DAP News: Monday, 24 October 2011 16:24 ប្រែសម្រួលដោយ៖ អ៊ឹត ចណ្ណា
ក្នុងចំណោមអច្ឆរិយវត្ថុ សម័យបុរាណ ទាំង៧នៅលើពិភពលោក ប្រាសាទពីរ៉ាមីតជាអច្ឆរិយ វត្ថុពិភពលោកតែមួយគត់ ដែលអាចរក្សានូវរូបរាងដ៏គួរឲ្យស្ញប់ស្ញែង រហូតមកដល់បច្ចុប្បន្ន ទោះបីប្រាសាទនេះត្រូវបានកសាងឡើងតាំងពីជាង២,០០០ឆ្នាំមុនគ្រឹស្តសករាជ មកហើយក៏ដោយ (គួរបញ្ជាក់ថា អច្ឆរិយវត្ថុពិភពលោកនាសម័យបុរាណ ទាំង ៦ផ្សេងទៀត ត្រូវបាត់បង់អស់ទៅហើយ)។
ក្រៅពីភាពអស្ចារ្យនានាដែលអាចឲ្យ យើងមើលឃើញផ្ទាល់ភ្នែក ប្រាសាទពីរ៉ាមីត Giza នេះក៏បានលាក់ ទុកនូវអាថ៌កំបាំង ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលមានមនុស្សតិចតួចណាស់បានជ្រាបពីបញ្ហានេះ។ តើអ្វីទៅជា អាថ៌កំបាំងគួរឲ្យចាប់ អារម្មណ៍ទាំងនោះ?
តើអ្នកដឹងទេថា ព្រះអង្គម្ចាស់ Khufu បានកសាងប្រាសាទពីរ៉ាមីត Giza ដែលជាប្រាសាទមានទំហំធំជាងគេក្នុងចំណោម ប្រាសាទពីរ៉ាមីតនានា តែរូបចម្លាក់ផ្ទាល់របស់ទ្រង់បែរជាមានទំហំតូចជាងគេបំផុតទៅវិញ។ រូបចម្លាក់ព្រះអង្គម្ចាស់ Khufu ដែលត្រូវបានគេរកឃើញកន្លងមក មានកម្ពស់ត្រឹមតែ ៧,៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី មិនមែនមានន័យថា ព្រះអង្គមានរូបរាងតូចដូចរូបចម្លាក់នោះទេ ការពិតទៅ ទ្រង់ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏មានអំណាច មានរូបរាងរឹងមាំ និងគ្មានមេត្តាម្នាក់។
តាមរយៈការពណ៌នាដោយលោក ហេរ៉ូដូទូស ប្រវត្តិវិទូដ៏ល្បីល្បាញម្នាក់ក្នុងសម័យបុរាណបានឲ្យដឹងថា ដោយសារត្រូវការប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់កសាងប្រាសាទពីរ៉ាមីត ព្រះរាជាដែលមានចិត្តឃោឃៅមួយអង្គនេះ បានបញ្ជាឲ្យបុត្រីបង្កើតរបស់ទ្រង់ ធ្វើជាស្រ្តីពេស្យាបម្រើអារម្មណ៍ភ្ញៀវ ដើម្បីរកប្រាក់បំពេញសេចក្តីត្រូវការ របស់ទ្រង់។
ក្នុងពេលទទួលភ្ញៀវ នាងមិនត្រឹមតែទាមទារប្រាក់ តាមការកំណត់ របស់បិតានាងប៉ុណ្ណោះទេ តែនាងបានទាមទារ ឲ្យបុរសទាំងនោះរកថ្មដែលមានទំហំមួយស្របតាមតម្រូវការ សម្រាប់កសាងប្រាសាទពីរ៉ាមីតផ្ទាល់ខ្លួនមួយរបស់នាង។
ប្រាសាទនេះត្រូវបានឲ្យដឹងថា ជាប្រាសាទមួយ ដែលស្ថិតនៅចំកណ្តាលប្រាសាទតូចៗពីរទៀត ដែលនៅចំពីមុខប្រាសាទ ដ៏ធំមហិមារបស់បិតានាងផ្ទាល់តែម្តង។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត នៅពេលព្រះបាទ Khufu ឡើងកាន់អំណាច ទ្រង់មានព្រះជន្មត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ទ្រង់បានចាប់ផ្តើមគំនិតកសាងប្រាសាទក្នុងគោលដៅ ប្រើប្រាស់ស្ថាបត្យកម្មនេះធ្វើជាជណ្តើរនាំវិញ្ញាណព្រះអង្គទៅកាន់ឋានសួគ៌ក្រោយពេលទ្រង់សុគតទៅ។
ការកសាងប្រាសាទទាំងមូលត្រូវចំណាយរយៈពេល ២៣ឆ្នាំ និង ថ្មធំៗចំនួន ២.៣លានដុំ ដែលដុំថ្មទាំងនេះ មានទម្ងន់ជាមធ្យមប្រមាណជា ២,៥តោន (ក្នុងករណីខ្លះ ដុំថ្មមួយចំនួនអាចមានទម្ងន់ រហូតដល់ ១៦តោនឯណោះ) ដែលត្រូវ ប្រើប្រាស់សម្រាប់កសាងប្រាសាទ។
ជ្រុងនីមួយៗនៅបាតមុំនៃប្រាសាទនេះ មានប្រវែង ២៣០ម៉ែត្រ។ ដោយឡែកជ្រុងទ្រេតទាំងបួននៃប្រាសាទស្ថិតក្នុងរង្វាស់មុំ ៥១.៥២ដឺក្រេ និងមានកម្ពស់ ១៤៧ម៉ែត្រ ប៉ុន្តែបច្ចុប្បន្ននេះ មានកម្ពស់ត្រឹមតែ១៣៨ម៉ែត្រប៉ុណ្ណោះ ដោយសារប្រាសាទនេះរងនូវបាតុភូតធម្មជាតិផ្សេងៗ រាប់ពាន់ឆ្នាំមកហើយ។
ទាក់ទងទៅនឹងការកសាងវិញ មនុស្សមួយចំនួនគិតថាប្រាសាទ ពីរ៉ាមីតរបស់ព្រះបាទ Khufu ត្រូវបានកសាងដោយ ពួកទាសករ ប៉ុន្តែអ្នកស្រាវជា្រវអេហ្ស៊ីបនាពេលបច្ចុប្បន្នបានសន្និដ្ឋានថា ប្រាសាទនេះត្រូវបានកសាងដោយ បណ្តាកម្មករជំនាញជាច្រើនពាន់នាក់។ ជាមួយគ្នានេះក៏មានការផងដែរបញ្ជាក់ថា ក្មួយបង្កើតរបស់ព្រះមហាក្សត្ររូបនេះ ត្រូវបានតែងតាំងជាមេដឹកនាំម្នាក់ ក្នុងការកសាងប្រាសាទនេះឡើង។
ព្រះបាទ Khufu បានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ផ្គត់ផ្គង់ជាសំលៀកបំពាក់ និងអាហារសម្រាប់កម្មករដែល កសាងប្រាសាទ។ យោងតាមការកត់ត្រារបស់លោក ហេរ៉ូដូតទូស បានឲ្យដឹងថានៅលើប្រាសាទមានការចារជាភាសា អេហ្សីបបុរាណ ដែលបានកត់ត្រាបង្ហាញពីការចំណាយផ្សេងៗ ដូចជា បរិមាណបន្លែ មើមស្ពៃក្រហម ខ្ទឹមបារាំង និងដើមគូឆាយជាដើម សម្រាប់ធ្វើជាម្ហូប ផ្គត់ផ្គង់អ្នកកសាងប្រាសាទ។
បើតាមលោក ហេរ៉ូដូតទូស ប្រវត្តិវិទូរូបនេះចាំបាននៅពេលដែលអ្នកបកប្រែ អក្សរនៅលើជញ្ជាំងនោះ បានបង្ហាញថា ការកសាងនេះត្រូវចំណាយ ប្រាក់សរុប រហូតដល់ ១,៦០០ talents (talentsជារង្វាន់ទម្ងន់ ត្រូវបានប្រើប្រាស់នៅតំបន់មជ្ឈឹមបូព៌ា កាលពីសម័យបុរាណ)។
ដោយឡែកទាក់ទងទៅនឹងបច្ចេកទេសក្នុងការកសាងវិញ អ្នកជំនាញជាច្រើននាក់មានចម្ងល់ថាតើ មនុស្ស អាចដាក់បន្តុបថ្មនីមួយៗ រហូតរៀបបានជារូបរាងប្រាសាទ មានជ្រុងស្មើប្រៀបដូចយកបន្ទាត់វាស់ និងមានកម្ពស់ខ្ពស់បែបនេះ ដោយរបៀបណា? តាមរយៈការសិក្សាកន្លងមកបានសន្និដ្ឋានថា ប្រហែលជាមនុស្សក្នុងសម័យនោះប្រើប្រាស់ឈើ និងដែកសម្រាប់ជាឃ្នាស់គាស់លើកដុំថ្មទាំងនេះ។
កាលពី៦០០ ឆ្នាំមុន មុនពេលដែលពួកអារ៉ាប់វាយបំបែកយកថ្មប្រាសាទ ថ្មដ៏រលោងភ្លឺស្អាត បានគ្រប់ដណ្តប់ពាសពេញ ផ្ទៃខាងក្រៅនៃប្រាសាទទាំងមូល។ អ្នកកត់ត្រាបុរាណម្នាក់ ឈ្មោះថាលោក ស្ត្រាបូ បានសរសេរថា ប្រាសាទទាំងមូលល្អ ប្រៀបបានទៅនឹងវត្ថុដែលប្រទានមកពីស្ថានសួគ៌ ស្ទើពុំអាចជឿបានថា ជាស្នាដៃមនុស្សបានឡើយ។
គេបានពិពណ៌នាប្រាសាទដ៏ល្អឯកនេះថា វាប្រៀបបានទៅនឹងកញ្ចក់ដ៏ធំសម្បើមមួយ ដែលបានជះពន្លឺដ៏មហិមា។ ប្រសិនបើយើងមើលពីភពព្រះច័ន្ទមក វាប្រៀបបានទៅនឹងផ្កាយមួយដួងដ៏ធំ កំពុងរះនៅលើផែនដី។ តែគួរឲ្យសោកស្តាយដោយបច្ចុប្បន្ននេះ ថ្មរលោងទាំងនោះ នៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះតាមជ្រុងនៃប្រាសាទ។ ថ្មរលោងមួយដុំ ធំជាងគេដែលនៅសេសសល់ រហូតដល់បច្ចុប្បន្ន មានកម្ពស់ប្រហែល ៥ feet និងមានទម្ងន់ ១៤តោន។
តាមរយៈការចំណាយពេលក្នុងសិក្សាពីទីតាំងក្នុងប្រាសាទ គេបានរកឃើញ បន្ទប់មួយចំនួន ដោយក្នុងនោះ មួយជាបន្ទប់សម្រាប់រក្សាសពរបស់ព្រះរាជា មួយទៀតជាបន្ទប់ព្រះមហាក្សត្រយានីយ៍ និងចុងក្រោយជាបន្ទប់ ដែលពុំទាន់ជួសជុលហើយនៅឡើយ។
ក្រុមអ្នកស្រាវជា្រវអេហ្សីបវិទ្យា ជនជាតិបារាំង បានបញ្ជាក់បន្ថែមថា សាកសពពិតប្រាកដរបស់ទ្រង់ មិនមែនស្ថិតនៅក្នុង បន្ទប់សម្រាប់ព្រះរាជាដែលគេបានរកឃើញនោះទេ។ អ្នកស្រាវជ្រាវទាំងនោះ បានឲ្យដឹងថា មានបន្ទប់មួយទៀត ស្ថិតនៅក្រោមបន្ទប់ព្រះមហាក្សត្រាយានីយ៍ ទើបជាបន្ទប់រក្សាសាកសពរបស់ព្រះរាជា Khufu ពិតប្រាកដ។
ជាការពិតណាស់ រហូតមកទល់ពេលនេះ នៅតែមានការចោទសំនួរជាច្រើនទាក់ទងទៅនឹង អាថ៌កំបាំងអំពីសាកសព របស់ព្រះរាជា Khufu។ តាមការយល់ឃើញមួយចំនួនបានលើកឡើងថា ព្រះរាជាមានបំណងរក្សាអាថ៌កំបាំងទាក់ទងទៅនឹង ទីតាំងរក្សាសពរបស់ទ្រង់ ក្នុងគោលដៅការពារសាកសពពីការបំផ្លាញផ្សេងៗ។
ចម្ងល់មួយទៀតដែលស្ថិតនៅជាអាថ៌កំបាំងនៅឡើយ នៅពេលមានការរកឃើញ ផ្នូរមួយសម្រាប់តម្កល់សាកសព ក្នុងបន្ទប់ព្រះរាជា ប៉ុន្តែស្ថិតនៅទទេស្អាត ពុំបន្សល់ទុកនូវស្លាកស្មាមសាកសពណាមួយឡើយ។ ផ្នូរនេះត្រូវបានកសាង ឡើងពីថ្មតាន់នៃសិលាក្រានីតពណ៌សូកូឡា មានលក្ខណៈរឹង និងតាន់ជាងជញ្ជាំងបន្ទប់ទៅទៀត។ អ្នកស្រាវជា្រវជាច្រើននាក់បានបង្ហាញចម្ងល់ទាក់ទិនទៅនឹង គោលបំណងនៃការកសាងផ្នូរមួយដ៏រឹងមាំមួយ តែបែរជាគ្មានសាកសពទៅវិញ។
តាមដំណើររឿងព្រេងបុរាណបានឲ្យដឹងថា ផ្នូរនេះត្រូវបាននាំមកពី ប្រទេស អ៊ីតាលី ឬអាមេរិក។ ចំណុចគួរឲ្យចាប់ អារម្មណ៍នោះ ត្រង់ថាផ្នូរដែលគេចាត់ទុកថាជាផ្នូរសម្រាប់ព្រះរាជា ពុំមានចារជាអក្សរបុរាណណាមួយ ឬការរចនាតុបតែង បន្តិចសោះ។ កាន់តែចម្លែកជាងនេះទៅទៀតនោះ ផ្នូរនេះមានទំហំធំជាង ទំហំ ច្រកទ្វារបន្ទប់ទៅទៀតតើមនុស្សអាចនាំផ្នូរនោះ ចូលមកដោយរបៀបណា។
ទាក់ទិនបញ្ហានេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វាប្រហែលជាត្រូវបាននាំមកមុនពេលដែលបន្ទប់នេះ ត្រូវបានកសាងឡើង ទៅទៀត។ ដោយឡែកចំណុចពិសេសមួយទៀត ទោះបីប្រាសាទនេះត្រូវបានបិទជិត មានច្រកទា្វមួយចំនួនតែប៉ុណ្ណោះក្តី តែសីតុណ្ហភាពក្នុងប្រាសាទ នៅតែមានភាពអំណោយផលដែលអាចឲ្យមនុស្ស ចូលក្នុងប្រាសាទបានដោយពុំមាន បញ្ហាឡើយ ព្រោះសីតុណ្ហភាពក្នុងប្រាសាទ ស្មើនឹងសីតុណ្ហភាពជាមធ្យមរបស់ផែនដីដែរ គឺប្រហែល ២០អង្សាសេ។
ភាពអាថ៌កំបាំងមួយចុងក្រោយដែលស្ទើរតែមិនជឿនោះគឺ ក្នុងប្រាសាទចាស់បុរាណមួយនេះ មានលាក់ទុកនូវទូកប្រកប ដោយក្បូរក្បាច់រចនាដ៏ល្អឯក កសាងឡើងពីឈើមួយប្រភេទ ដែលត្រូវបានរកឃើញក្នុង រណ្តៅអាថ៌កំបាំងស្ថិតផ្នែក បាតនៃប្រាសាទ។ ថ្វីត្បិតទូកនេះត្រូវបានបាក់បែក ជាបំណែកក្តី តែវានៅតែអាចបង្ហាញឲ្យយើងឃើញពីភាពល្អគ្មាន ពីរនៃស្នាដៃរបស់ស្ថាបត្យករ នាសម័យកាលមួយ ដែលមានអាយុកាលជាង ៤០០០ឆ្នាំមកហើយ។
បំណែកទាំងនេះត្រូវបានប្រមូលផ្តុំ និងផ្គុំគ្នាឡើវិញ បង្កើតជាទូកដ៏ល្អអស្ចារ្យមួយ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ ក្នុងរណ្តៅនៃប្រាសាទដដែល ដោយសារទីតាំងនោះអាចផ្តល់នូវ អំណោយផលយ៉ាងល្អ ដែលអាចការពារទូកនេះ ពីការបំផ្លាញដោយសីតុណ្ហភាពខាងក្រៅបាន។
“Djedefre” ត្រូវបានគេស្គាល់ថាជាឈ្មោះ កូនប្រុសរបស់ព្រះរាជា Khufu។ គេបានរកឃើញឈ្មោះនេះនៅលើថ្ម ដែលបិទច្រករណ្តៅ។ តាមរយៈចំណុចនេះអាចចង្អុលបង្ហាញថា លោក “Djedefre” ជាអ្នក ដែលបានដាក់ទូកបុរាណនេះ ត្រូវបានដាក់ទៅក្នុងរណ្តៅនៃប្រាសាទតែម្តង។
ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការចំណាយពេលសិក្សា ដោយអ្នកស្រាវជា្រវជាច្រើនរូបក្តី ក៏ប្រាសាទនេះនៅមានចំណុចអាថ៌កំបាំងជាច្រើន ដែលមិនទាន់មានចម្លើយនៅឡើយ។
អស្ចារ្យមែន តើបងជឿលើរឿង ជីវិតក្រៅភព ទេ?
ជឿតិចៗដែរ 🙂