​ការណ៍​លួច​បន្លំ​នេះ​បាន​​ឲ្យ​ដឹង​​ថា​ ក្តី​កង្វល់​របស់​លោក​ស្រី មិនត្រូវ​គេ​អើ​ពើ​បន្ទាប់​ពី​លោក​ស្រី​​បាន​ព្យាយាម​​ប្រាប់​​ទៅ​កាន់​អ្នក​ គ្រប់​គ្រង​ធនាគារ​កាណាឌីយ៉ា អំពី​សកម្មភាព​លួច​បន្លំ​ដក​ប្រាក់​​ដ៏​​​គួរ​ឲ្យ​សង្ស័យ​នេះ។ អ្នក​​ស្រី​បាន​ប្រាប់​ថា៖ «ពួក​គេ​បាន​បង្ហាញ​ឥរិយាបថ​តាន​តឹង​​មក​​កាន់​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ហើយ​បិទ​គណនី​របស់​ខ្ញុំ។

ក្រោយ​មក​បុរស​ម្នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​បុគ្គលិក​ផ្នែក​លក់ បាន​​អង្គុយ​ជា​មួយ​​ខ្ញុំ ហើយ​បាន​​​និយាយ​ថា៖​«លោក​​ស្រី​បាន​ដឹង​ហើយ​ថា លោក​​ស្រី ត្រូវ​រក្សា​ការ​សម្ងាត់​នេះ​​បើ​មិន​ដូច្នេះ​ទេ លោក​ស្រី អាច​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​បាន​»។ លោក​ស្រី​បន្ថែម​ថា៖​ «បុរស​រូប​នោះ បាន​ឲ្យ​ដឹង​ថា​​ នៅ​កម្ពុជា​មាន​ច្បាប់ ដែល​យើង​អាច​យក​មក​ពិចារណា​បាន​»​។

មន្ត្រី​នៅ​ធនាគារ​កាណាឌីយ៉ា បាន​ឲ្យ​ដឹង​ថា ពួក​គេ មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ នៅ​​ពេល​ដែល​​ភ្នំពេញ​ប៉ុស្តិ៍​បាន​សួរ​អំពី​រឿង​នេះ​។

លោក ​ឧត្តម​ វ៉េត​ មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​នៅ​ធនាគារ​កាណាឌីយ៉ា បាន​ឲ្យ​ដឹង​ថា លោក​ភ្ញាក់​ផ្អើល​នៅ​ពេល​បាន​ទទួល​ព័ត៌​មាន​នេះ​។ លោក​បាន​បន្ថែម​ថា លោក​បាន​ទាក់​ទង​ទៅ​កាន់​បុគ្គលិក ATM​ ប៉ុន្តែ​ពួក​គេ មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ។

លោក Dieter Billmeier អគ្គ​នាយក​រង​ធនាគារ​កាណាឌីយ៉ា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ធនាគារ​កាណាឌីយ៉ា មិន​បាន​ដឹង​អំពី​ការ​​តវ៉ា​នេះ​ឡើយ។

លោក​បាន​បញ្ជាក់​ថា​៖ ​«​យើង​មិន​បាន​ដឹង​អំពី​ករណី​ដែល​ប៉ះ​ពាល់​ដល់​អតិថិជន​​ប្រើ​ប្រាស់​ កាត​​កាណាឌីយ៉ា​ឡើយ។ ប្រសិន​បើមាន​មែន ​ខ្ញុំ​ប្រាកដ​ជា​ដឹង​ពី​អ្នក​ទទួល​ខុស​ត្រូវ​សុវត្ថិភាព​របស់​យើង​។ ​ម្យ៉ាង​​វិញ​ទៀត ​ប៉ូលិស​ មិន​បាន​ទាក់​ទង​មក​យើង អំពី​ករណី​នេះ​ឡើយ ហើយ​យើង​ក៏​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​លើក​ឡើង​ខាង​ក្នុង​ធនាគារ​របស់​យើង​ ដែរ»​។

ធនាគារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គេ បាន​ដឹង​អំពី​ការ​លួច​បន្លំ​ដក​ប្រាក់​នេះ ហើយ​កំពុង​ចាត់​វិធាន​ការ។

លោក​ Stephen ​Higgins ​អគ្គ​នាយក​ធនាគារ​ ANZ រ៉ូយ៉ាល់ ​បាន​ឲ្យ​ដឹង​ថា ​ធនាគារ​លោក ​បាន​សួរ​ទៅ​កាន់​នគរបាល​​ក្រុង​ភ្នំពេញ ​ដើម្បី​ពិនិត្យ​តាម​ដាន ​លើ​ការ​​ប្រើ​ប្រាស់​កាត​ក្លែង​ក្លាយ​ (កាត​ក្លូន​) ​ ដោយ​ក្រុម​ទំនើង​អាហ្វ្រិក​ ហើយ​ធនាគារ​​លោក ក៏​បាន​ផ្តល់​រូប​ភាព​សមាជិក​ក្រុម​នោះ​ ​ដល់​ប៉ូលិស​ ដើម្បី​ជួយ​ស៊ើប​អង្កេត​​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា​៖​ «​ខណៈ​​ដែល​មាន​ការ​លួច​បន្លំ​ដក​ប្រាក់ គឺ​មាន​ក្រុម​ទំនើង​នៅ​​ទី​នេះ ​ដោយ​ប្រើ​ប្រាស់​ កាត​ក្លូន​ នៅ​ក្រៅ​ប្រទេស​រាប់​បញ្ចូល​ទាំង​ចក្រ​ភព​អង់​គ្លេស​​ដែរ។ រូប​ភាព​ដែល​យើង​មាន បង្ហាញ​ថា ពួក​គេជា​ជន​ជាតិ​អាហ្វ្រិក​»​។

លោក Higgins ឲ្យ​ដឹង​ថា​ព័ត៌​មាន​ដែល​ទទួល​បាន​​ពី ANZ ​​បង្ហាញ​ថា ក្រេឌីត​កាត​ក្លែង​ក្លាយ​ទាំង​នោះ ដែល​ប្រើ​ប្រាស់​ដោយ​ក្រុង​ទំនើង​ទាំង​នោះ។លោក​បាន​បន្ត​ថា៖ «យើង​មិន​បាន​ដឹង​ថា ពួក​គេ​បាន​តាម​ដាន​កាត​របស់​ជន​ណា​ម្នាក់ នៅ​កម្ពុជា​ឡើយ​។ ​បើ​មាន​ក្រុម​នេះ ​តាម​ដាន​គណនី​របស់​នរណា​ម្នាក់​នៅ​ទី​នោះ​វា​កាន់​តែ​គួរ​ឲ្យ​ព្រួយ​ បារម្ភ​ទៅ​ទៀត»​។

លោក​ Higgins បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​ពួក​គេ​ក្លូន​កាត​មែន ឬ​ប្រសិន​ពួក​គេ​ប្រើ​ប្រាស់​​កាត​ក្លូន​ពី​បរទេស​មក​មែន វា​ជា​រឿង​ពីរ​ផ្សេង​គ្នា។ បើ​ពួក​គេ ផលិត​កាត​ក្លែង​ក្លាយ​​មែន​នោះ វា​ជា​​ករណី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​។

ម៉ាឡេស៊ី មាន​បញ្ហា​ដ៏​ធំ ទាក់​ទង​នឹង​ការ​តាម​ដាន​កាត ក្នុង​រយៈ​ពេល​​ថ្មី​ៗ​នេះ ហើយ​​បើ​រឿង​នេះ កើត​ឡើង​នៅ​កម្ពុជា​មែន​នោះ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សកម្ម​ភាព អាក្រក់​សម្រាប់​កម្ពុជា​។ យើង​​ត្រូវ​បញ្ជូន​បញ្ហា​នេះ ទៅ​ឲ្យ​ប៉ូលិស​ស៊ើប​អង្កេត»។

លោក​ ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ ផ្តល់​យោបល់​លើ​បញ្ហា​នេះ។

លោក ​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​​​ក្រសួង​មហា​ផ្ទៃ ​ក៏​មិន​អាច​ទាក់​ទង​​បាន​ដែរ​​​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​​។

លោក​ស្រី ​ងួន ​សុខា ​អគ្គ​នាយក​ និង​​ជា​អ្នក​​នាំ​ពាក្យ​​ធនាគារ​ជាតិ​នៃ​​កម្ពុជា​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​​នៃ​កម្ពុជា​ មិន​​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​៕ CS

ភ្នំពេញ ប៉ុស្តិ៍

3 responses to “ការ​លួច​ប្រាក់​តាម​ ATM​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ

  1. ជារឿង​មួយ​ដែល​គួរឲ្យ​បារម្ភណាស់ ប៉ុន្តែអ្វី​ដែល​នៅ​សោកស្ដាយគឺថា ប្រព័ន្ធសុវត្ថិភាព​របស់​ធានាគារដូច​ជា​នៅ​មាន​កំរិត​នៅ​ឡើយ ព្រោះតាម​ការ​​អាន​អត្ថបទនេះ ដូចជា​ការបន្លំ​មាន​ភាពងាយ​ស្រួល​ពេក​ដោយ​អាច​ប្រើកាត ATM ក្លែងក្លាយ​ក៏​អាច​លួច​បាន​ដែរ។ អរគុណចំពោះការ​ចែក​រំលែក​ពត៌មាន​នេះ!🙂

    • ខ្ញុំក៏ធ្លាប់គេរកលួចបីដងដែរ តែសំណាង​ដែល​ការ​ប៉ុន​ប៉ង​ទាំង​នោះ​បរាជ័យ

  2. Honest Queenie

    គេលួចបានយ៉ាងដូចម្តេចទៅ??

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s