ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Thursday, 02 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

លោក សម រង្ស៊ី​​​ មេ​បក្ស​សង្គ្រោះ​ជាតិ​​។ រូបថត Bloomberg និង លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។ រូបថត ហេង ជីវ័ន

កាល​នៅ​ពី​តូច ​ខ្ញុំ​អង្គុយ​មើល​ចាស់ៗ​លេង​អុក និង​សូម​សរសើរ​គាត់ ក្នុង​ការ​គិត​ពិចារណា ​មុន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​មួយ​ជំហានៗ​។

រហូត​មក​ដល់​អាយុ​ជាង​៤០​ទៅ​ហើយ ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​មិន​អាច​លេង​បាន​ល្អដូច​ចាស់ៗ​ពី​ជំនាន់​មុន​ទេ អ៊ីចឹង​ហើយបាន​ជា​ខ្ញុំ ​តែង​តែ​លេង​ធ្វើ​ចាញ់​រហូត ដើម្បី​ រៀន​ពី​អ្នក​ពូកែៗដទៃ​ទៀត​ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​រៀន​មិន​ចេះ​អស់​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ការ​ប្រកួត​អុក​ថ្នាក់​ជាតិ​ ហើយ​ខ្ញុំ​អង្គុយ​មើល​ឡើង​ភ្លេច​បាយ​ ភ្លេច​ទឹក​ដោយ​លាន់​មាត់ កោត​សរសើរ​ពី​យុទ្ធសាស្រ្ត​របស់​អ្នក​លេង​ថ្នាក់​ជាតិ​ទាំង​នោះ​ខ្លាំង​ណាស់ ​។ ក្នុង​ល្បែង​នេះ គឺ​លេង​លើ​ក្តារ​បន្ទះ​ដែល​មាន ៦៤ ក្រឡា​ហើយ​អ្នក​លេង​មាន​តែ​ពីរ​នាក់​ទេ គឺ​ភាគ​ច្រើន​ម្ខាង​កាន់​កូន​ពណ៌​ស និង​ម្ខាង​ទៀត​កាន់​កូន​ពណ៌​ខ្មៅ​។ កូន​អុក​គឺ​មាន​១៦ ក្នុង​នោះ​គឺ​មាន ត្រី ៨ សេះ ២ ទូក​២ គោល​២ នាង១ និង​ស្តេច​(អង្គ)១ ហើយ​ត្រី គឺ​ត្រូវ​បាន​គេ​រៀប​ឲ្យ​នៅ​ជួរ​មុខ ក្រៅ​ពី​នេះ គឺ​នៅ​ជួរ​ក្រោយ​ជាមួយ​ស្តេច​។

អ្នក​លេង​មាន​វិធី​ច្រើន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ដើរ​ត្រី​ទៅ​មុខ​កូន​នាង​មុន ដើម្បី​ឲ្យ​កូន​នាង​អាច​ឡើង​បាន ហើយ​បាន​បោះ​សេះ​ឡើង តែ​អ្នក​ខ្លះ គឺ​បោះ​សេះ​ឡើង​តែ​ម្តង​។ តែ​ទោះ​ជា​យ៉ាង​ណា ត្រី​នៅ​តែ​ចាត់​ទុក​ថា ជា​កូន​ដែល​មិន​សូវ​សំខាន់​សម្រាប់​អ្នក​លេង​មួយ​ចំនួន​ធំ ហើយ​ចុង​ក្រោយ​គឺ​ទុក​តែ​២ ឬ បី ដេញ​សម្លាប់ គូ​បដិបក្ខ។ តាម​តែ​ជំនាញ​រៀងៗ​ខ្លួន ដែល​អ្នក​ខ្លះ​ពូកែ​សេះ​គឺ​គេ​ទុក​សេះ ដើម្បី​សម្លាប់ ហើយ​អ្នក​ខ្លះ​ទៀត គឺ​គេ​ទុក​ត្រី​៣ ឬ​ហៅ​ថា ត្រី​ទឹម​។ តែ​អ្នក​ពូកែ​លេង គឺ​ទុក​កូន​សំខាន់ៗ ទៅ​តាម​កាលៈទេសៈ​។ ជា​ធម្មតា​កូន​ដែល​គេ​ទុក គឺ​គេ​មិន​ដើរ​មុន​ដំបូង​ទេ គឺ​ដើរ​ក្នុង​ឱកាស​ដែល​ត្រូវ​ដើរ ហើយ​ដើរ​មក​រក​ស្តេច​តែ​ម្តង។ គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ថា យុទ្ធសាស្រ្ត​អ្នក​លេង​ដែល​ល្អ​បំផុត គឺ​ការពារ​មិន​ឲ្យ​ទូក ឬ​សេះ របស់​សត្រូវ ចូល​មក​ទី​លាន​ខាង​ក្នុង​របស់​ខ្លួន ហើយ​ការពារ​ត្រី​មិន​ឲ្យ​ឡើង​មក​បក។

ប្រិយ​មិត្ត​ដឹង​ទេ មាន​អ្នក​ពូកែ​លេង​អុក​ពីរ​នាក់​ដែល​លេង​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​ឥឡូវ នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ គឺ​រុញ​ទៅ រុញ​មក ដេញ​ទៅ ដេញ​មក ហើយ​ពេល​ខ្លះ ខ្ញុំ​ខំ​តាម​ដាន រហូត ដាច់​បាយ​ដាច់​ទឹក​ក៏​មាន។

មុន​នេះ​បន្តិច ម្នាក់​ដែល​ពូកែ​លេង និង​ល្បី​ជាង​គេ គឺ​លេង ១ ទល់ ២។ មាន​ន័យថា គាត់​លេង លើ​ក្តារ​ពីរ ក្នុង​ពេល​តែ​មួយ គឺ​គាត់​ម្នាក់​ឯង ប្រកួត​ជាមួយ​អ្នក​លេង​ពីរ​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។ តែ​គួរ​ឲ្យ​ស្តាយ ដៃ​គូ​ម្ខាង​ទៀត បាន​ចុះ​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ហើយ​លើក​ទង់​ជ័យ​ស ថា​ឈប់​លេង​អុក​ជា​រៀង​រហូត។ ឥឡូវ​នៅ​សល់​តែ​មួយ​ទល់​មួយ គឺ​សម្តេច តេជោ ហ៊ុន សែន​និង​ឯក​ឧត្តម​សម រង្ស៊ី។

ក្នុង​រូបភាព​ខាង​ក្រៅ សម្តេច​ហ៊ុន សែន លេង​បាន​ល្អ​និង​មាន​ប្រៀប​ជាង ឯកឧត្តម សម រង្ស៊ី តែ​តាម​ពិត​បែរ​ជា​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ជា​ច្រើន ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន​។ មើល​ទៅ​សម្តេច​បាន​មើល​ស្រាល​ឯក​ឧត្តម សម រង្ស៊ី​ពេក​ហើយ​។ អ្វី​ដែល​យើង​គ្រប់​គ្នា​មើល​ឃើញ​ពី​យុទ្ធសាស្រ្ត របស់ សម្តេច ហ៊ុន សែន គឺ​វាយ​ប្រហារ​មុន បាន​ការពារ​ជា​ក្រោយ ឬ​ថា ពង្រីក​មុន ពង្រឹង​ក្រោយ​។ ជាក់​ស្តែង ដូច​ជា សម្តេច​បាន​វាយ​រុល​ទៅ​មុខ និង​សម្ញែង​ឫទ្ធិ នៅ​ជួរ​មុខ​យ៉ាង​ខ្លាំង តែ​បែរ​ជា​បន្សល់​ទុក នូវ​ចំណុច​ខ្សោយ​ជា​ច្រើន​កន្លែង​ជា​ពិសេស គឺ​ស្តេច (អង្គ) តែ​ម្តង មាន​ការ​ការពារ​ដែល​មិន​មាន​ភាព​រឹង​មាំ​ធ្វើ​ឲ្យ​ត្រី​បក​និង​សេះ​របស់​ឯក ឧត្តម​សម រង្ស៊ី ឡើង​សន្សឹមៗ ជិត​ដល់​ស្តេច​រៀប​តែ​នឹង​អុក​ទៅ​ហើយ។ ពេល​នេះ ស្តេច​(អង្គ)​របស់​សម្តេច​ហ៊ុន សែន កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ហើយ នៅ​រង់ចាំ​តែ​កូន​មួយ ឬ​ពីរ​ទៀត​របស់ ឯក​ឧត្តម​សម រង្ស៊ី ឡើង​មក គឺ​សង្គ្រប់​យក​តែ​ម្តង។ តែ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន ហាក់​បី​ដូច​ជា​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ខំ​ការពារ​យ៉ាង​មុត​មាំ ដោយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត មិន​ឲ្យ​កូន​អុក របស់ ឯក​ឧត្តម សម រង្ស៊ី ចុះ​មក​ថែម​ទៀត​ទេ​ទោះ​ត្រូវ​អស់​គោល អស់​សេះ​អស់​ទូក​ក៏​ដោយ ហើយ​ថែម​លើ​នេះ​ទៀត គឺ​កំពុង​តែ​រក​វិធី​កម្ចាត់​កូន​ដែល​កំពុង​តែ​កៀក​ស្តេច របស់​សម្តេច​ចោល​ដែរ​។

ចំណែក​ឯ ឯកឧត្តម សម រង្ស៊ី វិញ ក៏​បាន​ដឹង​ថា សម្តេច​ហ៊ុន​សែន ដឹង​ខ្លួន និង​យល់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក៏​បង្កើន​យុទ្ធសាស្រ្ត​បន្លំ​និង​ ឆ្ពិន​ភ្នែក ជន្ល​ឆ្វេង វាយ​ស្តាំ ដោយ​ប្រើ​ប្រាស់ កូន​អុក​របស់​ខ្លួន​ផ្សេងៗ​ទៀត វាយ​លុក​ចំណុច​ខ្សោយ ដើម្បី​ឲ្យ​សម្តេច​ដក​កូន​មក​ជួយ​ចំណុច​ខ្សោយ តែ​តាម​ពិត​គឺ​ដើម្បី​បំបែក​ចំណុច​ខ្លាំង ថែម​ទាំង​ឡើង​កូន​សំខាន់ៗ​ទៅ​កាន់​តែ​កៀក​ស្តេច​របស់ សម្តេច ហ៊ុន សែន​ដើម្បី​សម្លាប់​តែ​ម្តង​។

ថ្មីៗ​នេះ ត្រី​បក​របស់​ឯកឧត្ដម​សម រង្ស៊ី ឡើង​បាន​ច្រើន​គួរសម ដោយ​បន្លំ​ដៃ​គូ​បដិបក្ខ​របស់​ខ្លួន​ថា កំពុង​តែ​វាយ​ប្រហារ​ចំណុច​សំខាន់ៗ​របស់​សម្តេច ហ៊ុន សែន តែ​តាម​ពិត​គឺ​កំពុង​បង្វែរ​ទិស​ដៅ ទៅ​រក​ស្តេច​ដែល​កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ឯ​ណោះ​ទេ។ ជា​ការ​ធ្វេស​ប្រហែស​មួយ​គឺថា សម្តេច ហ៊ុន សែន កំពុង​តែ​ប្រើ​វិធី​យក​ត្រី​សម្លាប់​ត្រី​យក​សេះ​សម្លាប់​សេះ យក​ទូក សម្លាប់​ទូក ឬ​ថា លូក​ដៃ​កាត់​ដៃ លូក​ជើង​កាត់​ជើង​។ វិធី​នេះ​ត្រូវ​ចិត្ត ត្រូវ​ថ្លើម ឯក​ឧត្តម សម រង្ស៊ី ជា​ខ្លាំង ធ្វើ​ឲ្យ​ឯកឧត្តម​ជន្ល​កាន់​តែ​ខ្លាំង​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។ នេះ​មក​ពី​សម្តេច ឆេវឆាវ​ពេក​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​កំពុង​តែ​ភ័យ​និង​កំពុង​តែ​ ខឹង។

តាម​យុទ្ធសាស្រ្ត​សង្រ្គាម របស់ ស៊ុន ជឺ គឺ​ត្រូវ​គេច​ចេញ​ពី​ចំណុច​ខ្លាំង​របស់​សត្រូវ​ហើយ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ របស់​សត្រូវ​។ យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​ដល់ គូ​សត្រូវ​របស់​ខ្លួន​។ ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ហើយ​បាន​និង​កំពុង​តែ​ត្រូវ​បាន​ត្រី​បក របស់ ឯកឧត្តម សម រង្ស៊ី វាយ​ប្រហារ​យ៉ាង​ទាន់​ពេល​វេលា​។ អ្វី​ដែល​គេ​ឃើញ​កាន់​តែ​ច្បាស់ គឺ​សម្តេច បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច ដោយ យក​គោល យក​សេះ យក​ទូក ដែល​កំពុង​តែ​ការពារ​ស្តេច​(អង្គ) ទៅ​ទប់​ការ​វាយ​ប្រហារ​នេះ​ទៅ​វិញ។ ចំណុច​នេះ​សម្តេច ហ៊ុន សែន កំពុង​តែ​បើក​ចំហ​មុខ​ស្តេច​របស់​ខ្លួន ឲ្យ​ទូក​របស់​គេ ដែល​រង់​ចាំ​នៅ​ទីនោះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​រង់​ចាំ​តែ​ឱកាស​វាយ​ប្រហារ​ប៉ុណ្ណោះ​។ ឥឡូវ​សម្តេច ហ៊ុន សែន បាន​ស៊ី​កូន​ត្រី​ដែល​នៅ​រា​រាំង​ធ្វើ​ជា​របង​ការពារ ស្តេច​(អង្គ)​របស់​សម្តេច​ដែល​តាម​ពិត កូន​ត្រី​នោះ​ជា​នុយ​របស់​គេ​ទេ​។ ឥឡូវ​គឺ​ធ្លាយ ពីរ​ច្រក​ហើយ គឺ​ច្រក​មុខ​ស្តេច និង​ខាង​ឆ្វេង​ស្តេច​។

អ្នក​លេង​អុក​ពូកែ​គឺ​យក​កូន​របស់​សត្រូវ​ធ្វើ​ជា​របង​ការពារ​ស្តេច ហើយ​នៅ​ពី​ក្រោយ គឺ​ត្រៀម​គោល​មួយ និង​សេះ​មួយ​ចាំ​ជួយ​ទប់​។ គេ​រៀប​ការពារ​សិន មុន​នឹង​វាយ​ប្រហារ តែ​សម្តេច​ហ៊ុន សែន​វាយ​ប្រហារ​មុន បាន​មក​រៀប​ទ័ព​ការពារ​ស្តេច​ជា​ក្រោយ​។ ពិត​ជា​គ្រោះថ្នាក់​ណាស់​។ សូម​កុំ​ភ្លេច​ថា ការ​បោះឆ្នោត​ឈ្នះ​ឬ​ចាញ់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ទេ។ ឯក​ឧត្តម សម រង្ស៊ី អុក​បញ្ឆោត​ឬ​ដេញ​បញ្ឆោត តែ​មិន​មែន​ជា​ចំណុច​របស់​ឯកឧត្តម​សម រង្ស៊ី ចង់​បាន​ទេ។

សម្តេច​ហ៊ុន សែន​ក៏​បាន​ដឹង​ដែរ ថា ឯក​ឧត្តម សម រង្ស៊ី នឹង​ចំណាយ​គោល​មួយ​នេះ(លទ្ធផល​នៃ​ការ​បោះឆ្នោត ២០១៣)​ដើម្បី​ឡើង​ត្រី​យក​ត្រី​បក និង​ឡើង​កូន​ផ្សេងៗ​ទៀត​មក​ក្បែរ​ស្តេច​របស់​សម្តេច ហ៊ុន សែន។ ត្រូវ​ចាំ​ថា ចុង​បញ្ចប់​នៃ​ល្បែង​នេះ​គឺ​អ្នក​ចាញ់ និង​អស់​សិទិ្ធ​ឡើង​សង្វៀន​បន្ត​ទៀត ដូច​ជា​ករណី​សម្តេច​ក្រុម​ព្រះ​អ៊ីចឹង​ហើយ​អ្នក​ដែល​ឈ្នះ នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ថ្មី​ទៀត។

ចំណុច​ខ្សោយ​របស់ សម្តេច ហ៊ុន សែន គឺ​មាន​ជាក់​ស្តែង​ដូច​ជា​ការ​ដែល​សម្តេច​មិន​ឲ្យ​ឯកឧត្តម​សម រង្ស៊ី​ចូល​ស្រុក​គឺ​សម្តេច​ចាញ់​បោក​ឯកឧត្តម សម​រង្ស៊ី​តែ​ម្តង​។ សម្តេច ហ៊ុន សែន ខ្លូន​ឯង ក៏​ដឹង​ដែរ​ថា ឯកឧត្តម​សម​រង្ស៊ី​មិន​ចង់​ចូល​ស្រុក​ប៉ុន្មាន​ទេ​ព្រោះ​នៅ​ក្នុង​ស្រុក​គឺ​ មាន​គ្រោះថ្នាក់​គ្រប់​ជំហាន។ តែ​បើ​គង់​តែ​ចេញ គឺ​ត្រូវ​វាយ​ប្រហារ​ចំណុច​ខ្សោយ​មួយ​សិន ឬ​ថា គង់​តែ​ចេញ ក៏​ត្រូវ​តែ​ចេញ​ឲ្យ​មាន​ហេតុ​ផល ឬ​ស្រប​កាលៈទេសៈ​។ វិធី​នេះ​ហៅ​ថា យក​ឆ្ងាយ បង្ក្រាប​ជិត ឬ​បោះ​សន្ទូច​រំលង​ភ្នំ​។ វិធី​នេះ គឺ​មាន​យូរ​ហើយ ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​។ តែ​ទោះ​ជា​យ៉ាង​ណា បើ សម្តេច ហ៊ុន សែន ដក​ឃ្លា យក​ពេល​មក​គិត ពិភាក្សា​ជាមួយ អ្នក​ប្រាជ្ញ នៅ​ជុំវិញ​ខ្លួន កុំ​ស្តាប់​តែ​អ្នក បញ្ចើច​បញ្ចើ សម្តេច នឹង​អាច​រក វិធី​ទប់​ទល់​បាន​។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា មិត្ត​ដែល​ល្អ​គឺជា​អ្នក​ដែល​និយាយ​អាក្រក់​ពី​យើង នៅ​ចំពោះ​មុខ​យើង​ហើយ​និយាយ​ល្អ​ពី​យើង​ពេល​នៅ​ពី​ក្រោយ​យើង​។

វិធីសាស្រ្ត​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​អាច​ស្តារ​ស្ថានភាព​បាន គឺ​រក​វិធីសម្លាប់​ត្រី​បក​ឲ្យ​អស់ ហើយ​ទាញ​គោល មក​ដេញ​សេះ​ដែល​គាប​ស្តេច​ជាប់​។ វិធី​នេះ ហៅ​ថា​វិធី​កាត់​បេះដូង​ជូន​ម្តាយ​។

ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា នរណា​ជា​តួ​អង្គ​ស្តេច​(អង្គ) នរណា​ជា​តួ​អង្គ​គោល នរណា​ជា​តួអង្គ​សេះ នរណា​ជា​តួ​អង្គ​ត្រី នរណា​ជា​តួ​អង្គ​ទូក នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​អ្នក​លេង ខ្លួន​ឯង គឺ​ដឹង​ច្បាស់​ណាស់ ជា​ពិសេស ខ្ញុំ​បាទ​ល្បី​ថា សម្តេច ហ៊ុន សែន​ជា​កំពូល​អ្នក​លេង​អុក​លេខ​មួយ នៅ​ស្រុក​ខ្មែរ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ហើយ​សម្តេច ហ៊ុន សែន ក៏​បាន​ដឹង​ច្បាស់​ហើយ​ដែរ ថា អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​សម្តេច គឺ​គាំទ្រ​សម្តេច តែ​សម្បក​ខាង​ក្រៅ​ទេ តែ​កាលៈទេសៈ​មក​ដល់ គឺ​គេ​ប្រែ​ក្រឡះ​ភ្លាម​។ ទាំង​នេះ គឺ​មក​ពី​សម្តេច​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​ហើយ ជា​ត្រី​បក​មួយ ក្នុង​ចំណោម​ត្រី​បក​ជា​ច្រើន របស់ ឯកឧត្តម សម រង្ស៊ី កំពុង​តែ​ប្រើ ហើយ​សម្តេច ក៏​ដឹង​ដែរ​។ យើង​ទាំង​អស់​គ្នា នឹង​រង់​ចាំ​មើល ការ​ប្រកួត​មួយ​នេះ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​?

បើ​ប្រិយ​មិត្ត​គាំទ្រ​ខ្ញុំ​បាទ​នឹង​សរសេរ​ការ​វិភាគ​នយោបាយ​តាម​របៀប អ្នក​លេង​អុក​នេះ​ទៅ​ទៀត នៅ​ពេល​មាន​ការ​វិវឌ្ឍ​អ្វី​មួយ​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង ប្រិយមិត្ត៕

ពី​ខ្ញុំ​បាទ ប៉ែន សុជីវន្ត នៅ​ខេត្ត រតនគិរី

———————————————

ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Wednesday, 08 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

ក្នុង​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ​គឺ​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​រិះ​គន់​ផង ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​គួរ​ឲ្យ​មាន​មោទនភាព​មែន​។ ខ្ញុំ​ឮ​ថា មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ពី​ស្រុក មេមត់ ខេត្ត​កំពង់ចាម តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាទ​មិន​បាន​ស្តាប់​នូវ​ប្រតិកម្ម​របស់​សម្តេច។

សូម​អរគុណ​សម្តេច​ហ៊ុន សែន ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​ខ្ញុំ​បាទ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​មោទនភាព ជា​ពន់ពេក។ ខ្ញុំ​ចង់​បន្ត​ពី​អត្ថបទ​មុន​បន្តិច ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឡា​អុក ដែល​អ្នក​នយោបាយ​ពីរ​នាក់(​សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី) បាន​ចង ហើយ​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់។ ខ្ញុំ​នៅ​តែ​គិត ដូច​ដែល​បាន​បរិយាយ​ក្នុង​អត្ថបទ​មុន​របស់​ខ្ញុំ គឺ​ថា ឯកឧត្តម សម រង្ស៊ី មិន​ទាន់​ចង់​ចូល​ស្រុក​ទេ បើ​កាលៈទេសៈ​មិន​ចាំ​បាច់ ហើយ​លោក ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន​នឹង​មិន​ឲ្យ​លោក ចូល​ស្រុក​មុន​ពេល​បោះឆ្នោត​២០១៣​នេះ​ដែរ។

ដូច្នេះ​ហើយ មុន​នឹង​លោក សម្រេច​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ ២០០៩ គឺ​លោក​បាន​កំណត់​បេក្ខភាព​ជំនួស​លោក រួច​ជា​ស្រេច​ហើយ​។ តាម​ពិត បើ​មើល​ពី​ការ​វិវត្ត​នៃ​ស្ថានការណ៍ គឺថា ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី បាន​ព្រម​ព្រៀង រៀប​ក្បួន​នេះ​ទុក​ជា​មុន​រួច​ស្រេច​ហើយ ហើយ​ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​យក​លេស ពី​បញ្ហា​នេះ បញ្ហា​នោះ គឺ​គ្រាន់​តែ​យុទ្ធវិធី​បំភាន់​ភ្នែក សម្តេច ហ៊ុន សែន មួយ​ប៉ុណ្ណោះ​។ ជា​ពិសេស គឺ ឯកឧត្តម សម រង្ស៊ី ចង់​បង្ហាញ​ដល់​សាធារណជន​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ដែល​មិន​ចង់ ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ពេល​នោះ បើ​សម្តេច ហ៊ុន សែន មិន​បញ្ចេញ​ខ្សែ​អាត់ សំឡេង រវាង ឯក ឧត្តម កឹម សុខា និង សម្តេច នោះ​ប្រហែល​ជា​ចំណេញ​ជាង​។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ គ្មាន​ពាក្យ​ពេចន៍​ណា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា​ទេ តែ​ឯកឧត្តម សម សង្ស៊ី ចេះ​តែ​ធ្វើ​ខឹង ច្រឡោត​តោត​តូង ហើយ​ធ្វើ​ជា​ចោទ ឯកឧត្តម កឹម សុខា ថា​ជា​គណបក្ស​ចំណុះ​ឲ្យ​សម្តេច ហ៊ុន សែន។ តែ​តាម​ពិត គឺ​ជា​វិធីសាស្រ្ត ជន្ល​ឆ្វេង វ៉ៃ​ស្តាំ តែ​ប៉ុណ្ណោះ​។ វិធី​នេះ​បាន​ជោគជ័យ​ដោយ​បាន​បន្លំ ភ្នែក សម្តេច ហ៊ុន សែន រហូត​បាន​បង្កើត​គណបក្ស​រួម​គ្នា​មួយ​បាន នៅ​ចុង​ឆ្នាំ​២០១២។

នេះ​ជា​ផែនការ​មួយ របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង ដោយ​កាលៈទេសៈ​បង្ខំ​កាល​ពី​ពេល​នោះ ឲ្យ​ទៅ​ជា​គណបក្ស​មួយ​ដែល​អាច​ទាក់​ទាញ អ្នក​នយោបាយ​ផ្សេងៗ​ឲ្យ​មក​ចូល​រួម ជា​ពិសេស គឺ​អ្នក​នយោបាយ ពី​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច និង​អតីត គណបក្ស​របស់ លោក​តា សឺន សាន ដែល​អ្នក​នយោបាយ​ទាំង​នេះ កំពុង​តែ​តែល​តោល បង្ខំ​ចិត្ត​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់​ជ្រក​ក្រោម​គណបក្ស​ប្រជាជន និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​សព្វ​ថ្ងៃ ហើយ​អ្នក​ខ្លះ​ក៏​សុខ​ចិត្ត​អង្គុយ​ទំនេរ​ផឹក​កាហ្វេ រង់​ចាំ​ម្ចាស់​ដែល​ខ្លួន​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សា​ជា​ថ្មី ជាក់​ស្តែង ដូច​ជា ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយ​ក៏​មាន​អ្នក​ប្រាជ្ញ​នយោបាយ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត កំពុង​តែ​លាក់​ខ្លួន​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល ឬ ក៏​ចេញ​ឈ្មោះ​ដែរ តែ​ត្រឹម​តែ ជា​អ្នក​វិភាគ​នយោបាយ ឬ​សេដ្ឋកិច្ច​ឯករាជ្យ​តែ​ប៉ុណ្ណោះ។ ពីព្រោះ ឯកឧត្តម សម រង្ស៊ី ដឹង​ខ្លួន​ឯង ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស​ឥឡូវ​នេះ ក៏​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ដែរ គឺ​មាន​តែ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ដែល​មិន​ដល់​១០០ នាក់​ផង ដែល​ការ​ដឹក​នាំ​ប្រទេស​មួយ យ៉ាង​ហោច​ណាស់ ក៏​តម្រូវ​ឲ្យ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ចាប់​ពី​ថ្នាក់ ស្រុក រហូត​ដល់​ថ្នាក់ រដ្ឋ​មន្ត្រី ដែល​សរុប​ទៅ​ក៏​ជាង ១ ម៉ឺន​នាក់​ដែរ​។ ១ ម៉ឺន​នាក់​នេះ គឺ​គិត​តែ​ពី​បញ្ញវន្ត ក្នុង​កៅអី ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ។

បើ​មិន​អាច​ប្រមូល​ធនធាន​មនុស្ស​ទាំង​នោះ​បាន​ទេ ការ​ឈ្នះ ឆ្នោត ២០១៨ នឹង​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង​មិន​ខាន។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ធ្វើ​ម៉េច​ឡើង​កូន​អុក​របស់​ខ្លួន​ឲ្យ​ប្រកៀក​នឹង​គណបក្ស ប្រជាជន បន្ទាប់​ពី​បោះឆ្នោត ២០១៣ នេះ ដើម្បី​បើក​ផ្លូវ​(ផ្តល់​ជា​សញ្ញា ឬ​ជា​ក្តី​សង្ឃឹម) ដល់​កូន​អុក(ធន​ធាន​មនុស្ស)​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​តែ​រៀប​ជើង​ព្រួល ចូល​រួម​ជា​កម្លាំង​វាយ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ ២០១៨។

បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខាង​លើ​វា​ជា​ការ​ពិត ឯកឧត្តម សម រង្ស៊ី ពិត​ជា​មនុស្ស​ដែល​មាន​ក្រសែ​ភ្នែក​វែង​ឆ្ងាយ​ណាស់ ហើយ​ក៏​មាន​ន័យ​ថា ឯក ឧត្តម សម រង្ស៊ី បាន​សម្លឹង​ឃើញ​ក្រឡា​អុក​មួយ​នេះ ១០ ទៅ ២០ ជំហាន​មុន​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត បើ​ខ្ញុំ​គិត​មិន​ខុស​ទេ វិបត្តិ​ដីធ្លី (ករណី​អ្នក​ភូមិ បឹង​កក់ អ្នក​ភូមិ បុរី​កីឡា។ល។) បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​ប្រាក់​បៀវត្សរ៍​របស់ កម្មករ មន្ត្រី​រាជការ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ឯកឧត្តម សម រង្ស៊ី​បាន​ប្រមើល​មើល​ឃើញ​តាំង​ពី​ឆ្នាំ ដែល ឯកឧត្តម បាន​បង្កើត គណបក្ស​ជាតិ​ខ្មែរ​ថា នឹង​ជា​វិបត្តិ​មួយ​ដែល គណបក្ស​ប្រជាជន​របស់ សម្តេច ហ៊ុន សែន មិន​អាច​រ៉ាប់​រង​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​ជើង​សម្តេច​នៅ​ថ្ងៃ​ណា​មួយ​ មិន​ខាន។ ជាក់​ស្តែង រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ គណបក្ស​ប្រជាជន ដោះស្រាយ​ចំណុច​ណា​មួយ​ឲ្យ​ចេញ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

សម្រាប់ សម្តេច​ហ៊ុន សែន ក្រៅ​ពី​រក​វិធី​រំដោះ​ស្តេច (អង្គ) ចេញ​ពី​ការ​ឡោម​ព័ទ្ធ ដោយ​កូន​(អុក) ខ្លួន​ឯង ដែល​ចង​ពី​អតីតកាល (ភាព​ចាក់​ស្រេះ​នៃ​គ្រួសារ​និយម និង​បក្ខពួក​និយម ភាព​រង្គោះ​រង្គើ​នៅ​ក្នុង​បក្ស ការ​ឡោម​ព័ទ្ធ​ដោយ​អ្នក​បញ្ចើច​បញ្ចើ ដែល​មិន​ស្មោះ​ត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន) សម្តេច ត្រូវ​ចង​ក្រឡា ដើម្បី​ឡើង​ត្រី​បក​របស់​ខ្លួន ត្រៀម​ជំនួស​កូន​ត្រី​ចាស់ៗ ដែល​ប្រើ​ការ​លែង​កើត ហើយ​ពោរ​ពេញ​ដោយ​រឿង​អាស្រូវ។ ជាក់​ស្តែង​ដូច​ជា​ការ​បង្កើត​យុវជន ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចុះ​ជួយ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ការ​ដាក់​ឈ្មោះ​បេក្ខភាព​ក្មេង​ជំនាន់​ក្រោយ ដែល​ជា​កូន​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​កូន​ផ្ទាល់​ខ្លួន​របស់​សម្តេច ការ​បញ្ចូល​អង្គរក្ស​ផ្ទាល់​ខ្លួន​ជា​កង​ទ័ព​ស្រប​ច្បាប់​របស់​ជាតិ​ជាដើម។

ជាក់​ស្តែង​ណាស់ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សម្តេច លេង​អុក​មិន​ឲ្យ​ចាញ់​គេ​ទេ តែ​បើ​ដឹង​ថា ក្រឡា​ប្រុង​នឹង​ចាញ់ គឺ​សម្តេច​នឹង​គំរាម ហើយ​យុទ្ធសាស្រ្ត​ចុង​ក្រោយ គឺ​ត្រូវ​លេង​ឲ្យ​ស្មើ។ ក្នុង​រឿង​សាម​កុក ស៊ឺ ម៉ាអ៊ី ដែល​ជា​មេទ័ព​ខ្លាំង​របស់ ព្រះអង្គ​ម្ចាស់ ឆាវភី កូន​ឧបរាជ​ឆាវ​ឆាវ​និយាយ​ថា«ក្នុង​ប្រតិបត្តិការ​សឹក បើ​មាន​សមត្ថភាព វាយ​លុក គឺ​វាយ​លុក បើ​មិន​អាច គឺ​ត្រូវ​ការពារ បើ​ការពារ​មិន​បាន​គឺ​ត្រូវ​ដក​ថយ បើ​ដក​ថយ​មិន​កើត គឺ​ត្រូវ​ចុះ​ចាញ់​»។ ក្នុង​ករណី​នេះ​សម្តេច ហ៊ុន សែន​បាន​រៀប​ជើង​ព្រួល​ក្នុង​ករណី​ចាញ់ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ដូច​ជា​ឆ្នាំ ១៩៩៣ ជា​ដើម គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​នាយក​រដ្ឋ​មន្ត្រី​ទី២ ដែរ។

មើល​ទៅ សម្តេច ហ៊ុន សែន បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ហើយ ហើយ​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ ២០១៣ នេះ បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ គឺ​សម្តេច នឹង​បោស​សម្អាត​ចោល នូវ​កូន​ត្រី​សម្អុយ​ជាច្រើន ដែល ឡោម​ព័ទ្ធ សម្តេច ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ចំណែក​ឯ​កូន​(កូន​អុក)​ចាស់ៗ ដែល​ប្រើ​មិន​កើត​ច្បាស់​ជា​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​យក​ផ្លូវ​ដើរ​មិន​ខាន។ ជាក់​ស្តែង​ដូច​ជា អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ទូរទស្សន៍​មួយ​ចំនួន មន្ត្រី​ណា ដែល​មាន​រឿង​អាស្រូវ​ច្រើន ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន។ល។ និង។ល។ ព្រោះ មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​មក​វិញ។ ក្រៅ​ពី​នេះ​គឺ​នៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​ក្រោយ​ពេល​អស់​ពី​អំណាច​ទៅ​។

ម្យ៉ាង​វិញ​ទៀត បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ សម្តេច នឹង​មិន​ចេញ​មុខ​ច្រើន​ទេ ក្នុង​ឆ្នាំ ២០១៤ ទៅ ២០១៨។ សម្តេច និង​ប្រើ​ត្រី​បក របស់​សម្តេច ជំនួស​វិញ ក្នុង​ការ​ដោះស្រាយ​វិបត្ត​នានា ហើយ​នៅ​ឆ្នាំ ២០១៨ សម្តេច​ក៏​ប្រហែល​ជា​មិន​ចេញ​មក​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី​ដោយ​ផ្ទាល់​ដែរ។ តែ​ការ​ដោះ​ក្រឡា ដែល​បាន​ចង​ពី​អតីតកាល​ពិត​ជា​ស្មុគ​ស្មាញ​ណាស់ ហើយ​ជា​ការ​ងារ​រែក​ពន់​មួយ​ដ៏​ធ្ងន់​ធ្ងរ​។ មិន​ដឹង​ថា សម្តេច ហ៊ុន សែន ហ៊ាន ឬ​មិន​ហ៊ាន​។ តែ​កូន​ចៅ របស់ សម្តេច ហាក់​បី​ដូច​ជា​ដឹង​ចិត្ត​ទៅ​ហើយ គឺ សម្តេច​មិន​ហ៊ាន​ធ្វើ​ទេ​។

ក្រៅ​ពី​រៀប​ចំ​ក្រឡា​ការពារ និង​ប្រយុទ្ធ​ខាង​លើ សម្តេច ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯក ឧត្តម កឹម សុខា ហើយ​ឯកឧត្តម​ទាំង​ពីរ​នាក់​ក៏​កំពុង​តែ​ព្រឺ​ព្រួច​នៅ​ចំណុច​នេះ​ខ្លាំង​ ណាស់​ដែរ​។ ដូច្នេះ​តើ​ក្រឡា​របស់​ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន សែន​សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​វគ្គ ផ្តាច់​ព្រ័ត្រ តើ​នរណា​មាន​ប្រៀប​ជាង ? ជា​ថ្មី​ម្តង​ទៀត និង​ជា​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​មាន​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕

ដោយ ប៉ែន សុជីវន្ត ពី​រតនគិរី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s