ចិន​​គ្រោង​​សង់​រោងចក្រ​ផលិត​ប្រេង​អេតាណុល​

ដោយ សួន សុផលមុន្នី (RFA)

ក្រុម​អ្នក​វិនិយោគ​ពី​ប្រទេស​ចិន នឹង​សាងសង់​រោងចក្រ​ដ៏​ធំ​មួយ​ ដើម្បី​ផលិត​ប្រេង​ម្យ៉ាង​​ឈ្មោះ​អេតាណុល ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​ថៃ។

រោងចក្រ​នេះ​នឹង​អាច​អូស​ទាញ​កម្លាំង​ពលកម្ម​មនុស្ស​ចំនួន​ប្រមាណ​ជាង ២​ពាន់​នាក់ និង​អាច​ជួយ​លើក​ស្ទួយ​ដល់​តម្លៃ​កសិផល​ក្នុង​ប្រទេស​កម្ពុជា មួយ​កម្រិត​ថែម​ទៀត។

លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា រោងចក្រ​ផលិត​ប្រេង​អេតាណុល​របស់​ក្រុមហ៊ុន​ចិន​នេះ​ នឹង​ចាប់​ដំណើរ​ការ​សាងសង់​ ​នៅ​ក្នុង​ឆ្នាំ​២០១២។ រោងចក្រ​នេះ​ត្រូវ​បោះ​ទី​តាំង​​នៅ​ស្រុក​ថ្មពួក ដែល​ជា​ស្រុក​មួយ​មាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម​ របស់​ខេត្ត​បន្ទាយមានជ័យ ជា​ពិសេស​លើ​ដំណាំ​ដំឡូង​មី ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​នាំ​គ្នា​ដាំ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។

លោក អ៊ុង អឿន៖ «កន្លង​មក​ពេល​ដាំ​ហើយ​ឈ្មួយ​ឲ្យ​តម្លៃ​ស្រេច​តែ​ចិត្ត ​ឈ្មួញ ជា​ពិសេស​លក់​ឲ្យ​ស្រុក​ថៃ​បិទ​បើកៗ អ៊ីចឹង​ទៅ​មាន​ការ​ពិបាក។ ដូច្នេះ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មាន​សេចក្ដី​សោមនស្ស ចំពោះ​ការ​បង្កើត​រោងចក្រ​អេតាណុល​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ»

លោក​អភិបាល​ខេត្ត​បន្ត​ថា នៅ​ពេល​រោងចក្រ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ ប្រជា​កសិករ​ខ្មែរ​អាច​នាំ​កសិផល​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ផ្ទាល់ ដោយ​ពុំ​ចាំបាច់ ​ដឹក​យក​ទៅ​លក់​​នៅ​​ស្រុក​ថៃ ដូច​មុន​ទៀត​ទេ។ រោងចក្រ​ក្រុមហ៊ុន​ចិន​នេះ ត្រូវ​ការ​ដំឡូងមី​រាប់​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ ក្រុមហ៊ុន​ចិន​នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​​ទំហំ ៦​ពាន់​ហិកតារ​រួច​រាល់​ហើយ។ ជំហាន​ដំបូង ក្រុមហ៊ុន​នេះ​ត្រូវ​ការ​ដី​ទំហំ ២​ពាន់​ហិកតារ ដើម្បី​ដាំ​ដំឡូងមី​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​រោងចក្រ។

លោក អ៊ុង អឿន បន្ថែម៖ «ឥឡូវ​គាត់​កំពុង​គូរ​ប្លង់​នៅ​ស្រុក​ចិន ហើយ​យក​មក​ឆ្លង​ក្រសួង​ឧស្សាហកម្ម​យ៉ាង​តិច​ក៏​មាន ២​ពាន់​ហិកតារ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​រោងចក្រ​ គាត់​ហ្នឹង។ ក្រៅ​ពី​នោះ​គឺ​ការ​ប្រមូល​ទិញ​ពី​ប្រជាជន​ប៉ុន្មាន​ក៏​បាន​ដែរ អោយ​តែ​ប្រជាជន​លក់​ឲ្យ​គាត់ ព្រោះ​គាត់​ត្រូវ​ការ​ច្រើន»

ប្រភព​បាន​បន្ត​ថា ក្រុមហ៊ុន​ចិន​នេះ​ បាន​ផ្ទេរ​មូលធន​សម្រាប់​សាងសង់​រោងចក្រ​ផលិត​ប្រេង​ មេតាណុល ចូល​មក​ធនាគារ​ស្រុក​ខ្មែរ​រួច​រាល់។ ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​រោងចក្រ​នៅ​ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១២ ដែល​អាច​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២។ គម្រោង​សាងសង់​រោងចក្រ​របស់​អ្នក​វិនិយោគិន​ចិន​នេះ ត្រូវ​បាន​គេ​មាន​ជំនឿ​ថា អាច​ជួយ​ទប់​ស្កាត់​លំហូរ​របស់​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​រក​ ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ បាន​មួយ​ផ្នែក​ធំ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា ដី​ចំការ​ដំឡូងមី​ក្នុង ១​ហិកតារ ក្រុមហ៊ុន​ត្រូវ​ការ​ប្រើ​កម្លាំង​កម្មករ​ថែទាំ​ចំនួន ២​នាក់ ដែល​ផ្ទៃ​ដី​ដាំ​ដំឡូងមី​របស់​ក្រុមហ៊ុន​មាន​ជិត ៦​ពាន់​ហិកតារ ហើយ​អាច​ត្រូវ​ការ​កម្មករ​សរុប​ប្រមាណ ១.២០០​នាក់។ ចំនួន​កម្មករ​នេះ​គឺ​សម្រាប់​មើល​ថែទាំ​ចំការ​ដំឡូងមី​ដោយ​​ផ្ទាល់ ចំណែក​ឯ​កម្មករ​នៅ​ធ្វើ​ការ​ក្នុង​រោងចក្រ អាច​មាន​ចំនួន​កើន​ឡើង​រហូត​ពី ១.៥០០​នាក់ ទៅ ២.០០០​នាក់។

កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ ខេត្ត​បន្ទាយមានជ័យ បាន​ដាំ​ដំឡូង​មី​លើ​ផ្ទៃ​ចំនួន ២៥.០០០​ហិកតារ ហើយ​នៅ​ឆ្នាំ​២០១១ នេះ អាជ្ញាធរ​ខេត្ត​ឲ្យ​ដឹង​ថា ប្រជា​កសិករ​នាំ​គ្នា​ដាំ​ដំឡូង​រហូត​ទៅ ៤​ម៉ឺន​២​ពាន់​ហិកតារ។ ទំហំ​ផ្ទៃ​ដី​នេះ​អាច​ធ្វើ​ឲ្យ​គេ​ប្រមូល​ផល​ដំឡូងមី​បាន​យ៉ាង​តិច​ចំនួន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ កសិផល​​ដំឡូងមី​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ប្រជាកសិករ​នាំ​គ្នា​លក់ និង​ដឹក​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ។ ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ទម្លាក់​​​តំលៃ​ដំឡូងមី​របស់​ខ្មែរ​ រាល់​រដូវ​ប្រមូល​ផល​ម្តងៗ។ ការ​ដែល​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ ទម្លាក់​តំលៃ​កសិផល​ខ្មែរ​ដូច្នេះ ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​មាន​រោងចក្រ​កែច្នៃ។

ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ប្រេង​អេតាណុល​មួយ​នៅ​ខេត្ត​កណ្ដាល ជាយ​រាជ​ធានី​ភ្នំពេញ។ ក្រៅ​ពី​នេះ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង មាន​តែ​រោងចក្រ​សម្ងួត សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ក្រៅ។ រោងចក្រ​ផលិត​​ប្រេង​អេតាណុល នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ អាច​ទាញ​ផល​ដំឡូងមី​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ផង​ដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s