រៀន​ត្រឹម​ថ្នាក់​ឌីប្លូម​អាច​ផលិត​ម៉ាស៊ីន​ច្រូត​បោក​ដ៏​ទំនើប​

ម៉ាស៊ីនច្រូតរបស់លោក ឈួន សុផាន់ (រូបថត ស៊ូ វុទ្ធី)

ដោយ៖ ស៊ូ វុទ្ធី (ភ្នំពេញប៉ុស្តិ៍)

ម៉ាស៊ីនច្រូតកាត់ជាច្រើនគ្រឿងបានបន្លឺសំឡេងឡើងទ្រហឹងពេញវាលស្រែ ប្រែពណ៌ មាស ភ្លាមនោះស្រាប់តែគេចាប់អារម្មណ៍ភ្លែតលើគ្រឿងចក្រមួយដែលមាន ស្លាក យីហោ បិទតែមប្រិ៍ប្រាសាទអង្គរវត្ត។ ស្ថិតក្នុងក្រសែភ្នែកដែលបង្កប់ដោយចម្ងល់ និង កំពុងផ្ទៀងមើលយ៉ាងផ្ចឹតផ្ចង់ថា ហេតុអ្វីចាំបាច់បិទតែមប្រិ៍អង្គរវត្តនោះ ស្រាប់តែគេ ភ្ញាក់យ៉ាងកន្ត្រាក់នៅពេលបុរសវ័យប្រមាណ៤០ឆ្នាំប្លាយ ម្នាក់បានព្រលយឡើងថា គឺ ម៉ាស៊ីនច្រូតរបស់ខ្ញុំ វាត្រូវបានផលិតឡើងនៅក្នុងស្រុកខ្មែរ ជាស្នាដៃផ្ទាល់របស់ខ្ញុំ។

ម្ចាស់ម៉ាស៊ីនច្រូតបិទតែមប្រិ៍រូបប្រាសាទអង្គវត្តនេះ ត្រូវបានគេស្គាល់ថាឈ្មោះ ឈួន  សុផាន់ ជាអ្នកខេត្តបន្ទាយមានជ័យ ហើយកាលដែលលោកលេចវត្តមានឈានជើង ចូលខេត្តកំពង់ធំនៅពេលនេះ គឺដើម្បីប្រើម៉ាស៊ីនច្រូតកាត់ ដែលជាស្នាដៃរបស់លោក រកប្រាក់ ចិញ្ចឹមគ្រួសារ។ លោក ឈួន សុផាន់ និយាយថា៖ «ម៉ាស៊ីនច្រូតកាត់ មានបិទ តែមប្រិ៍រូបប្រាសាទអង្គវត្ត នោះ ជាស្នាដៃកូនខ្មែរកែច្នៃដំឡើងដោយផ្ទាល់ដៃរបស់ខ្ញុំ។ កូនខ្មែរម្នាក់នោះគឺខ្ញុំនេះឯង (ផ្ទុះសំណើច)»។

ជាមួយនឹងការសម្លឹងមើលមិនដាក់ភ្នែកពីអ្នកជុំវិញខ្លួន ដោយការស្ងប់ស្ងែងលោក ឈួន សុផាន់ បានរៀបរាប់ថា ដោយសារតែរបរជាងជួសជុលម៉ូតូ និងរថយន្តនៅមួយ កន្លែងមិនអាចបំពេញការចំណាយក្នុងគ្រួសារគ្រប់នោះ លោកក៏សម្រេចចិត្តទៅទិញ ម៉ាស៊ីនបោកស្រូវធម្មតាខ្នាតតូចមួយ ពីប្រទេសវៀតណាមក្នុងតម្លៃ ១,០០០ ដុល្លា អាមេរិកកាលពីឆ្នាំ១៩៩៧ ដើម្បីដើរស៊ីឈ្នួលតាមភូមិ។

ដោយមានដុងផ្នែកគ្រឿងចក្រ ខណៈលោកទើបមានអាយុ២០ឆ្នាំ អ្នកបច្ចេកទេស ក្រៅសាលារូបនេះនិយាយថា៖ «ពេលហ្នឹង ខ្ញុំក៏ចាប់ផ្តើមចេះជួសជុល និង ចេះកែច្នៃ ដំឡើងម៉ាស៊ីនច្រូតស្រូវ ហើយ៧ឆ្នាំចុងក្រោយនេះ ខ្ញុំក៏ដុះគំនិតថ្មីឈានដល់ដំឡើង ម៉ាស៊ីនច្រូត និង បោកចេញគ្រាប់ស្រូវសម្រេចតែម្តង មិនចាញ់ម៉ាស៊ីននាំចូលពី បរទេស ឡើយ»។

លោកបន្តថា មកទល់ពេលនេះ លោកដំឡើងម៉ាស៊ីនប្រភេទនេះ បានចំនួន៦គ្រឿង ហើយ និងកំពុងដំណើរការច្រូតកាត់បានដោយជោគជ័យ។

លោកនិយាយថា៖ «សមត្ថភាពម៉ាស៊ីនច្រូតរបស់ខ្ញុំដំឡើងនេះ ក្នុងមួយថ្ងៃអាចច្រូត បានពី៨ទៅ១០ហិកតា បើប្រៀបនឹងម៉ាស៊ីននាំចូលពីក្រៅស្រុកមិនចាញ់គេទេ ហើយ ក្នុងនោះមួយហិកតាវាស៊ីប្រេងពី១៥លីត្រទៅ២០លីត្រ»។

ក្រៅពីសេវាកម្មជួសជុលរយៈពេលមួយឆ្នាំជួនដោយឥតគិតថ្លៃ លោកបានឲ្យដឹងថា ទាក់ទិននឹងគ្រឿងបន្លាស់ទៀតនោះ គ្រឿងចក្រដែលលោកផលិតនេះ ក៏មានគ្រឿង បន្លាស់ថោកជាងម៉ាស៊ីនច្រូតកាត់នាំចូលពីក្រៅ ប្រទេសដែរ គ្រឿងបន្លាស់ម៉ាស៊ីននេះ ៨០% ជារបស់ក្នុងស្រុក លើកលែង តែម៉ាស៊ីន និងកន្រៃ្ត ដែលទិញពីខាងក្រៅស្រុក។

លោកបន្តថា បន្ទាប់ពីស្នាដៃនេះត្រូវបានប្រជាកសិករមួយភាគធំ នៅប៉ែកពាយព្យ ទទួលស្គាល់នោះ ផ្នែកកសិកម្មគ្រឿងយន្តនៃក្រសួងកសិកម្មក៏បានចុះទៅពិនិត្យដល់ យានដ្ឋានដំឡើងនៅខេត្តបន្ទាយមានជ័យរបស់លោក ហើយខាងក្រសួងក៏បាន ទទួលស្គាល់ លុះនៅខែមេសាឆ្នាំ២០១០ មន្ទីរកសិកម្មគ្រឿងយន្តរាជធានីភ្នំពេញ ក៏ បានអនុញ្ញាតឲ្យនាំ ម៉ាស៊ីនច្រូតដែលជាស្នាដៃរបស់លោកមក ប្រកួតក្នុងពិធីតាំង ពិព័រណ៍ ភូមិមួយផលិតផលមួយនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយស្នាដៃ របស់លោកទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសផ្នែក គ្រឿងចក្រ។

ជាមួយនឹងមោទនភាពដ៏កម្រខណៈដែលខំព្យាយាមស្ទើរពាក់កណ្តាលជីវិត ហើយ នោះ មេជាងដែលមានសមត្ថភាពរូបនេះក៏បានឲ្យដឹងដែរ ក្នងឱកាសតាំងពិព័រណ៍ ភូមិមួយផលិតផលមួយនោះក្រៅពីទទួលចំណាត់ ថ្នាក់លេខ១ទូទាំងប្រទេស និង ទទួល បានគោយន្តមួយគ្រឿងជាអំណោយលើកទឹកចិត្ត ពីលោក ហ៊ុន សែន នោះ លោកក៏ទទួលប្រាក់បន្ថែមពីសម្តេចមួយចំនួនទៀតខណៈដែលសម្តេចសួរថា «តើ លោករៀនដល់កម្រិតណាបានជាផលិតម៉ាស៊ីនច្រូតនេះកើត» ហើយលោកបានឆ្លើយ ដោយត្រង់វិញថា ត្រឹមថ្នាក់ឌីប្លូម

ទម្រាំតែទទួលបានការសរសើរ លើកទឹកចិត្ត និងមានមុខឈានទៅប្រកួតប្រជែង នៅថ្នាក់ក្រៅតំបន់នោះ លោក ឈួន សុផាន់ លើកឡើងថា៖ «ខ្ញុំបានតស៊ូ និងពុះពារជំនះការលំបាកច្រើនណាស់ ទម្រាំមានពេលនេះ មានពេលខ្លះ ប្រឈមនឹង ការប្រមាថ មាក់ងាយថា ស្នាដៃមួយរៀលៗយកទៅធ្វើអីកើត គង់តែមានថ្ងៃណាមួយ វាធ្លាក់ទឹក ទេ» ។

បន្ទាប់ពីឆ្លងកាត់ការប្រមាថមាក់ងាយមួយចម្អែត មុនទទួលបានជោគជ័យ១០០% នា ពេលនេះ លោកបានឲ្យដឹងថា ពេលនេះ មិនថា តែម៉ាស៊ីនច្រូតស្រូវប្រភេទណាទេ គឺលោកអាចកែច្នៃដំឡើងបានយ៉ាងរលូន ឲ្យតែមានអតិថិជនកុម្ម៉ង់ គឺធ្វើឲ្យបានតាម តម្រូវចិត្តទាំងអស់។

ទោះបីជាមានសមត្ថភាព ១០០% តែអ្វីដែលជាផលពិបាកដែលកំពុងតែជួប ចំពោះ មុខនោះគឺ ប្រាក់ ដោយហេតុនេះ ទើបសព្វថ្ងៃនេះលោកមិនអាចដំឡើង ម៉ាស៊ីនច្រូត នេះទុកបាន គឺទាល់តែមានអតិថិជនមកកុម៉្មង់ទើបលោកចាប់ផ្តើមដំឡើង ហើយការ ដែលចាប់ផ្តើមដំឡើងនោះទៀតគឺ ទាមទារប្រាក់កក់ ពីអតិថិជនចាប់ពី ៣០% ទៅ ៤០% នៃតម្លៃសរុបទើបធ្វើឲ្យបាន។

បើទោះជាយ៉ាងនេះក្តីមកទល់ពេលនេះម៉ាស៊ីនច្រូតតែមប្រិ៍ប្រាសាទ អង្គវត្តនោះ ត្រូវ បានលោកអះអាងថា ពេលនេះធ្លាក់ទៅលើដៃអតិថិជនជាវទៅធ្វើអាជីវកម្ម ច្រូតបោក បាន ចំនួន៦គ្រឿងហើយជាមួយនឹងសេវាកម្មជួសជុលឥតគិតថ្លៃរយៈពេលមួយ ឆ្នាំ

4 responses to “រៀន​ត្រឹម​ថ្នាក់​ឌីប្លូម​អាច​ផលិត​ម៉ាស៊ីន​ច្រូត​បោក​ដ៏​ទំនើប​

  1. ហេតុអ្វីគ្មាន​ការ​ជួយជម្រុញ !

    • ពីព្រោះគាត់ស្ថិតនៅក្នុងប្រទេសមួយដែលខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ផ្ទុយទៅវិញ បើគាត់ចេះផលិតឧបករណ៍ ដែលទាក់ទងនឹងល្បែង ប្រហែលមានសង្ឋឹមច្រើន🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s