ប្រទេស​កម្ពុជា​នឹង​មាន​រោងចក្រ​ផលិត​រថយន្ត​នៅ​ឆ្នាំ​២០១៥

ដោយ៖ ម៉ៃ​ គុណមករា (ភ្នំពេញប៉ុស្តិ៍)

ពិធីចុះហត្ថលេខា​​វិនិយោគ​​រួម​​គ្នា​​រវាង​​ក្រុម​ហ៊ុន​ BIW និង​ក្រុមហ៊ុន​ក្នុងស្រុក​ ACICA

ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​រថយន្ត BIW​ របស់​អង់គ្លេស បាន​ចុះ​ហត្ថលេខា​វិនិយោគ​រួម​គ្នា​មួយ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក ACICA Automotive (Cambodia) ចំនួន​២​ពាន់​លាន​ដុល្លារ​ ដើម្បី​សាង​សង់​រោងចក្រ​ផលិត​រថយន្ត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៥។

កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​រវាង​លោក Robin Bower នាយក​ក្រុម​ហ៊ុន BIW និង​លោក អាល់ រមនី នាយក​ក្រុមហ៊ុន ACICA កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ផលិត​រថយន្ត​ក្នុង​តម្លៃ​ថោក​នៅ​កម្ពុជា។

ក្រុមហ៊ុន ​នេះ ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន​ប្រហែល ៣០​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ដើម្បី​លក់​ក្នុង​ស្រុក និង​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា​ នៅ​លើ​ទីផ្សារ​ពិភពលោក​ផង​ដែរ។

ជាមួយ ​នឹង​ដើម​ទុន​វិនិយោគ​ដ៏​ច្រើន​នេះ លោក អាល់ រមនី បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ នឹង​ចំណាយ​ទឹក​ប្រាក់ ៤៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​សាង​សង់​រោងចក្រ​អគ្គិសនី​ថ្មី​មួយ ដើម្បី​ផ្គត់ផ្គង់​ដល់​រោង​ចក្រ និង ១​ពាន់​លាន​ដុល្លារ សម្រាប់​សាង​សង់​ទីក្រុង​ថ្មី ហេដ្ឋា​រចនា​សម្ព័ន្ធ ទឹក​ស្អាត និង​រោង​ចក្រ​បន្សុទ្ធ​ទឹក ចំណែក​ដើម​ទុន​នៅ​សល់ នឹង​ប្រើប្រាស់​សម្រាប់​គម្រោង​ផលិត​រថយន្ត។

លោក ​បន្ត​ថា៖ «ពិធី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ មិន​មែន​មាន​ន័យ​ថា ពួក​គេ​ កំពុង​ផ្គត់ផ្គង់​ដល់​ពួក​យើង​ឡើយ​។ អ្នក​ជំនាញ​មក​ពី​ចក្រភព​អង់គ្លេស នឹង​នាំ​យក​បច្ចេក​វិទ្យា​​ថ្មី​បំផុត ដើម្បី​ផលិត​រថយន្ត​នៅ​ទីនេះ។ យើង​តាំង​ចិត្ត​ផលិត​រថយន្ត​ឲ្យ​បាន​នៅ​ចន្លោះ​ឆ្នាំ​២០១៥ និង ២០១៦ ដូច្នេះ​យើង​នឹង​ឃើញ​មាន​រថយន្ត​ផលិត​ក្នុង​ស្រុក។ កម្ពុជា នឹង​មាន​រថយន្ត​ថ្នាក់​ជាតិ ដែល​តំណាង​ឲ្យ​ប្រទេស​នេះ ដូច​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​អ្វី​ដែល​ខុស​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​យើង​នឹង​ផលិត​ម៉ាស៊ីន​ក៏​ដូច​ជា​តួ​រថយន្ត ដោយ​ខ្លួន​ឯង។ យើង​នឹង​មិន​ចាំបាច់​ទិញ​ពី​ក្រុមហ៊ុន​ផ្សេង​ឡើយ។ នេះ​មាន​ន័យ​ថា អ្វីៗ​គ្រប់​យ៉ាង ធ្វើ​នៅ​កម្ពុជា​»។

លោក​បន្ត​ថា ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ថ្មី​នេះ នឹង​ត្រូវ​ការ​​ដី១​ពាន់​ហិក​តា  ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។

លោក Robin Bowyer បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​លើ​ពិភពលោក​។

លោក ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក​បាន​សម្រេច​ចិត្ត​សហការ​ជាមួយ​ក្រុម​ហ៊ុន​ ACICA ដោយ​សារ​តម្រូវ​ការ​នៅ​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រទេស​នេះ នឹង​ក្លាយ​​ជា​ប្រទេស​ផលិត​រថយន្ត​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ពិភពលោក។

លោក ​ថ្លែង ថា៖ «​យើង​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន នៅ​លើ​ពិភព​លោក។ យើង​ចាប់​អារម្មណ៍​នឹង​ការ​ផលិត​រថយន្ត​ដែល​ប្រជាជន​នៅ​លើ​ពិភព​លោក​អាច​ទិញ ​បាន ក្នុង​តម្លៃ​សមរម្យ​ ដូច្នេះ ប្រជាជន​ដែល​មាន​ម៉ូតូ អាច​ប្តូរ​ទៅ​ប្រើ​រថយន្ត​បាន»។

លោក​បន្ត​ថា ការ​ផលិត​ក្នុង​តម្លៃ​សមស្រប ជា​ការ​ពិបាក​មួយ​ក្នុង​ការ​សម្រេច​បាន​គុណ​ភាព ការ​ជឿ​ទុក​ចិត្ត ប្រសិទ្ធភាព និង​អំណោយ​ផល​ដល់​បរិស្ថាន ហើយ​ការ​លក់​ក្នុង​តម្លៃ​ថោក ធ្វើ​ឲ្យ​ប្រជាជន​ចង់​បាន​រថយន្ត​នេះ ដោយ​សារ​វា​ជា​ម៉ូដ​ថ្មី។ នេះ​ជា​គម្រោង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​វា​បាន​ទាក់​ទាញ​យើង​ឲ្យ​អនុវត្ត​គម្រោង​នេះ ដោយ​សារ​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភព​លោក​បាន​ធ្វើ​គម្រោង​ធំ​ៗ​។

លោក Robin Bowyer បាន​លើក​ឡើង​ថា៖ «​វា​នឹង​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ យើង​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​កម្ពុជា និង ACICA ឲ្យ​យើង​ធ្វើ​ជា​ដៃ​គូ លើ​គម្រោង​នេះ។​ ម្យ៉ាង​វិញ​ទៀត​ យើង​​នឹង​ធ្វើ​វា​ឲ្យ​បាន​តាម​ដែល​យើង​អាច​ធ្វើ​វា​បាន ដោយ​យើង​អាច​នាំ​យក​បច្ចេក​វិទ្យា​មក​ក្នុង​ប្រទេស​នេះ និង​បណ្តុះ​បណ្តាល​ប្រជាជន​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​ជា​មួយ​យើង»។

ក្រុមហ៊ុន នឹង​អភិវឌ្ឍ​គម្រោង​បច្ចេកទេស​ដំបូង រចនា​ម៉ូដ​រថយន្ត និង​ធ្វើ​តេស្ត​វា។ រោង​ចក្រ​នេះ នឹង​អាច​ផលិត​គ្រឿង​បន្លាស់​តួ និង​គ្រឿងផ្សេង​ៗ​បាន។ ក្រុមហ៊ុន​នេះ ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​សម្រាប់​ជា​កន្លែង​ផ្គត់​ផ្គង់ ផលិត​កង់​រថយន្ត ចង្កូត កង់​រថយន្ត និង​កញ្ចក់​ផង​ដែរ។

លោក ​ថ្លែង​ថា៖ «​យើង​នឹង​ធ្វើ​ឲ្យ​គម្រោង​នេះ​កើត​ឡើង​បាន​តាម​ដែល​យើង​អាច​ធ្វើ​វា​បាន។ យើង​នឹង​អញ្ជើញ​ក្រុម​ហ៊ុន​ជា​ច្រើន មក​បង្កើត​នៅ​ទីនេះ ដើម្បី​​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីក្រុង​ផលិត​រថយន្ត»​។

លោក​បន្ថែម​ទៀត ថា សមត្ថភាព​ដំបូង​ដែល​រោង​ចក្រ​នេះ អាច​ផលិត​រថយន្ត​បាន​គឺ ២៥០ ០០០​គ្រឿង ក្នុង​មួយ​ឆ្នាំ​។ នេះ​មាន​ន័យ​ថា រៀង​រាល់​មួយ​ម៉ោង​កន្លះ​ រោងចក្រ​នេះ​អាច​ដំណើរ​ការ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ហើយ​ម៉ោង​ការ​ងារ នឹង​មាន​បី​វេន។

លោក អាល់ រមនី បាន​ឲ្យ​ដឹង​ថា រថយន្ត​តូចៗ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៧​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។ លោក​បាន​ឲ្យ​ដឹង​ថា យើង​កំណត់​តម្លៃ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​រថយន្ត​តូច​ៗ​នៅ​ កម្ពុជា។ ខ្ញុំ​គិត​ថា យើង​នឹង​អាច​ផ្តល់​តម្លៃ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​បាន។

បច្ចុប្បន្ន ​តម្រូវ​ការ​រថយន្ត​ម៉ាក​ថ្មីៗ​នៅ​កម្ពុជា​មាន​ប្រហែល ២ ៥០០ ទៅ ៣​ពាន់​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ចំនួន​ក្រុម​ហ៊ុន​ដែល​មាន​សិទ្ធិ​ត្រឹមត្រូវ មាន​ប្រហែល​១០​ប៉ុណ្ណោះ។​ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់ Ford​។

លោក​ Robin បាន​លើក​ឡើង​ថា៖ «យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​នេះ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា យើង​នឹង​អាច​ផលិត​រថយន្ត​ក្នុង​តម្លៃ​ថោក ហើយ​អ្នក​ទិញ អាច​រ៉ាប់​រង​បាន»។

លោក ​ថ្លែង​ថា​៖ «នេះ​មិន​មែន​ជា​រថយន្ត​ថ្លៃ​ឡើយ។ ប្រសិន​បើ​អ្នក​មាន​រថយន្ត​តម្លៃ​ថោក ហើយ​មាន​គុណភាព​ខ្ពស់ យើង​អាច​នាំ​ចេញ​បាន ហើយ​យើង​ធ្វើ​នៅ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង»៕ CS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s