អាថ៌កំបាំង​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​​ប្រាសាទ​ពីរ៉ាមីត Giza?

DAP News: Monday, 24 October 2011 16:24 ប្រែសម្រួលដោយ៖ អ៊ឹត ចណ្ណា

ក្នុងចំណោមអច្ឆរិយវត្ថុ សម័យបុរាណ ទាំង៧នៅលើពិភពលោក ប្រាសាទ​ពីរ៉ាមីត​ជា​អច្ឆរិយ វត្ថុពិភពលោកតែមួយគត់ ដែលអាចរក្សា​នូវ​រូប​រាង​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង រហូត​មក​ដល់​បច្ចុប្បន្ន ទោះបីប្រាសាទ​នេះត្រូវ​បានកសាង​ឡើង​តាំង​ពី​ជាង​២,០០០ឆ្នាំ​មុន​​គ្រឹស្ត​សករាជ ​​​មក​ហើយ​ក៏ដោយ (គួរបញ្ជាក់ថា អច្ឆរិយវត្ថុ​ពិភព​​លោក​​នា​​សម័យ​បុរាណ​ ​​ទាំង​ ៦​ផ្សេងទៀត ត្រូវបាត់បង់អស់ទៅហើយ)។

ក្រៅពីភាពអស្ចារ្យនានាដែលអាចឲ្យ យើងមើលឃើញផ្ទាល់ភ្នែក ប្រាសាទ​ពីរ៉ាមីត Giza នេះ​ក៏​បានលាក់ ទុកនូវអាថ៌កំបាំង ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដែល​​មាន​​មនុស្ស​តិច​តួច​ណាស់​បានជ្រាបពីបញ្ហានេះ។ តើអ្វីទៅជា អាថ៌កំបាំង​គួរ​ឲ្យ​ចាប់ អារម្មណ៍​​ទាំងនោះ?

តើអ្នកដឹងទេថា ព្រះអង្គម្ចាស់ Khufu បានកសាងប្រាសាទពីរ៉ាមីត Giza ដែលជា​ប្រាសាទ​​មាន​ទំហំ​ធំ​ជាង​គេក្នុងចំណោម ប្រាសាទពីរ៉ាមីតនានា តែ​រូប​ចម្លាក់​ផ្ទាល់​​​របស់​ទ្រង់​បែរជា​មាន​ទំហំ​តូច​ជាង​គេបំផុតទៅវិញ។ រូបចម្លាក់​ព្រះអង្គ​ម្ចាស់​ Khufu ដែលត្រូវបានគេរកឃើញកន្លងមក មានកម្ពស់ត្រឹមតែ ៧,៥​សង់​ទី​ម៉ែត្រ​តែ​ប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី មិនមែនមានន័យថា ព្រះអង្គមាន​រូបរាង​តូចដូចរូបចម្លាក់​នោះ​​ទេ ការ​ពិតទៅ ទ្រង់ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏មានអំណាច មាន​រូប​រាង​​​រឹង​​មាំ ​និង​គ្មាន​មេត្តា​ម្នាក់។

តាមរយៈការពណ៌នាដោយលោក ហេរ៉ូដូទូស ប្រវត្តិវិទូ​ដ៏ល្បីល្បាញ​ម្នាក់​ក្នុង​សម័យ​បុរាណ​បាន​ឲ្យដឹងថា ដោយសារត្រូវការប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់​កសាង​ប្រាសាទ​ពីរ៉ាមីត ព្រះរាជាដែលមានចិត្តឃោឃៅមួយអង្គនេះ បានបញ្ជា​ឲ្យ​បុត្រី​បង្កើត​របស់ទ្រង់ ធ្វើជាស្រ្តីពេស្យាបម្រើអារម្មណ៍ភ្ញៀវ ដើម្បី​រក​ប្រាក់​​បំពេញ​​សេចក្តី​​ត្រូវ​ការ របស់​ទ្រង់។

ក្នុងពេលទទួលភ្ញៀវ នាងមិនត្រឹមតែទាមទារ​ប្រាក់ តាមការ​កំណត់ ​របស់​បិតា​នាង​​ប៉ុណ្ណោះ​​ទេ តែនាងបានទាមទារ ឲ្យបុរស​ទាំង​នោះ​រក​ថ្ម​ដែល​មាន​ទំហំ​មួយ​ស្រប​តាម​តម្រូវ​ការ សម្រាប់កសាងប្រាសាទពីរ៉ាមីតផ្ទាល់ខ្លួនមួយរបស់នាង។

ប្រាសាទនេះត្រូវបានឲ្យដឹងថា ជាប្រាសាទមួយ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​​តូចៗ​​ពីរ​ទៀត ដែលនៅចំពីមុខប្រាសាទ ដ៏ធំ​មហិមា​របស់​បិតា​នាង​ផ្ទាល់​​តែ​ម្តង។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត នៅពេលព្រះបាទ Khufu ឡើង​កាន់​អំណាច​ ទ្រង់​មានព្រះជន្មត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ទ្រង់បាន​ចាប់​ផ្តើម​គំនិត​កសាង​ប្រាសាទ​ក្នុង​គោលដៅ ប្រើប្រាស់​ស្ថាបត្យ​កម្មនេះ​ធ្វើជា​ជណ្តើរ​នាំ​វិញ្ញាណ​​ព្រះអង្គ​ទៅ​កាន់​ឋាន​សួគ៌​ក្រោយ​​ពេល​ទ្រង់សុគតទៅ។

ការកសាងប្រាសាទទាំងមូលត្រូវចំណាយរយៈពេល ២៣ឆ្នាំ និង ថ្មធំៗចំនួន ២.៣​លាន​​ដុំ ដែលដុំថ្មទាំងនេះ មានទម្ងន់ជាមធ្យមប្រមាណជា ២,៥តោន (ក្នុង​ករណី​ខ្លះ ដុំ​ថ្ម​មួយចំនួនអាចមានទម្ងន់ រហូតដល់ ១៦តោនឯណោះ) ដែល​ត្រូវ ប្រើ​ប្រាស់​​​សម្រាប់​​កសាង​ប្រាសាទ។

ជ្រុងនីមួយៗនៅបាតមុំនៃប្រាសាទនេះ មានប្រវែង ២៣០ម៉ែត្រ។ ដោយ​ឡែក​ជ្រុង​​ទ្រេត​​ទាំង​​បួន​នៃ​ប្រាសាទ​ស្ថិត​ក្នុងរង្វាស់មុំ ៥១.៥២ដឺក្រេ និងមានកម្ពស់ ១៤៧​ម៉ែត្រ ប៉ុន្តែ​​បច្ចុប្បន្ន​​នេះ មានកម្ពស់ត្រឹមតែ១៣៨ម៉ែត្រប៉ុណ្ណោះ ដោយសារ​ប្រាសាទ​​​នេះ​​​រង​​នូវ​​បាតុ​ភូត​ធម្មជាតិ​ផ្សេងៗ រាប់ពាន់ឆ្នាំមកហើយ។

ទាក់ទងទៅនឹងការកសាងវិញ មនុស្សមួយចំនួនគិតថាប្រាសាទ ពីរ៉ាមីត​របស់​ព្រះ​បាទ Khufu ត្រូវបានកសាងដោយ ពួកទាសករ ប៉ុន្តែ​អ្នក​ស្រាវ​ជា្រវ​អេហ្ស៊ីប​នា​ពេល​បច្ចុប្បន្ន​បាន​សន្និដ្ឋាន​ថា ប្រាសាទ​នេះត្រូវបានកសាងដោយ បណ្តា​កម្មករ​ជំនាញ​ជា​ច្រើនពាន់នាក់។ ជាមួយគ្នានេះក៏មានការផងដែរបញ្ជាក់ថា ក្មួយ​បង្កើត​​របស់​ព្រះ​មហា​ក្សត្រ​រូបនេះ ត្រូវបានតែងតាំងជាមេដឹកនាំម្នាក់ ក្នុង​ការ​កសាង​ប្រាសាទនេះឡើង។

ព្រះបាទ Khufu បានចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់​ផ្គត់ផ្គង់​ជា​សំលៀក​បំពាក់ និងអាហារសម្រាប់កម្មករដែល កសាងប្រាសាទ។ យោង​តាម​ការ​កត់​ត្រា​របស់​លោក ហេរ៉ូដូតទូស បានឲ្យ​ដឹងថា​នៅលើ​ប្រាសាទ​មាន​ការចារ​ជា​ភាសា អេហ្សីប​បុរាណ ដែលបានកត់ត្រាបង្ហាញពីការចំណាយផ្សេងៗ ដូចជា បរិមាណ​បន្លែ​ មើម​ស្ពៃ​ក្រហម ខ្ទឹមបារាំង និងដើមគូឆាយជាដើម សម្រាប់​ធ្វើ​ជា​ម្ហូប ផ្គត់​ផ្គង់​អ្នក​កសាង​ប្រាសាទ។

បើតាមលោក ហេរ៉ូដូតទូស ប្រវត្តិវិទូរូបនេះចាំបាននៅពេលដែលអ្នកបកប្រែ អក្សរ​នៅ​លើ​ជញ្ជាំងនោះ បានបង្ហាញថា ការកសាងនេះត្រូវចំណាយ ប្រាក់សរុប រហូត​ដល់ ១,៦០០ talents (talentsជារង្វាន់ទម្ងន់ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​តំបន់​មជ្ឈឹម​បូព៌ា កាល​ពី​សម័យ​បុរាណ)។

ដោយឡែកទាក់ទងទៅនឹងបច្ចេកទេសក្នុងការកសាងវិញ អ្នក​ជំនាញ​ជា​ច្រើន​នាក់​មាន​​ចម្ងល់​ថាតើ មនុស្ស អាចដាក់បន្តុបថ្មនីមួយៗ រហូត​រៀប​បាន​ជា​រូប​រាង​ប្រាសាទ មានជ្រុង​ស្មើប្រៀបដូចយកបន្ទាត់វាស់ និងមានកម្ពស់ខ្ពស់បែបនេះ ដោយ​របៀប​ណា? តាមរយៈការសិក្សាកន្លងមកបានសន្និដ្ឋានថា ប្រហែល​ជា​មនុស្ស​ក្នុង​សម័យ​នោះ​​ប្រើប្រាស់ឈើ និង​ដែក​សម្រាប់​ជា​ឃ្នាស់​គាស់​លើក​ដុំថ្ម​ទាំងនេះ។

កាលពី៦០០ ឆ្នាំមុន មុនពេលដែលពួកអារ៉ាប់វាយបំបែកយកថ្មប្រាសាទ ថ្ម​ដ៏​រលោង​ភ្លឺ​ស្អាត បានគ្រប់ដណ្តប់ពាសពេញ ផ្ទៃខាងក្រៅនៃប្រាសាទទាំងមូល។ អ្នក​កត់​ត្រា​បុរាណ​​ម្នាក់ ឈ្មោះថាលោក ស្ត្រាបូ បានសរសេរថា ប្រាសាទទាំងមូលល្អ ប្រៀប​បាន​ទៅ​នឹង​វត្ថុដែលប្រទានមកពីស្ថានសួគ៌ ស្ទើ​ពុំ​អាច​ជឿ​បាន​ថា ​ជា​ស្នាដៃ​មនុស្ស​បាន​ឡើយ។

គេបានពិពណ៌នាប្រាសាទដ៏ល្អឯកនេះថា វាប្រៀបបានទៅនឹងកញ្ចក់ដ៏ធំសម្បើមមួយ ដែលបានជះពន្លឺដ៏មហិមា។ ប្រសិនបើយើងមើលពីភពព្រះច័ន្ទមក វា​ប្រៀប​បាន​ទៅ​នឹង​ផ្កាយមួយដួងដ៏ធំ កំពុងរះនៅលើផែនដី។ តែគួរឲ្យសោកស្តាយដោយបច្ចុប្បន្ននេះ ថ្ម​រលោងទាំងនោះ នៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះតាមជ្រុងនៃប្រាសាទ។ ថ្មរ​លោង​មួយ​ដុំ ធំជាងគេដែលនៅសេសសល់ រហូតដល់បច្ចុប្បន្ន មានកម្ពស់ប្រហែល ៥ feet និងមានទម្ងន់ ១៤តោន។

តាមរយៈការចំណាយពេលក្នុងសិក្សាពីទីតាំងក្នុងប្រាសាទ គេ​បាន​រក​ឃើញ ​បន្ទប់​មួយ​​​ចំនួន ដោយក្នុងនោះ មួយជាបន្ទប់សម្រាប់រក្សាសពរបស់ព្រះរាជា មួយ​ទៀត​ជា​បន្ទប់​ព្រះមហាក្សត្រយានីយ៍ និងចុងក្រោយជាបន្ទប់ ដែល​ពុំទាន់​ជួស​ជុល​ហើយ​នៅ​ឡើយ។

ក្រុមអ្នកស្រាវជា្រវអេហ្សីបវិទ្យា ជនជាតិបារាំង បានបញ្ជាក់បន្ថែមថា សាក​សព​ពិត​ប្រាកដ​របស់ទ្រង់ មិនមែនស្ថិតនៅក្នុង បន្ទប់​សម្រាប់​ព្រះរាជា​ដែល​គេ​បាន​រក​ឃើញ​នោះ​ទេ។ អ្នកស្រាវជ្រាវទាំងនោះ បានឲ្យដឹងថា មានបន្ទប់មួយទៀត ស្ថិត​នៅ​ក្រោម​បន្ទប់​ព្រះមហាក្សត្រាយានីយ៍ ទើបជាបន្ទប់រក្សាសាកសពរបស់ព្រះរាជា Khufu ពិត​ប្រាកដ។

ជាការពិតណាស់ រហូតមកទល់ពេលនេះ នៅ​តែ​មាន​ការចោទ​សំនួរ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង អាថ៌កំបាំងអំពីសាកសព របស់ព្រះរាជា Khufu។ តាម​ការយល់​ឃើញ​មួយ​ចំនួន​បានលើកឡើងថា ព្រះរាជាមានបំណងរក្សាអាថ៌កំបាំងទាក់ទងទៅនឹង ទីតាំង​រក្សា​សព​របស់ទ្រង់ ក្នុងគោលដៅការពារសាកសពពីការបំផ្លាញផ្សេងៗ។

ចម្ងល់មួយទៀតដែលស្ថិតនៅជាអាថ៌កំបាំងនៅឡើយ នៅពេលមានការរកឃើញ ផ្នូរ​មួយ​សម្រាប់តម្កល់សាកសព ក្នុងបន្ទប់ព្រះរាជា ប៉ុន្តែស្ថិតនៅទទេស្អាត ពុំ​បន្សល់​ទុក​នូវ​ស្លាកស្មាមសាកសពណាមួយឡើយ។ ផ្នូរនេះត្រូវបានកសាង ឡើង​ពី​ថ្ម​តាន់​នៃ​សិលា​ក្រានីតពណ៌សូកូឡា មានលក្ខណៈរឹង និងតាន់ជាងជញ្ជាំងបន្ទប់ទៅទៀត។ អ្នក​ស្រាវ​ជា្រវជាច្រើននាក់បានបង្ហាញចម្ងល់ទាក់ទិនទៅនឹង គោល​បំណង​នៃ​ការ​កសាង​ផ្នូរ​មួយដ៏រឹងមាំមួយ តែបែរជាគ្មានសាកសពទៅវិញ។

តាមដំណើររឿងព្រេងបុរាណបានឲ្យដឹងថា ផ្នូរនេះត្រូវបាននាំមកពី ប្រទេស អ៊ីតាលី ឬអាមេរិក។ ចំណុចគួរឲ្យចាប់ អារម្មណ៍នោះ ត្រង់ថា​ផ្នូរ​ដែល​គេ​ចាត់​ទុក​ថា​ជា​ផ្នូរ​សម្រាប់​ព្រះរាជា ពុំមានចារជាអក្សរបុរាណណាមួយ ឬការរចនាតុបតែង បន្តិចសោះ។ កាន់​តែ​ចម្លែកជាងនេះទៅទៀតនោះ ផ្នូរនេះមានទំហំធំជាង ទំហំ ច្រក​ទ្វារ​បន្ទប់​ទៅ​ទៀត​តើមនុស្សអាចនាំផ្នូរនោះ ចូលមកដោយរបៀបណា។

ទាក់ទិនបញ្ហានេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វាប្រហែល​ជា​ត្រូវ​បាន​នាំ​មក​មុន​ពេល​ដែលបន្ទប់នេះ ត្រូវបានកសាងឡើង ទៅទៀត។ ដោយឡែក​ចំណុច​ពិសេស​មួយ​ទៀត ទោះបីប្រាសាទនេះត្រូវបានបិទជិត មានច្រកទា្វមួយចំនួនតែប៉ុណ្ណោះក្តី តែ​សីតុណ្ហភាពក្នុងប្រាសាទ នៅតែមានភាពអំណោយផលដែលអាចឲ្យមនុស្ស ចូល​ក្នុង​ប្រាសាទ​បានដោយពុំមាន បញ្ហាឡើយ ព្រោះសីតុណ្ហភាពក្នុងប្រាសាទ ស្មើនឹង​សីតុណ្ហភាព​ជាមធ្យមរបស់ផែនដីដែរ គឺប្រហែល ២០អង្សាសេ។

ភាពអាថ៌កំបាំងមួយចុងក្រោយដែលស្ទើរតែមិនជឿនោះគឺ ក្នុងប្រាសាទ​ចាស់​បុរាណ​មួយ​នេះ មានលាក់ទុកនូវទូកប្រកប ដោយក្បូរក្បាច់រចនាដ៏ល្អឯក កសាង​ឡើង​ពី​ឈើ​មួយប្រភេទ ដែលត្រូវបានរកឃើញក្នុង រណ្តៅអាថ៌កំបាំងស្ថិតផ្នែក បាតនៃប្រាសាទ។ ថ្វីត្បិតទូកនេះត្រូវបានបាក់បែក ជាបំណែកក្តី តែវានៅ​តែអាច​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ភាព​ល្អ​គ្មាន ពីរនៃស្នាដៃរបស់ស្ថាបត្យករ នាសម័យកាលមួយ ដែលមាន​អាយុកាល​ជាង ៤០០០ឆ្នាំមកហើយ។

បំណែកទាំងនេះត្រូវបានប្រមូលផ្តុំ និងផ្គុំគ្នាឡើវិញ បង្កើតជាទូកដ៏ល្អអស្ចារ្យមួយ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ ក្នុងរណ្តៅនៃប្រាសាទដដែល ដោយសារ​ទីតាំង​នោះ​អាច​ផ្តល់នូវ អំណោយផលយ៉ាងល្អ ដែលអាចការពារទូកនេះ ពីការ​បំផ្លាញ​ដោយ​សីតុណ្ហភាព​ខាងក្រៅ​បាន។

“Djedefre” ត្រូវបានគេស្គាល់ថាជាឈ្មោះ កូនប្រុសរបស់ព្រះរាជា Khufu។ គេបាន​រក​ឃើញ​ឈ្មោះនេះនៅលើថ្ម ដែលបិទច្រករណ្តៅ។ តាមរយៈ​ចំណុច​នេះ​អាច​ចង្អុល​បង្ហាញ​ថា លោក “Djedefre” ជាអ្នក ដែលបានដាក់ទូកបុរាណនេះ ត្រូវបាន​ដាក់​ទៅ​ក្នុង​រណ្តៅ​នៃប្រាសាទតែម្តង។

ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការចំណាយពេលសិក្សា ដោយអ្នកស្រាវជា្រវជា​ច្រើនរូបក្តី ក៏ប្រាសាទនេះនៅមាន​ចំណុច​អាថ៌កំបាំង​ជាច្រើន ​ដែលមិន​ទាន់​មាន​ចម្លើយ​​​នៅ​ឡើយ​​។​

2 responses to “អាថ៌កំបាំង​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​​ប្រាសាទ​ពីរ៉ាមីត Giza?

  1. អស្ចារ្យមែន តើ​បង​ជឿ​លើ​រឿង ជីវិត​ក្រៅភព ទេ​?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s