Category Archives: ទស្សនៈ

ត្រី​ទឹម​ទី៤ សម រង្ស៊ី នឹង​បក​ជា​ជម្រើស​ចុងក្រោយ

 ទោះជា អត្ថបទខាងក្រោមនេះ និង អត្ថបទមុនមួយទៀត​របស់លោក ហឹង សុខសាន្ត មាន​​ការវិភាគខុសពី ទស្សនៈរបស់ខ្ញុំ ក៏ដោយក៏ការវិភាគរបស់លោក ពិត​ជា​មាន​ចំណុច​ គួរឲ្យ​ចាប់អារម្មណ៍​និង​អត្ថរស​ដែលគួរយកមកពិចារណា ហើយ​ខ្ញុំ​សូម​ចម្លង​​ទាំងស្រុង​ដូច​ខាង​ក្រោម៖
*******
អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Wednesday, 14 August 2013 ដោយ៖ ហ៊ីង សុខសាន)130814_02

អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​។ រូបថត លីណា

ការ​ចំណាយ​ពេល​ទំនេរ​ជិត​ពីរ​ម៉ោង ក្នុង​ការ​សរសេរ​អត្ថបទ​ចុង​ក្រោយ​របស់​ខ្ញុំ «ត្រី​ទឹម ៣ សម រង្ស៊ី កំពុង​ព័ទ្ធ​ចាប់ (ខុន-ស្តេច អង្គ) របស់ ហ៊ុន សែន» ពិត​ជា​បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​អាន​រាប់​សិប​នាក់​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​បញ្ចេញ​យោបល់​យ៉ាង​ច្រើន។

ប៉ុន្តែ​យោបល់​ទាំង​នោះ ស្ទើរ​ទាំង​អស់ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្ញុំ​ពី​ខាង​ដើម គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ដូច​នេះ ខ្ញុំ​សុំ​សិទ្ធិ​មិន​ឆ្លើយ​តប​វិញ​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​យក​មក​សំយោគ​នឹង​គំនិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​ប្រកួត​អុក ការ​សន្មត​ថា​ឈ្នះ ឬ​ចាញ់​នោះ គេ​កំណត់​លើ​កូន​ខុន ឬ​ស្តេច (អង្គ)។ បើ​ភាគី ណា​មួយ​អាច​ចូល​ទៅ​សម្លាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ខ្លួន ទោះ​ដោយ​វិធី​អ្វី​ក៏​ដោយ គេ​ចាត់​ទុក​ថា ឈ្នះ ហើយ​អ្នក​ដែល​ត្រូវ​គេ​ចូល​ចាប់​ស្តេច (អង្គ) របស់​ខ្លួន​បាន គេ​ចាត់​ទុក​ជា​អ្នក​ចាញ់។ ចុះ​ខុន ឬ​ស្តេច (អង្គ) ក្នុង​រឿង​នយោបាយ​ជា​អ្វី​ទៅ​? «អំណាច​របស់​ពលរដ្ឋ​ដែល​ផ្តល់​ឲ្យ​អ្នក​នយោបាយ តាម​រយៈ​សន្លឹក​ឆ្នោត» គឺជា​ស្តេច (អង្គ)។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ ដើរ​តួនាទី​ជា​អន្តរការី «ឈ្នួញ កណ្តាល» ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រាស្រ្ត និង​រដ្ឋ។ គណបក្ស​នយោបាយ បង្កើត​ឡើង​សម្រាប់​ចាប់​យក​អំណាច​រដ្ឋ​ដើម្បី​បម្រើ​រាស្ត្រ មាន​ន័យ​ថា នៅ​ពេល​គណបក្ស​ណា​ឈ្នះ​ខ្លួន​នឹង​ឡើង​ទៅ​ដឹក​នាំ​រដ្ឋ​ដែល​រាស្រ្ត​បាន​ ផ្តល់​ឲ្យ​តាម​រយៈ​សន្លឹក​ឆ្នោត ហើយ​ផ្តល់​ប្រយោជន៍​មក​ឲ្យ​រាស្ត្រ​វិញ គឺ​ការ​ផ្តល់​សេវា​សាធារណៈ ទៅ​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​ពេល​ឃោសនា។

នៅ​ក្នុង​ល្បែង​អុក ក្រៅ​ពី​កូន ត្រី កូន ឈ្នាង កូន ខុន​ឬ ស្តេច (អង្គ) គឺ​នៅ​មាន​កូន​សំខាន់ៗ ៣ ប្រភេទ​ទៀត ដូចជា​កូន គោល កូន សេះ និង​កូន ទូក ប៉ុន្តែ​កូន​ទាំង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា មិន​ទាន់​ប្រើ​ទេ គឺ​កូន​គោល ទុក​សម្រាប់​ការពារ​បន្ទាយ កូន​សេះ​ទុក​សម្រាប់​លោត​ឆ្វេង ឬ​លោត​ស្តាំ និង​កូន​ទូក​ទុក​សម្រាប់​ចែវ​ក្នុង​ការ​កៀង​កូន​ខុន ឬ​ស្តេច (អង្គ) របស់ លោក ហ៊ុន សែន ឲ្យ​វង្វេង​ក្រឡា ហើយ​ភ័យ​រត់​ចូល​ក្រឡា​ត្រី​ទឹម ដែល​កំពុង​ដេញ​តាម​សម្លាប់​។ ម្យ៉ាង​ទៀត អុក​មួយ​ក្តារ​នេះ ជិត​ដល់​ពេល​ឈ្នះ​ចាញ់​ហើយ ដូចនេះ លោក សម រង្ស៊ី ចង់​យក​ឈ្នះ​លោក ហ៊ុន សែន ដោយ​ប្រើ​ត្រី​ទឹម។ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា តើ​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី នឹង​បក​មែន​ឬ​ទេ​? យើង​ត្រូវ វាយ​តម្លៃ​ទៅ​លើ​ក្រឡា​អុក​របស់​អ្នក​ទាំង​ពីរ​ជា​មុន​សិន ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន បណ្តោយ​ឲ្យ​លោក សម រង្ស៊ី អាច​ឈាន​ទៅ​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។

ទី ១-ការ​មើល​ស្រាល​របស់​លោក ហ៊ុន សែន ដោយ​ហ៊ាន​ត​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ប្រកួត ដាក់​អុក​ជាមួយ​គាត់ ដែល​ភ្លេច​គិត​ថា​អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) សុទ្ធ​តែ​មាន​សមត្ថភាព ដើរ​ក្រឡា​អុក​ប្រហាក់​ប្រហែល​នឹង​គាត់ (ហ៊ុន សែន) ដែរ​នោះ​។ ទី២-ក្រឡា​អុក​របស់​លោក ហ៊ុន សែន នៅ​ដដែល ដោយ​អាង​ថា​ខ្លួន​ធ្លាប់​ឈ្នះ និង​ស្មាន​ថា អ្នក​ទាំង​ពីរ (សម រង្ស៊ី និង កឹម សុខា) ដើរ​ក្រឡា​ចាញ់​ដដែល​ដូច​មុន​ទៀត ផ្ទុយ​ទៅ​វិញ​គេ​ដូរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​បាន​សិក្សា​ពី​ការ​បរាជ័យ​បួន (៤) ក្តារ (អាណត្តិ) កន្លង​មក​ទៀត​ផង​។ ទី៣-ក្រឡា​អុក​របស់​លោក ហ៊ុន សែន ជា​ក្រឡា​អុក​អត្តនោម័ត ដោយ​គ្មាន​ការ​ឲ្យ​យោបល់​ពី​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន ហើយ​បើ​ទោះ​ជា​មាន ក៏​មិន​ហ៊ាន​ឲ្យ​យោបល់​ណា​ដែល​មិន​ស្រប​នឹង​ក្រឡា​អុក ដែល​លោក ហ៊ុន សែន បម្រុង​នឹង​ដើរ​ដែរ​។

ចំពោះ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី មុន​នឹង​ដើរ សុទ្ធ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​លោក កឹម សុខា ព្រម​ទាំង​ទទួល​យក​គំនិត​យោបល់​របស់​អ្នក​ទស្សនា​នៅ​ជុំវិញ​ខ្លួន​ទៀត​ផង ដូច​នេះ​ក្រឡា​អុក​នីមួយៗ របស់ លោក សម រង្ស៊ី ហាក់​ដូច​ជា​មាន​ផែនការ​ដើរ​ច្បាស់​លាស់​ពី​មួយ​ក្រឡា ទៅ​មួយ​ក្រឡា។ ជា​ធម្មតា​អ្នក​លេង​អុក​ពូកែ លុះ​ត្រា​តែ​អាច​មើល​ដឹង​ក្រឡា​អុក​របស់​គូ ប្រកួត ៣ ឬ ៤ ជំហាន​មុន ដោយ​ដឹង​ថា​គេ​ដើរ​ក្រឡា​ណា និង​ដើរ​កូន​អ្វី​។ល។ លោក សម រង្ស៊ី និង​លោក កឹម សុខា រួម​គ្នា​ដើរ​ក្រឡា​ថ្មី ហើយ​ថែម​ទាំង​ដឹង​ថា លោក ហ៊ុន សែន ដើរ​ក្រឡា​ណា និង​កូន​អ្វី​បាន​យ៉ាង​ច្បាស់​ទៀត​ផង​។ មួយ​ក្រឡាៗ​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធ​តែ​ជា​ក្រឡា​វាយ​លុក។ បញ្ហា​ព្រំដែន បញ្ហា អន្តោប្រវេសន៍ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពី​ផ្ទះ​សម្បែង ការ​ចំណាក​ស្រុក និង​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន អំពើ​ពុករលួយ ប្រាក់​ខែ​តិច​សម្រាប់​កម្មករ គ្រូ​បង្រៀន មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​។ល។

ជា​ពិសេស កម្មវិធី​នយោបាយ ៧ ចំណុច ដែល​ចាក់​ចំ​បេះដូង​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាំង​នេះ​ហើយ ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា យក​មក​ធ្វើ​ជា​ក្រឡា​អុក​សម្រាប់​វាយ​លុក។ ចំណែក​លោក ហ៊ុន សែន គ្មាន​អ្វី​ថ្មី ដោយ​ឃោសនា​នូវ ៧ មករា ការ​កសាង​សមិទ្ធផល​ដែល​គ្មាន​គុណភាព នយោបាយ​ចាស់​សកម្មភាព​ថ្មី ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត ជា​ពិសេស សារ​នយោបាយ​គ្មាន​ខ្លឹមសារ ហើយ​ត្រូវ​សកម្មជន​បក្ស​ប្រឹង​ទន្ទេញ​តៗ​គ្នា «បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿ​ទុក​ចិត្ត​លើ…»ជាដើម​។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រឡា​អុក​លោក ហ៊ុន សែន ចាំ​តែ​ទប់​នឹង​ក្រឡា​អុក​វាយ​លុក​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ក្រឡា​អុក របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា វាយ​បំបែក​ក្រឡា​អុក​លោក ហ៊ុន សែន ដោយ​ងាយ រហូត​ដល់​ឡើង​បក​កូន​ត្រី​បាន​ម្តង​មួយៗ​ចំនួន ៣ ដែល​ជា​កូន​ត្រី​ទឹម​ទៀត​ផង។

ការ​បក​ត្រី​នីមួយៗ សុទ្ធ​តែ​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ត្រី​បក​ទី១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ច្រើន​ដូច​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ មាន​ឥទ្ធិពល​នយោបាយ ឬ​សាច់​ដុំ​ធំ​ប៉ុន​គណបក្ស​ប្រជាជន​ដែរ​។ ត្រី​បក​ទី២ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​មហា​អំណាច​ធំៗ រួម​ទាំង​អង្គការ សហ​ប្រជាជាតិ​ផង បាន​ចាប់​អារម្មណ៍​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នេះ​ជា​កម្លាំង​នយោបាយ ដ៏​មាន​ទម្ងន់​មួយ​ទៀត។

ដោយ​មើល​ឃើញ​ឱកាស​ហុច​ឲ្យ​លោក សម រង្ស៊ី ឡើង​បក​ត្រី​ទី ៣ មួយ​ទៀត គឺ​ការ​រុញ​ឲ្យ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មួយ ដើម្បី​ស្រាវជ្រាវ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​មុន នឹង​ថ្ងៃ​បោះឆ្នោត ដោយ​មាន​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ ជាតិ-អន្តរជាតិ​ផ្សេង​ទៀត​ជា​អ្នក​សង្កេតការណ៍​។ ចំណុច​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រឹង​រត់​តាម​ក្រោយ ដោយ​បាន បញ្ជូន​មន្ត្រី ៣ រូប ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី ៣ រូប​ផ្សេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០៩ ខែ សីហា កន្លង​ទៅ​។ គ.ជ.ប សម្រេច​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី១២ ខែ សីហា នៅ​មុន​ការ​បង្កើត​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​ទៅ​វិញ នេះ​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​មួយ​ទៀត ​ទី១-អ្វីៗ ​ទាំង​អស់ ត្រូវ​ជាប់​គាំង និង​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ស្ថានភាព​នយោបាយ​ថែម​ទៀត ដែល​អាច​ឆាប​ឆេះ​មក​លើ​ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ។

ទី​២-ចង់​មិន​ចង់​សហគមន៍​ជាតិ-អន្តរជាតិ ច្បាស់​ជា​វាយ​តម្លៃ​ថា​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នោះ ច្បាស់​ជា​មាន​អាថ៌កំបាំង​អ្វី​មួយ នៅ​ពី​ក្រោយ​។ ប៉ុន្តែ​នេះ​ក៏​ជា​ល្បែង​នយោបាយ​មួយ ដែល​លោក ហ៊ុន សែន ចង់​បង្វែ​រឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​រត់​តាម​វិញ គឺ​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដែល​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅ កាន់ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រយៈ​ពេល ៤៨ ម៉ោង​ក្រោយ​ការ​ប្រកាស​លទ្ធផល ដូច​នេះ កិច្ចការ​ចំពោះ​មុខ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​គឺ​រក្សា​ជំហរ​ បន្ត​ការ​ទាមទារ​របស់​ខ្លួន​ដូច​ពី​មុន និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដែល​តម្រូវ​ឲ្យ​ធ្វើ។

សូម​ងាក​មក​មើល​ក្រឡា​អុក​របស់​គណបក្ស​ប្រជាជន ដែល​ប្រឹង​ទប់​ទល់​នឹង​ត្រី​បក​នីមួយៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ ទី ១-បាន ​ចេញ​លទ្ធផល​បំផ្លោង​មុន គ.ជ.ប ទៅ​ទៀត គឺ​គណបក្ស​ប្រជាជន​បាន ៦៨ កៅអី​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៥៥ កៅអី ជា​ប្រយោជន៍​ដើម្បី​ពង្វាង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​សារ​ព័ត៌មាន ចំពោះ​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​បិទ​ផ្លូវ​មួយ​ចំនួន និង​ចល័ត​កម្លាំង​ប្រដាប់​អាវុធ ដែល​នេះ​តិច​ឬ​ច្រើន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ​ រហូត​ដល់​តម្លៃ​ទំនិញ និង​ប្រេង​សាំង​ឡើង​ថ្លៃ​យ៉ាង​ចម្លែក។

ក្រោយ​មក លោក ហ៊ុន សែន បាន​ចេញ​មុខ​ជា​សាធារណៈ​ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ និង​ក្តាប់​ស្ថានការណ៍​រួម ព្រម​ទាំង​វាស់​ស្ទង់ កម្រិត​សន្ទុះ​គាំទ្រ​យ៉ាង​ផុល​ផុស​របស់​ប្រជា​ពលរដ្ឋ ចំពោះ​គណបក្ស​ប្រឆាំង​។ ទី​២-បញ្ជូន​មន្រ្តី​សំខាន់ៗ ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ការ​ទូត​បរទេស​ឲ្យ​ជួយ​ទប់​ការ​តវ៉ា​របស់​គណបក្ស​ ប្រឆាំង​។ ទី៣-ដោយ​មើល​ឃើញ​មិន​ស្រួល ដែល​ត្រី​បក​ទី៣​របស់​លោក សម រង្ស៊ី នឹង​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​ឆ្នោត ព្រោះ​មាន​ការ​ចូល​ពាក់​ព័ន្ធ​របស់​អង្គការ​សហ​ប្រជាជាតិ លោក ហ៊ុន សែន រិះ​រក​វិធី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ក្រឡា​អុក​របស់​ត្រី​បក​ទី៣​នេះ ដោយ​ថា​ហួស​ពី​សមត្ថភាព​របស់ គ.ជ.ប និង​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ ខ្មែរ។

ដោយ​ស្រេក​ឃ្លាន​នឹង​ការ​ចង់​ឈ្នះ​ខ្លាំង​ពេក លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​រួម​គ្នា សម្រេច​ចិត្ត​ប្រើ​កូន​ទូក​មួយ​របស់​ខ្លួន ដើម្បី​អុក​ទៅ​លើ​កូន​ខុន ឬ​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន។ ស្នូរ​ស្រែក​យ៉ាង​ខ្លាំង​របស់​លោក សម រង្ស៊ី «អុក!!!» បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​មួយ​ប្រាវ មាន​ន័យ​ថា លោក សម រង្ស៊ី គំរាម​មិន​ចូល​ប្រជុំ​បង្កើត​សភា នេះ​ក៏​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យ​មិន​តិច​ដែរ ក៏​ប្រឹង​ទាញ​កូន​គោល យក​បិទ​ពី​មុខ​កូន​ស្តេច (អង្គ) ដើម្បី​ទប់​ទល់​នឹង​ទូក មាន​ន័យ​លោក ហ៊ុន សែន គំរាម​នឹង​យក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​កាលៈទេសៈ​នេះ លោក សម រង្ស៊ី អាច​ប្តូរ កូន​ទូក​នឹង​កូន​គោល​របស់​លោក ហ៊ុន សែន ដែល​យក​ចង​នោះ ហើយ​រុញ​ត្រី​ទឹម​ទាំង​បី ទៅ​ព័ទ្ធ​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន តែ​ម្តង មាន​ន័យ​ថា លោក សម រង្ស៊ី អាច​ទទួល​យក​ការ​សុំ​ចរចា របស់​លោក ហ៊ុន សែន អំពី​ការ​បង្កើត​រចនា​សម្ព័ន្ធ​ដឹក​នាំ​សភា។

ដោយ​រក្សា​មហិច្ឆតា ចង់​ផ្ចាញ់​ក្រឡា​អុក លោក ហ៊ុន សែន ដោយ​ប្រើ​កូន​ត្រី​បក​ទាំង​អស់ និង​មិន​ចង់​ចំណាយ​កូន​អុក​ណា​មួយ​របស់​ខ្លួន លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សម្រេច​ចិត្ត​រក្សា​កូន​ទូក នៅ​កន្លែង​ដដែល ដើម្បី​ដាក់​អង្គ​ចង​ក្រឡា មិន​ឲ្យ​លោក ហ៊ុន សែន ចេញ​កូន​គោល​ទៅ​ប្រើ ហើយ​បើ​ហ៊ាន​យក​ចេញ​ទៅ​ប្រើ​នោះ កូន​ទូក​នឹង​ចាប់ កូន​ស្តេច​អង្គ​របស់​លោក ហ៊ុន សែន ដាក់​កំប៉ុង​តែ​ម្តង មាន​ន័យ​ថា បន្ត​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ យ៉ាង​ហោច​ណាស់​ក៏​ជា​អ្នក​សង្កេត​ការណ៍​ដែរ​។

ទន្ទឹម​នឹង​នេះ​លោក សម រង្ស៊ី និង លោក កឹម សុខា បាន​រុញ​កូន​ត្រី​ទីបួន​ របស់​ខ្លួន ដែល​នឹង​បក​ឆាប់ៗ​នេះ គឺ​បាតុកម្ម​មហាជន​នៅ​ទូទាំង​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ រឿង​នេះ​លែង​ទៅ​ជា​រឿង​រវាង​គណបក្ស និង​គណបក្ស​ទៀត​ហើយ ប៉ុន្តែ​វា​ក្លាយ​ទៅ​រឿង​មហាជន​ខ្មែរ និង គ.ជ.ប ដែល​ជា​ស្ថាប័ន​ជាតិ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​អស់​ជំនឿ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​។ ដោយ​សារ គ.ជ.ប ជា​ស្ថាប័ន​ជាតិ ដូច​នេះ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចូល​ខ្លួន​ដោះស្រាយ ហើយ​អ្នក​ដែល​ដឹក​នាំ​រដ្ឋាភិបាល​គឺ​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ។

ដូច​នេះ លោក ហ៊ុន សែន ត្រូវ​ដើរ​តួនា​ទីពីរ ទី១-ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ ត្រូវ​ធានា​ការពារ​ស្ថាប័ន​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន និង​ទី២-ជា ​អនុ​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​ប្រជាជន ត្រូវ​តែ​ការពារ​លទ្ធផល​ឆ្នោត ដែល​ខ្លួន​អះអាង​ថា​ឈ្នះ ដើម្បី​ឲ្យ​ឈ្នះ​បាន លុះ​ត្រា​តែ​ការពារ គ.ជ.ប មាន​ន័យ​ថា បើ​ការពារ គ.ជ.ប មិន​បាន​គឺ​ស្មើ​នឹង​ចាញ់។ ជា​ការ​ពិត លោក ហ៊ុន សែន នៅ​មាន​កូន​អុក​ខ្លះ ដើម្បី​ទប់​ទល់​នឹង​កូន​ត្រី​បក​ទី ៤ របស់​លោក សម រង្ស៊ី គឺ​កូន​គោល និង​កូន​សេះ​។ ប៉ុន្តែ​កូន​ទាំង​ពីរ​នេះ​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទាំង​ប្រថុយ​ប្រថាន ដូចជា កូន​គោល​ដែល​ប្រើ​សម្រាប់​បិទ «ការ​អុក» របស់​លោក សម រង្ស៊ី គឺ​ធ្វើ​ការ​គំរាម​ទាំង​បំពាន​ច្បាប់ បើ​លោក ហ៊ុន សែន ហ៊ាន​ដណ្តើម​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ន័យ​ថា បំពាន​នឹង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​នាំ​ឲ្យ​កម្ពុជា ដឹក​នាំ​ដោយ​ឯកបក្ស។

ជម្រើស​ដ៏​ល្អ​បំផុត​នោះ គឺ​ប្រើ​កូន​សេះ ហើយ​ក៏​ប្រើ​ទាំង​ប្រថុយ​ប្រថាន​ទៀត​ផង ព្រោះ​កូន​សេះ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺ​កម្លាំង​មហាជន​ដែរ​។ ចំណុច​នេះ លោក សម រង្ស៊ី ប្រើ​មហាជន​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​លោក ហ៊ុន សែន ក៏​ប្រើ​មហាជន​គាំទ្រ​លទ្ធផល​បោះឆ្នោត ប៉ុន្តែ​មហាជន​ដែល​អ្នក​នយោបាយ​ប្រើ​នៅ​ពេល​នេះ​គឺ​ផ្សេង​ពី​គ្នា។ ផ្សេង​ពី​គ្នា​នៅ​ត្រង់​ថា ក្នុង​សង្គម​ទូទៅ កម្លាំង​មហាជន​មាន ៥ ក្រុម ទី១-កម្មករ​និង​កសិករ ទី២-យុវជន និង​សិស្ស-និស្សិត ទី៣-បញ្ញវន្ត និង​គ្រូ​បង្រៀន ទី៤-ព្រះសង្ឃ និង​ដូនជី​តាជី និង​ទី៥-មន្ត្រី​រាជការ​ស៊ីវិល​និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ពី​ក្រុម​ទី១ ដល់​ក្រុម​ទី ៤ ភាគ​ច្រើន គឺ​ជា​កម្លាំង​មហាជន គាំទ្រ​លោក សម រង្ស៊ី ចំណែក​ក្រុម​ទី៥ គឺជា​កម្លាំង​មហាជន​គាំទ្រ​លោក ហ៊ុន សែន ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី។ ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​វាយ​តម្លៃ​ថា លោក ហ៊ុន សែន ប្រើ​កូន​អុក​សេះ ទាំង​ប្រថុយ​ប្រថាន ព្រោះ​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ មួយ​ផ្នែក​ដែរ គាំទ្រ​លោក សម រង្ស៊ី ហើយ​មួយ​ផ្នែក​ទៀត​ទោះ​បី​មិន​គាំទ្រ លោក សម រង្ស៊ី ក៏​ដោយ ក៏​ពួក​គាត់ មាន​សាច់​ញាតិ​ជា​កម្មករ កសិករ សិស្ស-និស្សិត គ្រូ​បង្រៀន មន្ត្រី​រាជការ​ស៊ីវិល ដែល​ភាគ​ច្រើន​លើស​លប់ ជា​អ្នក​គាំទ្រ​លោក សម រង្ស៊ី។

មាន​ករណី​សិក្សា​មួយ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ ១៩៩៨ ដំបូង​កង​កម្លាំង​ប្រដាប់​អាវុធ យាម​ការពារ​សុវត្ថិភាព ស៊ូ ហារតូ ជា​ប្រធានាធិបតី​ផ្តាច់​ការ មិន​ឲ្យ​អ្នក​តវ៉ា ប៉ះពាល់​បាន ប៉ុន្តែ​ក្រោយ​មក​កង​កម្លាំង​ប្រដាប់​អាវុធ​បែរ​ជា​យាម​ការពារ ស៊ូ ហារតូ មិន​ឲ្យ​រត់​ទៅ​វិញ ដើម្បី​រង់ចាំ​អ្នក​តវ៉ា​ចូល​ចាប់។ ករណី​នេះ អាច​នឹង​កើត​ឡើង បើ​សិន​អ្នក​នយោបាយ​ចង់​ឲ្យ​មហាជន​ប៉ះ​ទង្គិច​គ្នា។ ទិដ្ឋភាព​ពីរ​ដែល​យើង​ត្រូវ​វិភាគ ទី១-តាម​រយៈ​ការ​ចុះ​ សំណេះ​សំណាល និង​ថ្លែង​អំណរគុណ របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ចំពោះ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​បង្ហាញ​ថា សន្ទុះ​ខ្លាំង​ណាស់​ចង់​ឲ្យ​មាន​បាតុកម្ម​មហាជន ហើយ​ស្រេក​ឃ្លាន ការ​ផ្លាស់​ប្តូរ និង​កំពុង​ទន្ទឹង​រង់ចាំ​ភ្លើង​ខៀវ។ ទី២-គណបក្ស ​ប្រជាជន គឺ​ប៉ោង​ធំ​ដូច​ជា​ប៉េងប៉ោង​អ៊ីចឹង ហើយ​រង់ចាំ​តែ​ធូលី​ដី ឬ​កម្ទេច​ឈើ ហើរ​មក​ប៉ះ នឹង​ធ្វើ​ឲ្យ​បែក​ធ្លាយ ព្រោះ​វា​ដល់​ដំណាក់កាល​ដូច​ម្សៅ​នំ​ដែល​គេ​យក​មក​ច្របាច់ ហើយ​បើ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចន្លោះ​ដៃ​កាន់​តែ​ខ្លាំង​ដែរ មាន​ន័យ​ថា កម្លាំង​នេះ​ក៏​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ការ​គាប​សង្កត់​ផង​ដែរ​។ កម្លាំង​ទាំង​ពីរ​នេះ នឹង​កើត​ឡើង​បន្ត​បន្ទាប់ ដើម្បី​សេរីភាព និង​ការ​ផ្លាស់​ប្តូរ ទោះ​ជា​មួយ​ណា​កើត​មុន​ក៏​ដោយ​។ ត្រី​បក​ទី ៤ នឹង​បក ទោះ​ជា​ត្រី​ទឹម ឬ​ត្រី​ចង​ក៏​ដោយ វា​អាស្រ័យ​ទៅ​លើ​ការ​ដើរ​ត្រូវ​ក្រឡា​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា។

តាម​ការ​វិភាគ​នេះ យើង​អាច​សន្មត​ថា ត្រី​បក​ទី៤ របស់​លោក សម រង្ស៊ី នឹង​បក​។ ប៉ុន្តែ​កត្តា ដែល​ធ្វើ​ឲ្យ​បក​ឬ​មិន​បក អាស្រ័យ​លើ លោក ហ៊ុន សែន តែ​ម្នាក់​គត់​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​នយោបាយ មាន​ន័យ​ថា វា​មិន​មែន​សុទ្ធ​តែ​គ្មាន​ដំណោះស្រាយ​ផ្សេង​នោះ​ទេ ដូច​ជា ការ​កូត​ទ្រ បើ​ចង់​ឲ្យ​ពីរោះ គឺ​គេ​រឹត​ខ្សែ​ឲ្យ​តឹង ប៉ុន្តែ​ត្រូវ​គិត​ថា វា​អាច​ដាច់​បាន បើ​វា​ដាច់​គឺ​ខាត​បង់​ទាំង​អ្នក​ស្តាប់ ទាំង​អ្នក​កូត។

ដូចនេះ យើង​អាច​បញ្ជាក់​បាន តាម​រយៈ ទី១-អ្នក​នយោបាយ និង​មហាជន​គាំទ្រ​ទាំង​ពីរ​បក្ស ត្រូវ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ទី​២-មាន ​ការ​ចូល​រួម​ពី​អន្តរជាតិ​ជា​ភាគី​ទី៣ ព្រោះ​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​បែក​បាក់​គ្នា ឬ​រួប​រួម​គ្នា​បាន​វិញ ភាគ​ច្រើន តែង​មាន​អន្តរជាតិ​លូក​ដៃ​ចូល​។ ទី​៣-តួ​អង្គ​ព្រះ​មហាក្សត្រ​គឺ​សំខាន់​ណាស់ ព្រោះ​ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាពជាតិ និង​និរន្តរភាព​ជាតិ ជា​ពិសេស​ដោះស្រាយ​ដោយ​ឈរ​លើ​ខ្លឹមសារ​នៃ​ព្រះ​រាជសារ​របស់​ព្រះអង្គ ដែល​ចេញ​ផ្សាយ​សាធារណៈ នៅ​ថ្ងៃ​ទី​០៧ ខែ សីហា ឆ្នាំ ២០១៣។

ទស្សនៈ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី ​និន្នាការ​នយោបាយ​ទៅ​រក​ គណបក្ស​នយោបាយ​ណា​មួយឡើយ​។ សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀនតាម​រយៈ​អ៊ីមែល hingsoksan@yahoo.com

ដោយ ហ៊ីង សុខសាន្ត

Advertisements

ត្រី​ទឹម៣​ ​សម រង្ស៊ី​កំពុង​ព័ទ្ធ​ចាប់​«ខុន-ស្តេច​អង្គ»​របស់​ហ៊ុន​សែន

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 06 August 2013 ដោយ៖ ហ៊ីង សុខសាន)
130806_02
លោក សម រង្ស៊ី ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ និង លោក​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ រូប​ថត ផា លីណា​ និង ហុង មិនា

ជា ធម្មតា​ក្នុង​ការ​លេងអុក​គូ​ប្រកួត​តែង​តែ​ដាក់​ខ​សន្យា​នឹង​គ្នា​មុន​ពេល​ ប្រកួត ដូចជា កាន់​កូន​ណា ដើរ​កូន​ហ្នឹង និង​មិន​ឲ្យ​មាន​អ្នក​ផ្សេង​ឲ្យ​យោបល់។ល។ ប៉ុន្តែ​សម្រាប់​គូ​ប្រកួត​អុក​មួយ​ក្តារ​ចុង​ក្រោយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​មិន​បាន​ដាក់​ខ​សន្យា ដូច​ខាង​លើ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​លោក ហ៊ុន សែន ជា​អ្នក​លេង​អុក​ជើង​ចាស់​ម្នាក់ ហើយ​ចាត់​ទុក​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ដៃ​គូ​ជើង​ទន់ៗ​ម្នាក់។

ដោយ​សារ​មោទនភាព​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ភ្លេច​គិត​ថា លោក សម រង្ស៊ី ដែល​ជា​អ្នក​លេង​អុក​ខ្សោយ​ទាំង​ក្រឡា​ដើរ និង​ខ្សោយ​ទាំង​ដេញ​សម្លាប់ «ចាប់​ស្តេច អង្គ» ពី​ពេល​មុន​នោះ​បាន​សិក្សា​ពី​ចំណុច​ខ្សោយ​ទាំង​នេះ និង​ភាព​បរាជ័យ​នា​ពេល​កន្លង​មក​របស់​ខ្លួន។ លើស​ពី​នេះ​លោក សម រង្ស៊ី នៅ​មាន​ដៃ​គូ​ម្នាក់​ទៀត ដែល​មាន​សមត្ថភាព​ប្រកួត​ជាមួយ​លោក ហ៊ុន សែន ដែរ​នោះ គឺ​លោក កឹម សុខា​។ អ្នក​ទាំង​ពីរ (លោក សម រង្ស៊ី និង​លោក កឹម សុខា) បាន​សហការ​គ្នា​ដាក់​ផុក ដើម្បី​លេង​អុក​មួយ​ក្តារ​ចុង​ក្រោយ​នេះ ជាមួយ​លោក ហ៊ុន សែន យក​ឈ្នះ​ចាញ់​តែ​ម្តង​។

ការ​សហការ​គ្នា​យ៉ាង​ល្អ​នេះ ទើប​ធ្វើ​ឲ្យ​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ឡើង​កូន​អុក​នីមួយៗ​មាន​ប្រសិទ្ធភាព ក្នុង​ការ​វាយ​បំបែក​ក្រឡា​អុក​ដ៏​រឹង​មាំ របស់​លោក ហ៊ុន សែន នេះ​ដោយ​សារ​ការ​វាយ​ស្ថានការណ៍​ខុស ព្រោះ​លោក ហ៊ុន សែន ចាត់​ទុក​ការ​សហការ​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​រួម​គ្នា​ប្រកួត​ជាមួយ​គាត់ គ្រាន់​តែ​ជា​ព្យុះ​ក្នុង​ក្អម ឬ​ឆ្កែ​ពីរ​ស៊ី​បាយ​ចាន​តែ​មួយ​។ ផ្ទុយ​ទៅ​វិញ ការ​សហការ​គ្នា​បាន​យ៉ាង​ល្អ និង​មាន​ភាព​រឹង​មាំ ហើយ​ក្លាយ​ទៅ​ជា​ព្យុះ​ក្រៅ​ក្អម​បាន​បោក​បក់​កូន​អុក​របស់​លោក ហ៊ុន សែន បែក​ខ្ញែក​នាំ​ឲ្យ​លោក សម រង្ស៊ី​មាន​ឱកាស​ឡើង​បក​ត្រី​បាន ៣ ហើយ​ត្រី​នោះ​ជា​ត្រី​ទឹម​ទៀត​ផង។

អ្វី​ទៅ​ដែល​ហៅ​ថា ត្រី​ទឹម​? វា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​? ក្នុង​ល្បែង​អុក គូ​ប្រកួត​មាន​ពីរ​នាក់ ហើយ​មាន​កូន​អុក​ម្នាក់ៗ​ចំនួន ១៦ ក្នុង​ចំណោម​កូន​អុក ១៦ មាន​កូន​អុក ៨ ដែល​គេ​តម្រៀប​នៅ​ជួរ​មុខ និង​មាន ឈ្មោះ​ហៅ​ថា «ត្រី ឬ​ត្រី​កូន​អុក​»។ នៅ​ពេល​កូន​ត្រី​នេះ បាន​ដើរ​ទៅ​ដល់​ក្រឡា ដាក់​កូន​ត្រី​ម្ខាង​ទៀត របស់​គូ​ប្រកួត កូន​ត្រី​នោះ​នឹង​បក​។ ពេល​បក​ហើយ កូន​ត្រី​នោះ​មាន​ភាព​ពិសេស​នៅ​ត្រង់​ថា វា​អាច​ដើរ​ខ្វែង​ក្រឡា​បាន​ទាំង​បួន​ទិស ដែល​ខុស​ពី​មុន​គឺ​អាច​ដើរ​បាន​តែ​ទៅ​មុខ​ត្រង់​ប៉ុណ្ណោះ​។

ត្រី​ទឹម ជា​កូន​ត្រី​អុក​បក​បាន​ចំនួន ២ ឡើង ហើយ​នៅ​ទន្ទឹម​គ្នា ប៉ុន្តែ​បើ​មិន​នៅ​ទន្ទឹម​គ្នា​ទេ គេ​ហៅ​ថា ត្រី​ចង ព្រោះ​វា​នៅ​ខ្វែង​ក្រឡា​គ្នា។ ជា​ធម្មតា​អ្នក​លេង​អុក តែង​តែ​រារាំង​មិន​ឲ្យ​គូ​ប្រកួត​ឡើង​បក​ត្រី​ទឹម បាន ដោយ​ងាយៗ​នោះ​ទេ មាន​ន័យ​ថា គេ​នឹង​រក​វិធី​កម្ចាត់​សព្វ​បែប​យ៉ាង​ព្រោះ​កាល​ណា​បណ្តោយ ឲ្យ​គេ មាន​ត្រី​ទឹម គឺ​គេ​មាន​ប្រៀប​ឈ្នះ​ច្រើន​។ ត្រី​ទឹម គឺ​អាច​ចង​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​ការពារ ការ​វាយ​លុក​ពី​សត្រូវ និង​ជា​ទ័ព​ពិសេស ដែល​ប្រើ​ដើម្បី​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​សត្រូវ បាន​យ៉ាង​ងាយ​ទៀត​ផង។

សម្រាប់​ក្រឡា​អុក​របស់​លោក សម រង្ស៊ី ដែល​មាន​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឲ្យ​ក្រឡា​អុក​នេះ​មាន​ត្រី​បក​ទឹម​ដល់​ទៅ ៣។ ត្រី​បក​ទី ១ គឺ​លោក សម រង្ស៊ី មាន​អាសនៈ​សភា មិន​តិច​ជាង ៥៥​កៅអី ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដាក់​សម្ពាធ​នយោបាយ​ទៅ​ថ្ងៃ​មុខ ពិសេស​រារាំង​មិន​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​ដឹក​នាំ​រដ្ឋសភា ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន ៦០ ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ ដែល​ទាមទារ​ឲ្យ​រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាង​តិច​១២០ រូប។ ត្រី​បក​ទី២ គឺ​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី តិច​ឬ​ច្រើន​គណៈកម្មការ​នេះ នឹង​រក​ឃើញ​ភាព​មិន​ប្រក្រតី និង​ធ្វើ​របាយ​ការណ៍​ដើម្បី​វាយ​តម្លៃ​ថា តើ​វា​អាច​ប៉ះពាល់​កម្រិត​ណា​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ចំណុច​នេះ លោក ហ៊ុន សែន យល់​ស្រប​ដោយ​បាន​ទាំង​បង្កើត​ក្រុម​ការងារ​សម្រាប់​កិច្ចការ​នេះ​ទៀត​ផង​។ នេះ​មាន​ន័យ​ថា ទឹក​មាត់​លោក សម រង្ស៊ី ប្រៃ​ជាង​មុន ដែល​អាច​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាន​ពិចារណា រាល់​សំណើ​របស់​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​អាច​និយាយ​មួយ​បែប ទៀត​ថា ទោះ​បី​លោក សម រង្ស៊ី ទាមទារ​អ្វី​ក៏​លោក ហ៊ុន សែន យល់​ព្រម​ដែរ​ក្នុង​កាលៈទេសៈ​នេះ ហើយ​បើ​សង្កេត​មើល​កាយវិការ និង​ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី៣១ ខែ​កក្កដា កន្លង​ទៅ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺ​ហាក់​ដូច​ជា​ទន់ភ្លន់​ច្រើន​ជាង​មុន​ណាស់​។

ត្រី​បក ទី៣ គឺ​លោក សម រង្ស៊ី មាន​សហគមន៍​អន្តរជាតិ ចាប់​អារម្មណ៍ និង​យក​ចិត្ត ទុក​ដាក់​ចំពោះ​កង្វល់​នានា​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង ហើយ​មក​ដល់​ពេល​នេះ មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន ជាដើម​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត ​ឡើង​ក្នុង​ការ​បោះឆ្នោត។

តាម​រយៈ​ត្រី​បក​ទឹម​ទាំង​៣ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​គ្រប់​គ្រាន់ ក្នុង​ការ​ចូល​ទៅ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​លោក ហ៊ុន សែន បាន​គ្រប់​ពេល​ប្រសិន​បើ​លោក ហ៊ុន សែន ធ្វេស​ប្រហែស​ក្នុង​ការ​ទប់​ទល់ ចំពោះ​ក្រឡា​អុក​មួយ​ក្តារ​នេះ ប៉ុន្តែ​ដោយ​សារ​លោក ហ៊ុន សែន មាន​បទ​ពិសោធ និង​មាន​ល្បិច​ច្រើន មិន​បណ្តោយ​ឲ្យ​ត្រី​បក​ទឹម​ទាំង​៣ របស់​លោក សម រង្ស៊ី អាច​ចូល​ទៅ​ព័ទ្ធ​ស្តេច (អង្គ) របស់​ខ្លួន​ដោយ​ងាយៗ​នោះ​ទេ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មិន​បណ្តោយ​ឲ្យ​លោក សម រង្ស៊ី រុញ​រហូត​ផ្ទប់​នឹង​ជញ្ជាំង​ក្តារ​អុក​រក​ក្រឡា​រត់​មិន​រួច​នោះ​ឡើយ​ចង់​ មិន​ចង់​គឺ​លោក ហ៊ុន សែន ប្រឹង​រក​ឧបាយកល​យ៉ាង​ណា​ដើម្បី​បំបែក​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី ម្តង​មួយៗ ឬ​ក៏​រក​មធ្យោបាយ​ដើម្បី​ផ្លាស់​ប្តូរ ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ឬ​ពី​ចាញ់​មក​ស្មើ។

ល្បិច​ទី១ របស់​លោក ហ៊ុន សែន បាន​ប្រើ​ក្នុង​ការ​ទប់​ទល់​ជាមួយ​ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី គឺ​ការ​បង្ហាញ​មុខ​លើក​ទី១ ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ៣១ កក្កដា​។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ«Soft Approach» ដែល​បន្ទន់​ឥរិយាបថ សុំ​ចរចា​ដើម្បី​ស្ទាប​ស្ទង់​ស្ថានការណ៍ ឬ​ពន្យារ​ពេល​រង់ចាំ​ទ័ព​ជំនួយ​សម្រាប់​វាយ​បក​ទៅ​សត្រូវ​វិញ​នៅ​ពេល​មាន​ ឱកាស​ហុច​ឲ្យ​។ នេះ​ដូច​ជា​ល្បិច មួយ​ដែល ឆាវ ឆាវ បាន​ប្រើ​ក្នុង​រឿង សាមកុក នៅ​ពេល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កង​ទ័ព ៧ សែន​នាក់​របស់​ស្តេច​ត្រាញ់ យៀង សាវ។

ឆាវ ឆាវ បាន​សុំ​ចរចា និង​ទទួល​យក​គ្រប់​លក្ខខណ្ឌ​ដែល យៀង សាវ ទាមទារ តែ​នេះ​ជា​ការ​ពន្យារ​ពេល​មួយ​ដើម្បី​រង់ចាំ​ទ័ព​ជំនួយ ហើយ​នៅ​ពេល ឆាវ ឆាវ ក្តាប់​ស្ថានការណ៍​បាន និង​ខណៈ​ពេល​ទ័ព​ជំនួយ​មក​ដល់ ចាប់​ផ្តើម​គំរាម យៀង សាវ ថា ច្បាំង​មិន​ដែល​ចាញ់​ឡើយ នៅ​ពេល​ដែល ឆាវ ឆាវ នៅ​មាន​ដង្ហើម។ ឆាវ ឆាវ បាន​ប្តូរ​ស្ថានការណ៍​ពី​ចាញ់​មក​ឈ្នះ ដោយ​បាន​ធ្វើ​ឲ្យ​ទ័ព ៧ សែន​នាក់​របស់ យៀង សាវ នៅ​សល់​មិន​ដល់ ១០០ នាក់ ហើយ​ស្តេច​ត្រាញ់ យៀង សាវ ឈឺ​ចាប់​រហូត​ក្អួត​ឈាម​ស្លាប់ នៅ​ក្នុង​សមរភូមិ​នេះ ដោយ​សារ​ទ័ព​ជំនួយ​របស់ ឆាវ ឆាវ។

សម្រាប់ លោក ហ៊ុន សែន តើ​នរណា​ជា​ទ័ព​ជំនួយ​? តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​ទ័ព​ជំនួយ​ឬ​? តាម​ការ​សង្កេត និង​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព និង​ការ​សម្រេច​ចិត្ត​នានា​របស់ គ.ជ.ប គឺ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ អ្នក​វិភាគ​សង្គម​នានា បាន​ហៅ គ.ជ.ប ថា​ជា​គណៈកម្មាធិការ​ជាតិ Yes, No, OK ឬ​គណៈកម្មាធិការ​ជាតិ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ មួយ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​ចេញ​មុខ​សាធារណៈ ព្រម​ទាំង​យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​មិន​ទាន់​ចេញ​ជា​រូប​រាង​ផង លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​ទី២ គឺ​ការ​គំរាម ដែល​ជា​សារ​នយោបាយ​មួយ​ផ្តាំ​ផ្ញើ​តាម​រយៈ​លោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser)ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់ ដែល​ទើប​នឹង​ចប់​អាណត្តិ​ថា​នឹង​ប្រគល់​អាសនៈ​សភា​របស់​គណបក្ស សង្គ្រោះ​ជាតិ ឲ្យ​គណបក្ស​តូចៗ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​រដ្ឋសភា​ទេ នោះ។

ល្បិច​ទាំង​ពីរ​ខាង​លើ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ទល់​នឹង ត្រី​បក​ទឹម​ទាំង ៣ របស់​លោក សម រង្ស៊ី នោះ​ឡើយ ព្រោះ​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ត្រី​មួយ​ទៀត ដែល​បាន​ត្រៀម​ខ្លួន នឹង​បក​នៅ​ពេល​កាលៈទេសៈ​ហុច​ឲ្យ​។ ក្នុង​ការ​ប្រកួត​អុក ទោះ​បី​ជា​នៅ​សល់​កូន​អុក​សំខាន់ៗ​ដូចជា​ទូក ១ ឬ ២ គោល ១ ឬ ២ សេះ ១ ឬ ២ ក៏​ដោយ កាល​ណា​យើង​មាន​ត្រី ១​មិន​ទាន់​បក គឺ​យើង​មាន​ឱកាស​ក្នុង​ការ​ព័ទ្ធ​ចាប់​ស្តេច (អង្គ) របស់​គូ​ប្រកួត​ម្ខាង​ទៀត ដោយ​ប្រើ​ពេល​វេលា​យូរ​រហូត​ដល់ ៦៤ ជំហាន (ក្រឡា) ប៉ុន្តែ​បើ​ឱកាស​ហុច​ឲ្យ គេ​នឹង​បក​ត្រី​នោះ​ភ្លាម ទោះ​វា​ជា​ត្រី​ចង ឬ​ត្រី​ទឹម​ក៏​ដោយ​ឬ​ត្រូវ​ចំណាយ​ពេល​ខ្លី សម្រាប់​ដេញ​ចាប់​ស្តេច (អង្គ) ដូច​ជា ១៦ ជំហាន​បើ​នៅ​ទូក ១ ៤៤ ជំហាន​បើ​នៅ​គោល ១ ឬ ៦៤ ជំហាន​បើ​នៅ​សេះ ១ រួម​ជាមួយ​ត្រី​បក​ចុង​ក្រោយ​។

ត្រី​ទី៤​ដែល​លោក សម រង្ស៊ី នឹង​បក​ខាង​មុខ បើ​ទោះ​បី​ជា​ត្រី​ចង​ឬ​ត្រី​ទឹម​ក៏​ដោយ​ហើយ​វា​មាន​ឥទិ្ធពល​ខ្លាំង​ណាស់ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​ហ៊ាន​លេង ចូល​ជា​ដាច់​ខាត ព្រម​ទាំង​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី បក​ផង​ដែរ។ ត្រី​បក​ទី៤ ដែល​លោក សម រង្ស៊ី នឹង​ប្រើ​នោះ​គឺ​កម្លាំង​គាំទ្រ​មហាជន ពិសេស​យុវជន ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​រង់ចាំ​តែ​ភ្លើង​ខៀវ​ពី​មេ​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ហើយ​បើ​កើត​មាន វា​នឹង​ពុះ​កញ្ជ្រោល។

លោក ហ៊ុន សែន មិន​ដែល​ប្រាថ្នា​ចង់​លេង​ជាមួយ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​ភ្លក្ស​ម្តង​រួច​ទៅ​ហើយ​ក្នុង​ខែ កញ្ញា ឆ្នាំ ១៩៩៨។ សម្រាប់​ឆ្នាំ ២០១៣ ភាព​ពុះ​កញ្ជ្រោល​នឹង​ខ្លាំង​ក្លា​ជាង​ឆ្នាំ ១៩៩៨ រាប់​សិប​ដង​ទៅ​ទៀត និង​ពិបាក​រក​វិធានការ​ណា​មួយ​ដើម្បី​ទប់​ស្កាត់​បាន​ឡើយ។ សម្រាប់​លោក សម រង្ស៊ី និង​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​លេង​ដើម្បី​ជា​ថ្នូរ​នឹង​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ជាតិ​និង​ប្រជា​ពលរដ្ឋ ប៉ុន្តែ​សម្រាប់​លោក ហ៊ុន សែន ច្បាស់​ជា​មិន​ហ៊ាន​លេង​ទេ បើ​ទោះ​បី​ជា​ធ្លាប់​គំរាម​ថា នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​នា​ពេល​កន្លង​មក​ក៏​ដោយ​ព្រោះ​សន្ទុះ​គាំទ្រ​ពី​ សំណាក់​យុវជន ចំពោះ​គណបក្ស​ប្រឆាំង​មាន​សភាព​ខ្លាំង​ក្លា។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វា​មិន​ទាន់​បិទ​បញ្ចប់​គ្រប់​សាច់​រឿង​នៅ​ឡើយ​ទេ ដូច​នេះ​យើង​ត្រូវ​រង់ចំា​មើល​ជា​បន្ត​ទៀត​ថា តើ​លោក ហ៊ុន សែន មាន​ល្បិច​អ្វី​ថ្មី​ទៀត ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ប្រើ​ប្រាស់​ត្រី​បក​ទី៤ របស់​គាត់​ដែរ​ឬ​ទេ?

ទស្សនៈ​ខាង​លើ​នេះ ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ខ្ញុំ​ផ្ទាល់ ដែល​ជា​សាស្រ្តាចារ្យ និង​ជា​បញ្ញវន្ត ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិសាស្រ្ត​នយោបាយ​នៅ​កម្ពុជា​តែ​ ប៉ុណ្ណោះ ហើយ​សូម​ប្រើ​ប្រាស់​ពេល​ទំនេរ​ពី​ការងារ​ដើម្បី​សរសេរ​អត្ថបទ​នេះ ក្នុង​ការ​ចែក​រំលែក​នូវ​ពុទ្ធិ​បន្តិច​បន្តួច ជុំវិញ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ នេះ​ក៏​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​ពលរដ្ឋ​ខែ្មរ​មួយ​រូប ដែល​ត្រូវ​បាន​ធានា​ដោយ​មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ទស្សនៈ​នេះ ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នយោបាយ​ ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ ឡើយ​។

ដូច​នេះ​ខ្ញុំ​សូម​ទទួល​យក​ដោយ​រីករាយ​នូវ​ការ​ទិតៀន​ដើម្បី​ស្ថាបនា​ពី​ សំណាក់​អស់​លោក លោក​ស្រី ​ជា​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់ ​តាម​រយៈ​អ៊ីមែល hingsoksan@yahoo.com ដោយ ហ៊ីង សុខសាន

ឡើង​ត្រី​ទឹម ៣

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 16 July 2013 ដោយ៖ ប៉ែន សុជីវន្ត)

130716_02

ក្បួន​​ឃោស​នា​​បោះ​ឆ្នោត​ គណ​បក្ស​ប្រជា​ជន ​​និង​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ ភ្នំ​ពេញ។ រូបថត ហេង ជីវ័ន

សុទ្ធ​តែ​ជា​ព្រហ្មលិខិត​។ ព្រហ្មលិខិតបាន​ចារ​មក​អ៊ីចឹង​។ គឺ​ឲ្យ​មាន ​អ្នក​ខ្លាំង អ្នក​ខ្សោយ មាន​អ្នក ឆ្លាត អ្នក​ល្ងង់ មាន​អ្នក​ក្រ​អ្នក​មាន មាន​កើត​មាន​ស្លាប់ មាន​ចាប់​ផ្តើម មាន​ទី​បញ្ចប់​។ គ្មាន​អ្វី​ស្ថិតស្ថេរ​នោះ​ទេ។ មើល​ទៅ អ្នក​ដែល​ធ្វើ​មុខ​ខ្លាច​ក្រោយ ធ្វើ​ថ្ងៃ​នេះ ខ្លាច​គេ​គាស់​ផ្នូរ​ដូន​តា​ថ្ងៃ​ស្អែក គឺ​មាន​តែ ស៊ឺម៉ាអ៊ី ក្នុង​រឿង សាម​កុក ម្នាក់​គត់​។ ចំណែក​ឯ​ស្រុក​ខ្មែរ ឲ្យ​តែ​ឈ្នះ​ថ្ងៃ​នេះ មិន​ខ្វល់​ពី​ថ្ងៃ​ស្អែក​ទេ​ចង់​នរណា​ជេរ​បើក​កកាយ​ស្អី​នៅ​ថ្ងៃ​ក្រោយ មិន​ខ្វល់ ធ្វើ​ដូច​ខ្លួន​ឯង​ជា​ម្ចាស់​ព្រហ្មលិខិត​អ៊ីចឹង​។ ស៊ឺម៉ាអ៊ី សូម​ខ្មាស​អ្នក​ដឹក​នាំ​ស្រុក​ខ្មែរ។ ស៊ឺម៉ាអ៊ី និយាយ​ថា «អ្នក​ឆ្លាត សម្ងំ​ធ្វើ​ការងារ​ពិត ក្តោប​ក្តាប់​ឱកាស ចំណែក​ឯ​អ្នក​ល្ងង់ លង់​នឹង​អំណាច បុណ្យស័ក្តិ ដែល​មិន​ស្ថិត​ស្ថេរ​។ សម្ងំ​សំលៀង​កាំបិត ៣០​ឆ្នាំ​ចាំ​ឱកាស​កាប់​តែ​មួយ​ដង។ ចិញ្ចឹម​ទ័ព ១០ ឆ្នាំ រង់ចាំ​ឱកាស សម្រាប់​សង្រ្គាម​តែ​មួយ​ថ្ងៃ​»។

តាំង​ពី​ឆ្នាំ​១៩៩៥​មក​បក្ស​ប្រឆាំង​សុខ​ចិត្តរាយ​ក្រឡា​ចាញ់​ផ្ទួនៗ រង់ចាំ​រដូវ​ខ្យល់​រំហើយ​បាច​អង្កាម​បញ្ច្រាស​ទៅ​គណបក្ស​ប្រជាជន ទុក​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ខ្សោះ​ឈាម ន្អាល​នឹង​ត្រង​យក​កងទ័ព អាវុធ និង​ស្បៀង យក​ពេល​យក​ចិត្ត​រាស្រ្ត បែរ​ជា​គណបក្ស​ប្រជាជន​មើល​មិន​ឃើញ ឬ ក៏​មើល​ឃើញ​ហើយ តែ​មើល​ស្រាល​ធ្វើ​មិន​ដឹង បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​រួប​រួម​គ្នា​បាន កងទ័ព​កាន់​តែ​ច្រើន ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សម្លាប់​មួយ​កើន ១០ គំរាម​មិន​ខ្លាច បន្លាច​មិន​ញិន ទិញ​មិន​លក់ ក្លាហាន​មោះមុត។ ក្បួន​ទ័ព​ទៅ​ដល់​ទីណា ស្បៀង​ធ្លាក់​ពី​លើ​មេឃ​នៅ​ទីនោះ​។ បើ​នេះ​មិន​មែន​ជា​កងទ័ព​ទេវតា តើ​ជា​ស្អី​ទៅ​?

បើ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​តែ​ខ្លាំង​ប្រហាក់​ប្រហែល​ជាមួយ​គណបក្ស សម រង្ស៊ី ម៉្លេះ​គណបក្ស​ប្រជាជន មាន​ជ័យជម្នះ​រហូត ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្ព័ន្ធភាព​រដ្ឋាភិបាល ម្តង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ម្តង​គណបក្ស​សម រង្ស៊ី ពេល​នោះ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ច្របូក​ច្របល់ មិន​អាច​បែង​ចែក​ល្អ និង​អាក្រក់ រវាង​គណបក្ស​ទាំង​បី​បាន​ឡើយ​។ ធ្វើ​បែប​នេះ គណបក្ស​ប្រជាជន​នៅ​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​រហូត។

ឱកាស ល្អ​យ៉ាង​នេះ បែរ​ជា​គណបក្ស​ប្រជាជន មិន​អាច​ក្តោប​ក្តាប់​បាន​។ ឈ្នះ​តែ​សមរភូមិ មិន​ឈ្នះ​ចិត្ត​រាស្រ្ត គ្រប់​គ្រង​រដ្ឋការ តែ​បង្ក​គំនុំ​ក្នុង​ចិត្ត​មន្ត្រី​។ បំផ្លាញ​ចិត្ត​ស្មោះ បង្កើន​ចិត្ត​ស្អប់ មាន​ឈ្មោះ​ជា​អ្នក​បម្រើ​រាស្រ្ត​តែ​លួច​ប្លន់​រាស្រ្ត​។ ជា​មេ​គ្រួសារ គ្មាន​សមត្ថភាព ចិញ្ចឹម​រាស្រ្ត បែរ​ជា​លក់​កេរ្តិ៍អាករ​ដូន​តា។ មាន​ចិត្ត​ចង់​កាន់​កិច្ចការ​ធំ​បាន​យូរ តែ​មាន​ចិត្ត​មិន​ដាច់​ស្រេច មិន​ហ៊ាន​អារ​កាត់ បែង​ចែក​ឲ្យ​ច្បាស់​លាស់​ពី​មនោសញ្ចេតនា និង​ភារកិច្ច​។ ហ៊ាន​ស៊ី តែ​មិន​ហ៊ាន​សង ទទួល​តែ​ពាក្យ​សរសើរ មិន​ទទួល​ពាក្យ​រិះគន់។ សុខ​ចិត្ត​ក្បត់​គេ មិន​ឲ្យ​គេ​ក្បត់​ខ្លួន​ឯង។ នេះ​ហៅ​ថា បាច​អង្កាម​បញ្ច្រាស​ខ្យល់ ពេល​វេលា​មួយ​ក៏​គង់​តែ​នឹង​មក​ដល់​ទេ។

មើល​ចុះ​! កូន​ពេញ​ក្តារ​អុក បែរ​ជា​ដើរ​តាម​តែ​អារម្មណ៍ គ្មាន​យុទ្ធសាស្រ្ត​។ ចាប់​កូន​លើក​ដាក់ៗ ដូចជា ការ​បិទ​បើក ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​ខេមរភាសា និង​ការ​ដេញ​សមាជិក​តំណាង​រាស្រ្ត បក្ស​ប្រឆាំង។ នរណា​ក៏​សើច ហៀរ​ទឹក​ភ្នែក​ទឹក​សម្បោរ ហួស​ចិត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ គ្រាន់​តែ​គេ​(បក្ស​ប្រឆាំង​)ឡើង​កូន​ត្រី​ឲ្យ​ស៊ី​ភ្លាម គឺ​ស៊ី​ភ្លែត គ្មាន​គិត​ខាត គិត​ចំណេញ​អី​ទេ​។ បើ​នេះ មិន​ហៅ​ថា​ល្ងង់ ហៅ​ថា​ស្អី​ទៅ​វិញ​ទៅ? ក្រឡា​ឈ្នះ​លើ​គោក បែរ​ជា​ដើរ​ឲ្យ​ខូច​ក្រឡា​អស់​។ ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់។

គេ​ថា ពេល​ឡើង​ត្រី គឺ​ត្រូវ​តែ​មាន​ពីរ​យ៉ាង​តិច​ពីរ​ជាប់​គ្នា បើ​ល្អ​៣ ឬ​ហៅ​ថា ត្រី​ទឹម​បី ហើយ​កូន​ណា​នៅ​មុខ​ត្រី​ទឹម គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់ ព្រោះ​ត្រី​បក​ទឹម​៣ អាច​ការពារ​ខ្លួន​ឯង​បាន​៥​ក្រឡា​បួន​ជ្រុង ហើយ​អាច​ការពារ​គ្នា​បាន​យ៉ាង​ល្អ​ដែល​សូម្បី​តែ​សេះ គោល ទូក​ក៏​ពិបាក​ចូល​ដែរ។

គណបក្ស​ប្រជាជន​បាន​មើល​ស្រាល​គូ​ប្រកួត គិត​ថា ខ្លួន​ឯង​មាន​ទ័ព​ច្រើន​តែ​សុទ្ធ​ជា​ទ័ព​ក្អេង​ក្អាង ឈ្នះ​តែ​លើ​សមរភូមិ​ដែល​គេ​ធ្វើ​ចាញ់ សប្បាយ​ភ្លេច​ខ្លួន អង្គុយ​បើក​ភ្នែក​មើល បក្ស​ប្រឆាំង ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទ័ព​កាន់​តែ​កើន ទឹក​ចិត្ត​ទ័ព​កាន់​តែ​ពុះ​កញ្ជ្រោល​។ ក្បួន​ទ័ព​ទៅ​ដល់​ទី​ណា រាស្រ្ត​គាំទ្រ​ទីនោះ​ដែល​នេះ​ហៅ​ថា ត្រី​ទឹម​ពីរ​។ ត្រី​ទី​មួយ​គឺ​កង​ទ័ព​(សកម្មជន) ត្រី​ទី​២ គឺ​ប្រជារាស្រ្ត​។ ខាង​គណបក្ស​ប្រជាជន ក៏​ខំ​ឡើង​ត្រី​ទឹម​ដែរ តែ​សុទ្ធ​តែ​ត្រូវ​ចំណាយ​លុយ​កាក់ សារុង ប៊ីចេង អស់​ជាច្រើន ដែល​គេ​ហៅ​ថា ជា​ទ័ព​ស៊ី​ឈ្នួល​។ ទ័ព​ស៊ី​ឈ្នួល ស៊ី​មិន​ឆ្អែត ចិត្ត​មិន​នឹង មាន​តែ​ចំនួន​ឥត​ប្រយោជន៍ ឲ្យ​តែ​សត្រូវ​មក​ដល់ ច្បាស់​ជា​ចុះ​ចូល​ជាមួយ​សត្រូវ បែរ​អាវុធ​ដាក់​ម្ចាស់​វិញ​មិន​ខាន។

គេ ថា មរកត គង់​មាន​រកាំ ថ្វី​ដ្បិត​តែ​បក្ស​ប្រឆាំង​មាន​កម្លាំង​ទ័ព​ស្រួច​ខ្លាំង តែ​សុទ្ធ​តែ​ក្មេងៗ មាន​ចិត្ត​ឆេវឆាវ ឲ្យ​តែ​ជួប​សត្រូវ ដឹង​តែ​ពី​សម្លាប់​បើ​សម្លាប់​មិន​បាន ក៏​ជេរ​បញ្ចោរ​ដែរ។ បើ​ធ្វើ​អ៊ីចឹង តើ​វា​មាន​អី​ខុស​ពី​កង​ទ័ព​ស៊ី​ឈ្នួល​ទៅ?

មេ​ទ័ព​គ្រប់​តំបន់​ទាំង​អស់​ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ បើ​តាំង​នាម​ជា​កងទ័ព​ប្រកាន់​សច្ចធម៌​លើក​ស្ទួយ​រាជបល័ង្ក សង្គ្រោះ​នគរ គួរ​តែ​មាន​ពាក្យ​សម្ដី​ថ្លៃ​ថ្នូរ អាកប្ប​កិរិយា​ទន់​ភ្លន់ តែ​បើ​ហា​មាត់​ឡើង​ជេរ ហា​មាត់​ឡើង យួន ហា មាត់​ឡើង អាក្បត់​ជាតិ តើ​មាន​កងទ័ព​ណា ដែល​ហ៊ាន​ចុះ​ចូល​ជាមួយ​ទៅ​? អ្នក​ទាំង​នោះ បើ​មិន​មែន​ជា​ជន​បង្កប់ ក៏​ជា​ចោរ​ក្បត់​ដែរ គួរ​តែ​កាត់​ក្បាល​ភ្លាម​។

បើ​ចង់​ជួយ​ម្ចាស់ គួរ​តែ​ទាក់​ទាញ ទ័ព​សត្រូវ​ឲ្យ​ក្លាយ​ជា​មិត្ត ហើយ​មិត្ត​ក្លាយ​ជា​ទ័ព​ស្មោះ​ស្ម័គ្រ ដោយ​ប្រើ​អាកប្បកិរិយា​ទន់​ភ្លន់ យក​ទន់​បង្រ្កាប​រឹង យក​ទឹក​បង្រ្កាប​ភ្លើង សម្ដី​ត្រជាក់ តែ​ស៊ី​ជម្រៅ ប្រកប​ដោយ​ហេតុ​ផល ហ៊ាន​ស៊ី​ហ៊ាន​សង ហ៊ាន​ទទួល​ត្រូវ ហ៊ាន​ទទួល​ពាក្យ​សរសើរ ហ៊ាន​ទទួល​ពាក្យ​បន្ទោស រៀន​ប្រើ​ពាក្យ “បាទ​! ចាស​!” បង្កើត​វប្បធម៌“មិន​យក ខ្មែរ​ណា​ជា​សត្រូវ” ទៅ​តាម​គោលការណ៍​ម្ចាស់​របស់​ខ្លួន​។ ម្យ៉ាង​ទៀត ពេល​ឡើង​តែ​ត្រី​ទៅ​មុខ​ទុក​ប្រហោង​ក្នុង​អារាត់​អារាយ ពេញ​ក្តារ​អុក ដូច្នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ប្រហោង​ពោះ​ខ្លាំង​ណាស់។ បើ​ដើរ​របៀប​នេះ ទ័ព​ស៊ី​ឈ្នួល​ច្បាស់​ជា​ស្ទាក់​វាយ​តាម​ផ្លូវ ម្តង​មួយ​កង់ៗ ស្លាប់​អស់​មិន​ខាន​ឡើយ។

សង្រ្គាម​ថ្ងៃ​ខាង​មុខ (ថ្ងៃ​បោះឆ្នោត) ជា​ការ​សាក​កម្លាំង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​សម្រេច​ជោគ​វាសនា​រាស្រ្ត​ទាំង​នគរ ល្អ​អាក្រក់ ស​ខ្មៅ នឹង​ត្រូវ​បែង​ចែក​។ ដូច្នេះ បើ​មិន​អាច​ឡើង​ត្រី ១ ទៀត ធ្វើ​ជា​ត្រី​ទឹម ៣ គឺ​លទ្ធផល​ពិត​ជា​ពិបាក​ប៉ាន់​ស្មាន​ណាស់​។ ដូច្នេះ តើ​បក្ស​ប្រឆាំង​អាច​ឡើង​កូន​ត្រី​១​ទៀត​បាន​ឬ​ទេ?

និយាយ​ឲ្យ​ត្រង់​ទៅ កូន​ត្រី​ទី៣ នោះ គឺជា​អ្នក​ទស្សនា ដែល​សុទ្ធ​តែ​អ្នក​ជិះ​លើ​ទូក​ក្តារ ជាមួយ​អ្នក​លេង ដែល​អ្នក​ខ្លះ​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត អ្នក​មាន​ទ្រព្យ​ធន អ្នក​មាន​កម្លាំង អ្នក​ក្បួន​យុទ្ធសាស្រ្ត ដែល​តែង​តែ​យក​រួច​ខ្លួន ចេញ​តែ​សម្ដី មិន​ចេញ​មុខ ចេញ​មុខ តែ​មិន​ចេញ​សកម្មភាព នេះ​ហើយ​។ បើ​អ្នក​ទាំង​អស់​គ្នា មិន​ជួយ​ស្រែក មិន​ជួយ​ហ៊ោ គឺ​ច្បាស់​ជា​អស់​លីអូ ម្នាក់ៗ​ជា​មិន​ខាន​ទេ។

ខុងមិញ ដែល​ដើរ​តួ​នៅ​ក្នុង​ខែ្ស​ភាពយន្ដ​រឿង​សាមកុក​បាន​និយាយ​ថា«បើ​ចេះ​តែ​សម្ងំ ​សុខ បាន​សុខ​នោះ គ្រប់​គ្នា​មិន​បាច់​ប្រឹង​ទេ ហើយ​ក៏​មិន​ចាំ​បាច់​មាន​អ្នក​ក្លាហាន​ចេញ​មុខ​បញ្ចេញ​សមត្ថភាព​អីដែរ​។ បើ​គ្រាន់​តែ​សន្សំ​សុខ សម្រាប់​តែ​១០​ឆ្នាំ​ឬ ២០ ឆ្នាំ​នោះ គឺ​មិន​អី​ទេ តែ​បើ គិត​ដល់ ទៅ ៥០ ឆ្នាំ ១០០ ឆ្នាំ ដល់​កូន​ចៅ​ជំនាន់​ក្រោយ រាប់​តំណ គឺ​មិន​អាច​សម្ងំ​សុខ​ពេល​ឥឡូវ​បាន​ទេ គ្រប់​គ្នា​ត្រូវ​តែ​ប្រឹង​ប្រែង ក្តាប់​ឱកាស​ពី​ឥឡូវ​ទៅ»។

មេ​ដឹក​នាំ សមាជិក សកម្មជន​នយោបាយ បាន​រៀប​ក្បួន​ទ័ព​ចេញ​ជា​ហូរហែ តែ​នៅ​មាន​អ្នក​ខ្លះ អង្គុយ​ផឹក កាហ្វេ តែង​កំណាព្យ ស្តាប់​ភ្លេង សើច​ចំអក​ឲ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​វិញ​។ បើ​ធ្វើ​បែប​នេះ តើ​មាន​អ្វី​ខុស​ពី​បញ្ញើ​ក្អែក​ទៅ?

តើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​ដោយ​របៀប​ណា​? ឮ​ចាស់ៗ​និយាយ​តៗ​គ្នា​ថា បារាំង​ចង់​ធ្វើ​ជំរឿន ថា​តើ​ជនជាតិ​ណា​រស់​នៅ​ច្រើន​ជាង​គេ តែ​ខ្មែរ​យើង​ចិត្ត​សឿង​ស្អប់​បារាំង​មិន​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ជំរឿន​ទេ។ ពេល​ធ្វើ​ជំរឿន​ចប់​សព្វ​គ្រប់ បារាំង​ឃើញ​ជនជាតិ​វៀតណាម មាន​ចំនួន​ច្រើន​ជាង ជនជាតិ​ខ្មែរ ក៏​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​យួន​ទៅ។ ទោះ​បី​រឿង​នេះ​ពិត ឬ​មិន​ពិត ក៏​សមហេតុ​សម​ផល​ដែរ​។ រឿង​នេះ មិន​ខុស​គ្នា​ទេ បើ​អស់​លោក បញ្ញវន្ត និង​អ្នក​មាន​ទ្រព្យ​ធន សម្ងំ​យក​តែ​សុខ គឺ​មេរៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម និង​កើត​ឡើង​ម្តង​ទៀត នៅ​កម្ពុជា​កណ្តាល​នេះ។

ជំនាន់ ខ្មែរ​ក្រហម តើ​ប្រជាជន​ស្លាប់​ដោយ​របៀប​ណា? គឺ​ដោយ​សារ​ម្នាក់ៗ សម្ងំ​យក​សុខ​រៀងៗ​ខ្លួន គ្មាន​គំនិត​រួប​រួម​គ្នា​។ សូម្បី​តែ​ក្មេង​ម្នាក់ ឈរ​កាន់​កាំភ្លើង​លើ​ភ្លឺ​ស្រែ ហើយ​មនុស្ស​ចាស់ កាន់​ចប​កាប់ រាប់​រយ​នៅ​លើ​ខ្នង​ប្រឡាយ មិន​ហ៊ាន​ទាំង​ក្អក​ផង។ គេ​ចាំ​មើល​យើង យើង​ចាំ​មើល​គេ រហូត​ដាច់​បាយ ត្រូវ​ត្បូង​ចប ស្លាប់​ទាំង​អស់​គ្នា។

ដូច្នេះ​បើ​មាន​អ្នក​ស្ម័គ្រ​ស្លាប់​នៅ​សមរភូមិ​មុខ​ទៅ​ហើយ តើ​មាន​អ្វី​ ធ្វើ​ឲ្យ​យើង​រា​រែក​ទៀត? ក្បួន​ទ័ព​បាន​ចេញ​ដំណើរ​ហើយ​។ អ្នក​មាន​ស្បៀង ជួយ​ស្បៀង អ្នក​មាន​ល្បិច ផ្តល់​ល្បិច អ្នក​មាន​ព័ត៌មាន ផ្តល់​ព័ត៌មាន អ្នក​មាន​អាវុធ ផ្តល់​អាវុធ អ្នក​អត់​មាន ជួយ​ហ៊ោ ទូង​ស្គរ ឈរ​អម​ដង​ផ្លូវ ផ្តល់​កម្លាំង​ចិត្ត​ដល់​ទ័ព និង​អ្នក​នៅ​សមរភូមិ​មុខ។

មើល ចុះ! ខ្យល់​អាគ្នេយ៍​សម្រាប់​បាច​អង្កាម​បញ្ច្រាស​ទៅ​សត្រូវ​ក៏​មក​ដល់​។ កងទ័ព​សត្រូវ​កំពុង​តែ​ជ្រួល​ច្របល់។ បើ​ត្រី​បក​ទាំង​បី​នេះ មិន​អាច​ឡើង​ទន្ទឹម​គ្នា​បាន​ទេ លទ្ធផល​សង្រ្គាម​(បោះឆ្នោត)​ ថ្ងៃ​ខាង​មុខ ដែល​បក្ស​ប្រឆាំង​ខំ​សំលៀង​កាំបិត​សន្សំ​ស្បៀង រើស​ទ័ព រាយ​ក្រឡា​ចាញ់​ផ្ទួនៗ ជាង​១០​ឆ្នាំ​មក​នេះ ពិត​ជា​អាណោច​អាធ័ម​មិន​ខាន​ទេ។ ពេល​នោះ​ទាំង​ទ័ព ទាំង​រាស្រ្ត ទាំង​មន្រ្តី ច្បាស់​ជា​ត្រូវ​កង​ទ័ព​ស៊ី​ឈ្នួល​អារក​បឺត​ឈាម កាត់​ក្បាល វះ​ពោះ ហាល​ងៀត ដូច​ត្រី​មិន​ខាន​ទេ។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី ចំពោះ​កំហុស​ឆ្គង​ដោយ​អចេតនា​តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង៕

ចូល​រួម​ផ្ដល់​យោបល់​តាម​រយៈ​អ៊ីមែល chivann.pen@gmail.com

ប៉ែន សុជីវន្ត ពី​រតនគិរី

កម្ពុជា​ត្រូវ​ការ​វប្បធម៌​នយោបាយ​ថ្មី​ទើប​ជាតិ​រុងរឿង

ដោយ៖ ប៉ា ច័ន្ទរឿន (ភ្នំពេញប៉ុស្តិ៍ Wednesday, 10 July 2013)

130710_02

លោក​ ​ហ៊ុន សែន​​​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​ និង លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។ រូប​ថត Bloomberg និង ផា លីណា​

មាន​ស៊ី​ មាន​សែន ​ទើប​នយោបាយ​ខ្មែរ​ទៅ​មុខ​ហើយ​អ្នក​ទាំង​ពីរ​បាន​សុខ

ជម្រាបសួរ លោក ការី​និពន្ធ

ក្រោយ ពី​បាន​អាន​អត្ថបទ «លោក សម រង្សី​ប្រកាស​វិល​មក​កម្ពុជា​វិញ» បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ពុំនោល​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ ធ្លាប់​និយាយ​ថា «មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី»។ ពុំនោល​នេះ​ស្ថិត​នៅ​ក្នុង​វប្បធម៌​នយោបាយ​«ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច តែ​ពេល​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី»។

ជា​ការ​ពិត ធម្មជាតិ​នៃ​នយោបាយ មាន​ភាព​ស្មុគស្មាញ​។ ប៉ុន្តែ​នៅ​ក្នុង​នាម​ជា​អ្នក​អប់រំ​ម្នាក់ ខ្ញុំ​យល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​តែ ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​បែប​ជ្រុល​និយម​បែប​នេះ ហើយ​ផ្លាស់​ប្តូរ​ការ​យក​ឈ្នះ​ចាញ់​ក្នុង​លក្ខណៈ​ជា​បុគ្គល ឬ​បក្ស មក​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ប្តូរ​ផ្នត់​គំនិត​ខាង​លើ​មក​ជា​«មាន​ស៊ី មាន​សែន ទើប​នយោបាយ​ខ្មែរ​ទៅ​មុខ ហើយ​អ្នក​ទាំង​ពីរ​បាន​សុខ»។

នៅ​ក្នុង​ទសវត្សរ៍​១៨៤០ ស្តេច​សៀម រាមាទី​៣ បាន​សរសេរ​ថា «ប្រជាជន​កម្ពុជា​តែង​តែ​ច្បាំង​គ្នា​ឯង​នៅ​ក្នុង​ការ​ឡើង​កាន់​អំណាច​។ អ្នក​ដែល​ចាញ់​នៅ​ក្នុង​ចម្បាំង​នេះ​ទៅ​សុំ​កម្លាំង​ជំនួយ​ពី​ប្រទេស​ជិត ខាង ចំណែក​ឯ​អ្នក​ឈ្នះ​វិញ ក៏​ទៅ​ពឹង​ជំនួយ ពី​ប្រទេស​ជិត​ខាង​មួយ ទៀត​ដែរ​»។ បើ​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ខ្មែរ យើង​ឃើញ​ថា​អ្នក​នយោបាយ​ខ្មែរ​ជា​ច្រើន បាន​នៅ​តែ​បន្ត​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ជាតិ​អន្តរាយ​បែប​នេះ។ ការ​បែក​បាក់​គ្នា​របស់​អ្នក​នយោបាយ​មាន​តែ​ធ្វើ​ឲ្យ​ជាតិ​បាត់បង់​។ ខ្មែរ​យើង​បាន​បាត់បង់​ទឹក​ដី ធនធាន​សម្បត្តិ​ធម្មជាតិ និង​វប្បធម៌ ហើយ​ជាតិ​ខ្មែរ​លិច​លង់​ស្ទើរ​តែ​លស់​ព្រលឹង​។ តើ​យើង​នៅ​ចង់​បន្ត​ឲ្យ​ខ្មែរ​បាត់បង់​អ្វី​ទៀត?

ឆ្លង​តាម​ប្រវត្តិសាស្រ្ត​ដ៏​ជូរ​ចត់ ខ្ញុំ​គិត​ថា​ទាំង​អ្នក​នយោបាយ និង ប្រជាជន​ខ្មែរ ត្រូវ​តែ​រៀន​ពី​ប្រវត្តិសាស្រ្ត ហើយ​ចៀស​ឲ្យ​បាន​ការ​ជាន់​គន្លង​ជីវិត​ដែល​ធ្វើ​ឲ្យ​ជាតិ​អន្តរាយ​បែប​នេះ។ ជា​អ្នក​សិក្សា​ទស្សនវិជ្ជា​ម្នាក់ ខ្ញុំ​យល់​ថា​ប្រសិន​បើ​យើង​ចង់​បាន​លទ្ធផល​ថ្មី យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ការ​គិត និង​ការ​ប្រព្រឹត្ត​របស់​យើង។ ដោយ​ឈរ​លើ​ទស្សនវិជ្ជា​នេះ ខ្ញុំ​គិត​ថា​ខ្មែរ​យើង​ប្រហែល​ជា​ត្រូវ​ជំម្រុះ​វប្បធម៌​ខ្លះ​ដែល​មិន​បាន​ ធ្វើ​ឲ្យ​ជីវិត​ប្រសើរ ហើយ​ងាក​មក​បណ្តុះ​គ្រាប់​ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី។

ឧទាហរណ៍ វប្បធម៌​នៃ​ការ​ផ្លាស់​ប្តូរ​អំណាច ដោយ​សន្តិវិធី​ដែល​ធានា​សុខុមាលភាព និង​សុវត្ថិភាព​ទាំង​អ្នក​ដែល​ត្រូវ​ឡើង​កាន់​អំណាច និង​អ្នក​ដែល​ត្រូវ​ចុះ​ចេញ​ពី​អំណាច​។ មាន​ន័យ​ថា យើង​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយាបថ​ចាស់ និង​ទទួល​ស្គាល់​ថា ទាំង​បុគ្គល​នៅ​ក្នុង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់​មិន​មែន​ជា​ត្រី ហើយ​ក៏​មិន​មែន​ជា​ស្រមោច​ដែរ​។ ប៉ុន្តែ​ជា​មនុស្ស និង​ខ្មែរ​ដូច​គ្នា​ដែល​មាន​មនសិការ និង​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​។

សម័យ​នេះ​ជា​សតវត្សរ៍​ទី ២១ ដែល​គេ​ឲ្យ​តម្លៃ​លើ​ការ​គ្រប់​គ្រង​ដោយ​នីតិរដ្ឋ។ ដូច្នេះ​ហើយ យើង​មិន​ត្រូវ​នៅ​ប្រើ​ប្រាស់​ទ្រឹស្តី​នយោបាយ​រដ្ឋ​ធម្មជាតិ​ដែល​សត្វ​តូច​ តែង​តែ​ត្រូវ​បាន​ស៊ី​ដោយ​សត្វ​ធំ ដែល​ទស្សនវិទូ​អង់គ្លេស លោក ថូម៉ាស ហូប្បស៍ បាន​លើក​ឡើង​នៅ​សតវត្សរ៍​ទី១៧ នោះ​ឡើយ។ សច្ចភាព​មួយ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង​គឺ សត្រូវ​ពិត​ប្រាកដ​របស់​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ​គឺ​មិន​មែន​បុគ្គល​នេះ បុគ្គល​នោះ គណបក្ស​នេះ ឬ​គណបក្ស​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​ធំៗ​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ប្រឈម​មុខ​ដូច​ជា ភាព​ក្រីក្រ បញ្ហា​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន អំពើ​ពុករលួយ​បញ្ហា​អប់រំ ភាព​អសន្តិសុខ និង​អយុត្តិធម៌​នៅ​ក្នុង​សង្គម ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ គ្រោះថ្នាក់​ធម្មជាតិ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​និង​បញ្ហា​ព្រំដែន​។ល។

ដោយ ប៉ា ច័ន្ទរឿន បេក្ខជន​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា ការ​អភិវឌ្ឍ​សាកល​វិទ្យាល័យ​ឆាលស្ទើត​ប្រទេស​អូស្ត្រាលី

ប្រដាល់​ដាក់​ទ្រុង​ជាមួយ​បរទេស​គួរ​តែ​បញ្ចប់

 អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Monday, 03 June 2013​ដោយ៖ តុង​ សុប្រាជ្ញ)

កីឡា​ករ​បរទេស​កំពុងវាយ​សង្គ្រុបចាប់​សង្កត់​លើ​កីឡា​ករ​ ខ្មែរនៅ​ក្នុង​ការ​ប្រកួត​ដែល​គេ​ហៅ​ថាប្រដាល់​ដាក់​ទ្រុង​កាល​ពី​សប្តាហ៍​ មុន​។ រូបថត ស្រេង ម៉េងស្រ៊ុន​

ពេល​ឃើញ​ដំរី​ជុះ​ក៏​ខំ​ប្រឹង​ជុះ​តាម​ដំរី​ដែរ មិន​ដឹង​ថា គូទ​ដំរី​ធំ​ប៉ុន​ណា​ទេ​។ បច្ចុប្បន្ន​មាន​រឿង​រ៉ាវ​ជាច្រើន​ស្រុក​ខ្មែរ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ត្រាប់​តាម​គេ​មាន​ការ​ចម្លង​ពី​បរទេស​ដោយ​ គ្មាន​គោរព​កម្មសិទ្ធិ​បញ្ញា​របស់​គេ ឬ​ក៏​គ្មាន​អាជ្ញាប័ណ្ណ ដូចជា ខ្សែ​ភាពយន្ត ចម្រៀង ចង្វាក់​រាំ ជាដើម​។ ពេល​ខ្លះ​មិន​ត្រឹម​តែ​ឲ្យ​ដូច​របស់​គេ​ទេ​គឺ​ថែម​ទាំង​យក​មក​ច្នៃ​ធ្វើ​ឲ្យ ​ខូច​ទ្រង់​ទ្រាយ​ដើម​របស់​គេ​ទៀត​ធ្វើ​ឲ្យ​អាក្រក់​ទៅ​វិញ​មើល​ទៅ​ធ្វើ​ឲ្យ ​បរទេស​គេ​វាយ​តម្លៃ​ថា ខ្មែរ​មិន​ចេះ​បង្កើត​គំនិត​ផ្តួច​ផ្តើម​អ្វី​ថ្មី​ខ្លួន​ឯង​សោះ​ចាំ​តែ​លួច ​ចម្លង​ពី​គេ។ បើ​ធម្មតា​ក្អែក​គោក ធ្វើ​ម្តេច​អាច​លឹប​ក្នុង​ទឹក​ចាប់​ត្រី​ដូច​ក្អែក​ទឹក​បាន​ទៅ?

ឥឡូវ​នេះ​ឈាន​ចូល​ដល់​ការ​លួច​ចម្លង​ការ​ប្រដាល់​ដាក់​ទ្រុង​របស់​បរទេស (Mixed Martial Arts)​ដែល​ហៅ​កាត់​ថា អឹម​អឹម​អេ​(MMA) បន្ទាប់​ពី​បាន​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍​ខ្សែ​កាប​រៀង​រាល់​ព្រឹក​ថ្ងៃ​ អាទិត្យ​និង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​បរទេស​រាល់ ចុង​សប្តាហ៍​របស់​ទូរទស្សន៍​ហង្សមាស​នោះ​។ ស្រាប់​តែ​ស្ថានីយ៍​ទូរទស្សន៍ CTN ចាប់​ផ្តើម​ប្រកួត​មែន​ទែន​រវាង​ខ្មែរ​បាន​៥ សប្តាហ៍​កន្លង​មក​ហើយ​ដោយ​ច្នៃ​ការ​ប្រកួត​ដាក់​ទ្រុង​(MMA) មក​ធ្វើ​ជា​របស់​ខ្មែរ​ថា​៖ «​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» ដើម្បី​គេច​ចេញ​ពី​ការ​ប្តឹង​ប្តល់​ពី​ស្ថាប័ន MMA។ តាម​ការ​ពិត​ប្រវត្តិ​ប្រដាល់​នៅ​ស្រុក​ខ្មែរ​អត់​មាន​ររៀប​វ៉ៃ​ម៉ាសេរី ដាក់​ទ្រុង​គ្មាន​ច្បាប់​ច្បាស់​លាស់​បែប​នេះ​ទេ។

តែ​អ្វី​ដែល​ធ្វើ​តក់​ស្លត់​ដ៏​សែន​រន្ធត់​គួរ​ឲ្យ​សង្វេគ​នោះ​នៅ​ពេល​ អ្នក​ទស្សនា​ផ្ទាល់ និង​តាម​គេហដ្ឋាន​ដែល​ឃើញ​ខ្មែរ​ប្រកួត​ជាមួយ​បរទេស​ហើយ​កីឡាករ​ខ្មែរ​ត្រូវ ​កីឡាករ​បរទេស វ៉ៃ តប់ ស្រេច​តែ​នឹង​ចិត្ត មាន​បែក​មុខ​ឈាម​ហូរ​កក្លាក់ ហើយ​សន្លប់​ធំ​សឹង​គ្រប់​គូ គឺជា​ការ​ប្រកួត​ផ្ទាល់​និង​បន្ត​ផ្ទាល់​នៅ​ស្ថានីយ​ទូរទស្សន៍ CTN-MYTV កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា កន្លង​ទៅ​នេះ​។ តាម​រយៈ​កម្មវិធី​ប្រកួត​នោះ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នោះ​គឺ​មាន​ឈ្មោះ​ថា​៖​«ការ​ប្រកួត​កីឡា​ប្រដាល់​កំពូល​អ្នក​ ប្រយុទ្ធ​លក្ខណៈ​អន្តរជាតិ​» ដែល​មាន​ស្លាក​សញ្ញា​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍ MYTV និង​មាន​ហត្ថលេខា​របស់​ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត គឺ​ឧត្តមសេនីយ៍​ទោ តែម ម៉ឺន ផង​ដែរ។

ក្នុង​នាម​ជា​ខ្មែរ​ឃើញ​កីឡាករ​បរទេស​វ៉ៃ​កីឡាករ​ខ្មែរ​បែប​ហិង្សា​សាហាវ ​យ៉ាង​នេះ វា​លែង​ជា​កីឡា​កម្សាន្ត​សប្បាយ​ល្អ​មើល​ដូច​ក្បាច់​គុន​ខ្មែរ​ឡើយ​ប៉ុន្តែ​ បាន​បន្សល់​នូវ​មតិ​រិះគន់​និង​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ខុសៗ​ គ្នា អ្នក​ខ្លះ​សួរ​ថា នរណា​យក​កីឡា​ប្រភេទ​ស្លាប់​រស់​នេះ​លេង​នៅ​ស្រុក​ខ្មែរ​? ហើយ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ទូរទស្សន៍ CTN-MYTV​? ខ្លះ​ថា ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​បិទ​ការ​ប្រដាល់​ដាក់​ទ្រុង​នេះ​ជា​បន្ទាន់​នៅ​ ស្រុក​ខ្មែរ​ទៅ​។ នេះ​ហើយ​ដែល​គេ​ហៅ​ថា​ឃើញ​គេ​ធ្វើ​បាន​ដល់​ពេល​ខ្លួន​ឯង​យក​មក​ធ្វើ​មិន​ ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​របស់​គេ​វា​បែរ​ទៅ​ជា​មាន​បញ្ហា​ប្រឈម​នឹង​ គ្រោះថ្នាក់​ធំ​ទៅ​វិញ​ព្រោះ​ការ​ប្រដាល់​ដាក់​ទ្រុង​ដូច​នៅ CTN-MYTV នេះ​គឺ​កីឡាករ​ខ្មែរ អាច​បណ្តាល​ឲ្យ​ស្លាប់​ឬ​ក៏​ប្រឈម​មុខ​គ្រោះថ្នាក់​ខ្ពស់​នៅ​ពេល​អនាគត​ ដូចជា​៖

១) ខុស​ច្បាប់​៖ ការ​ប្រើ​ពាក្យ «អន្តរជាតិ» ដើម្បី​ទាក់​ទាញ​ម្ចាស់​ឧបត្តម្ភ​កម្មវិធី​និង​ទស្សនិកជន​។ ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​បាន​លុះ​ត្រា​តែ​ឆ្លង​កាត់​ការ​ទំនាក់ ​ទំនង​រវាង​ប្រទេស​និង​ប្រទេស​ដឹង​ឮ​តាម​រយៈ​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ​ ។ ការ​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍ CTN-MYTV នេះ​គ្មាន​សាមី​ប្រទេស​ណា​មួយ​ដឹង​ឮ​ទេ​។ ការ​ដែល​យក​លំនាំ​តាម​ការ​ប្រដាល់​ដាក់​ទ្រុង MMA ហើយ​ដាក់​ឈ្មោះ​វិញ្ញាសារ​ដោយ​ខ្លួន​ឯង «​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» គ្មាន​ក្បួន​ច្បាប់​ខ្លួន​ឯង​ច្បាស់​លាស់ ហើយ​ក៏​គ្មាន​នៅ​ក្នុង​វិញ្ញាសា​របស់​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ​ដែរ​។ សព្វ​ថ្ងៃ​នេះ វិញ្ញាសា​នេះ ជ្រក​ក្រោម​ស្លាក​ស្ថាប័ន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា គឺ​ខុស​ទាំង​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ពី​ព្រោះ​សហព័ន្ធ​មួយ​មិន​អាច​លេង​កីឡា​ពីរ​បាន​ទេ។

ចំពោះ​ការ​ប្រដាល់​ដាក់​ទ្រុង​MMA នៅ​ស្រុក​ខ្មែរ​ទើប​តែ​បង្កើត​ឲ្យ​មាន​សមាគម​កាល​ពី​ដើម​ឆ្នាំ​នេះ​ទេ​គឺ​ ឈ្មោះ​«សមាគម​យុទ្ធសិល្ប៍​ចម្រុះ» នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ (License) ពី​ប្រទេស​សិង្ហបុរី​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​រួម​ទាំង​មាន​ក្បួន​ច្បាប់ ​ត្រឹម​ត្រូវ​សម្រាប់​ហ្វឹក​ហ្វឺន​សម្រាប់​តែ​ការ​ប្រកួត​កីឡា​បែប​នេះ​តែ​ ម្ដង​។ អ៊ីចឹង​ហើយ​វិញ្ញាសា​«​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​» មិន​មាន​សហព័ន្ធ​ខ្លួន​ឯង​ច្បាស់​លាស់​ទេ​។​កន្លង​មក​មាន​ការ​ហាម​ប្រាម​ពី​ សមាគម​យុទ្ធ​សិល្ប៍​ចម្រុះ​ពី​ការ​ប្រកួត​តាម​បែប​MMA ពី​ព្រោះ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​ហើយ​ក៏​ពុំ​ទាន់​ មាន​គ្រូ​បង្វឹក​កីឡាករ​ប្រភេទ​នេះ​នៅ​ឡើយ​ដែរ។ ឯ​ចំពោះ​កីឡាករ​ខ្មែរ​យើង​មិន​ទាន់​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​នៅ​ឡើយ ​ទេ។ តែ​ស្ថានីយ​ទូរទស្សន៍ CTN-MY​TV នៅ​តែ​រឹង​ធ្វើ​ទាល់​តែ​បាន។

២) កំហុស​បច្ចេកទេស៖ ការ​ដែល​យក​របស់​គេ​មក​ចម្លង​ខុស​ទាំង​ជ្រុង​នៃ​ទ្រុង​គឺ MMA មាន​ជ្រុង ៦ ឯ​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​មាន​ជ្រុង​រហូត​ដល់​ទៅ​៨​ជ្រុង​។ ទាំង​អាជ្ញា​កណ្តាល​ទាំង​គ្រូ​បង្វឹក​ទាំង​កីឡាករ​ខ្មែរ​យើង​មិន​ទាន់​បាន​ ដឹង​ពី​ច្បាប់​ទម្លាប់​នៃ​ការ​ប្រដាល់​ដាក់​ទ្រុង​ហើយ​ក៏​មិន​ដែល​បាន​ហាត់​ ពី​របៀប​ប្រដាល់​បែប​នេះ​ផង​យក​មក​វ៉ៃ​ជាមួយ​កីឡាករ​ជន​បរទេស​ដែល​មើល​ទៅ​ ហាក់​ដូចជា​គេ​យក​ខ្លា​ដាក់​ក្នុង​ទ្រុង​ឲ្យ​ប្រយុទ្ធ​ជាមួយ​នឹង​ឆា្ម​ ដូច្នោះ​ដែរ។

បើ​យើង​ពិនិត្យ​មើល​ទៅ​អាជ្ញា​កណ្តាល​បរទេស គេ​ដឹង​ក្បូន​ច្បាប់​ត្រឹម​ត្រូវ នៅ​ពេល​ដែល​កីឡាករ​ខ្មែរ តក់ សុភ័ណ្ឌ វ៉ៃ​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ដោយ​យក​ដៃ​វ៉ៃ​ពី​ក្រោយ​កញ្ចឹង​ក. និង​យក​ក្បាល​បោក​ក្បាល គឺ​គេ​ព្រមាន​ហើយ​បាន​កាត់​ពិន្ទុ​ពី​កីឡាករ​ខ្មែរ។​នៅ​គូ​ទី ៥​នៅ​ពេល​ដែល​កីឡាករ​បរទេស ចាប់​ក្រៀក​ក្លេ កីឡាករ​ខ្មែរ ពេជ្រ អារុណ ជាប់​អស់​ប្រៀប​ដូច​ពស់​ថ្លាន់​រឹប​មាន់​ស៊ី​អ៊ីចឹង​គ្រាន់​វាយ​បាន ២​ទៅ​៣ ដៃ​អាជ្ញា​កណ្តាល​បរទេស​នោះ​ឲ្យ​បញ្ឈប់​ការ​ប្រកួត​ភ្លាម​ព្រោះ​ខ្លាច​ គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​គឺជា​ច្បាប់ MMA។​តែ​បើ​និយាយ​ពី​អាជ្ញា​កណ្តាល​ខ្មែរ លោក អេ ភូថង​វិញ​គឺ​កីឡាករ​បរទេស​វ៉ៃ​កីឡាករ​ខ្មែរ​ធ្លាក់​ដៃ​សន្លប់​បាត់​ទៅ​ហើយ​ គឺ​គាត់​នៅ​តែ​មើល​មិន​ដឹង​ទៀត​។ រហូត​តែ​ជើង​ត្រង់​ភ្លឹង​ទើប​ដឹង​ថា អូ កីឡាករ​ខ្មែរ​សន្លប់​បាត់​ហើយ។

រីឯ​កីឡាករ​ខ្មែរ​ក្មេងៗ​ស្ទាវៗ​មិន​ទាន់​បាន​ហាត់​ពត់​លត់​ដំ​ត្រឹម​ ត្រូវ​តាម​បច្ចេកទេស​របស់​MMA នៅ​ឡើយ​ទេ គឺ​ចាប់​គ្នា​ឲ្យ​ទៅ​វ៉ៃ​ជាមួយ​កីឡាករ​បរទេស​ទាំង​មមិង​មមាំង មិន​ដឹង​ទិស​តំបន់​អីផង ហើយ​កាយ​សម្បទា​ខុស​គ្នា​ស្រឡះ​ពី​កីឡាករ​បរទេស ដូច​យក​មាន់​សម្ល​ទៅ​ជល់​ជាមួយ​មាន់​ពូជ​ជល់​។ ម្យ៉ាង​នៅ​ពេល​ឡើង​សង្វៀន កីឡាករ​ខ្មែរ​ស្តាប់​ភាសា​អង់គ្លេស​ដែល​អាជ្ញា​កណ្តាល​ណែនាំ​នីតិវិធី​នៃ​ ការ​ប្រកួត​អត់​បាន​ទេ​។ ណា​មួយ​មិន​ទាន់​ផ្សាំ​មុខ​និង​ដង​ខ្លួន​ជាមួយ​នឹង​ស្រោម​ដៃ​ហ្កង់​តូច​រាង​ ដូច​ស្នាប់​ដៃ​ធ្លាប់​តែ​ធម្មតា​ស្រោម​ដៃ​ហ្កង់​ខ្នាត​អន្តរជាតិ​ធំៗ បើ​ឲ្យ​វ៉ៃ​ល្មម​មិន​សន្លប់​ផង​ហើយ​ប្រភេទ​កីឡា​ប្រដាល់​ដាក់​ទ្រុង MMA មុន​នឹង​វាយ​ជា​លក្ខណៈ​អន្តរជាតិ​គឺ​ហាត់ និង​សម​យ៉ាង​តិច​ណាស់​ក៏ ៣ ឆ្នាំ​ដែរ ព្រោះ​មាន​បញ្ចូល​គ្នា​តាំង​ពី​កីឡាកាស​(Wrestling) យូដូ តេក្វាន់ដូ ការ៉ាតេដូ និង​ក្បាច់​គុន​ចម្រុះ​ដទៃ​ទៀត​។

៣) កីឡាករ​បរទស​រំលោភ​លើ​នីតិវិធី​៖ ជា​ទូទៅ​មុន​នឹង​ប្រកួត​របស់ MMA អាជ្ញា​កណ្តាល​តែង​តែ​រំឭក​ពី​នីតិវិធី​ប្រកួត​បើ​ភាគី​ណា​វ៉ៃ​១ ឬ ២​ដៃ​ទៅ​ភាគ​ម្ខាង​ទៀត មើល​ទៅ​ទំនង​ជា​បាត់បង់​ស្មារតី​ត្រូវ​តែ​បញ្ឈប់​វ៉ៃ​បន្ថែម​ជា​បន្ទាន់​។ តែ​មិន​អ៊ីចឹង​ឯ​ណា​កីឡាករ​បរទេស​ឆ្លៀត​ឱកាស​ឃើញ​កីឡាករ​ខ្មែរ​មិន​ដឹង​ពី​ ក្បួន​ច្បាប់​របស់ MMA គឺ​លេង​យក​ម៉ា​ឈ្នះ​ដៃ វ៉ៃ​ទាល់​តែ​អាជ្ញា​កណ្តាល​បញ្ឈប់​ទើប​ពួក​គេ​ឈប់​ហើយ​កីឡាករ​បរទេស​មើល​មក​ កីឡាករ​ខ្មែរ​ឃើញ​ស៊ី​ទាំង​រោម​ដូច​ខ្លា​ស៊ី​គោ​នៅ​ក្នុង​ទូរទស្សន៍​ ប៉ុស្តិ៍​ឌីស្ខោវើរី​អ៊ីចឹង​។ ដូច​គូ​ទី ២ គឺ​កីឡាករ​បរទេស​វ៉ៃ កីឡាករ​ខ្មែរ សំអាង ឌុន លេង​សុទ្ធ​តែ​យក​កែង​ពុះ​ពី​លើ​មុខ​តែ​ម្តង​ចុះ​បើ​ពុះ​ចំ​កន្លែង​ដដែល​នៅ​ លើ​ភ្នែក​គឺ​ខ្វាក់​ចំ​មុខ​បាក់​ឆ្អឹង​មុខ ចំ​ក្បាល​ផុង​រលាកដ៍​ក្បាល​ទៅ​ហើយ​។ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើក​កីឡាករ​ទំាង​នេះ​? នៅ​ស្រុក​ខ្មែរ​គ្មាន​អី​ក្រៅ​ពី​បន្ទោស​ដាក់​គ្នា​គឺ​ចប់​ហើយ គឺ​គ្មាន​ទោស​ពៃរ៍​ទេ។ ការ​ប្រដាល់​ដាក់​ទ្រុង​នេះ​ស៊ើបៗ​ទៅ​កីឡាករ​ខ្មែរ​ទទួល​បាន ១ ទឹក ១ លាន​រៀល បើ​បាន​ចប់​ដល់ ៣ ទឹក​គឺ​បាន ៣ លាន​រៀល​មើល​ជម្ងឺ​គ្រាន់​ដែរ​ឬ​ទេ?

ហេតុ​ដូច​នេះ​ហើយ​រាជ​រដ្ឋាភិបាល ជា​ពិសេស​គណៈ​កម្មាធិការ​អូឡាំពិក​ជាតិ ត្រូវ​តែ​ចុះ​ស៊ើប​អង្កេត​អ្នក​ដែល​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ ហើយ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រកួត​ដាក់​ទ្រុង​«កំពូល​អ្នក​ប្រយុទ្ធ​គុន ​ខ្មែរ​» ព្រោះ​វា​ជា​ឆាក​ប្រយុទ្ធ​ស្លាប់​រស់​សាហាវ​ពេក គ្មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នឹក​ឃើញ​ឡើង​វិញ​នូវ​ ទិដ្ឋភាព​កាល​ពី​របប​ឃោរឃៅ​ខ្មែរ​ក្រហម។ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​យក​កីឡា​ប្រភេទ​នេះ​មក​លេង​ទៀត​? គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​កីឡាករ​ខ្មែរ និង​មុខ​មាត់​ប្រទេស​ជាតិ​ខ្លាំង​ណាស់៕

សូម​ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

យក​គោល​ចែវ​ទូក​ដេញ​ចាប់​ត្រី​ធ្វើ​ចំណី​សត្វ

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័ (Tuesday, 04 June 2013 ដោយ៖ ប៉ែន សុជីវន្ត)

អ្នក​លេង​អុក សុទ្ធ​តែ​ដឹង​ថា កូន​អុក​ដែល​សំខាន់ៗ​តាម​ឋានានុក្រម គឺ​ទូក​ទី១ សេះ​ទី ២ គោល​ទី ៣ នាង ទី ៤ ហើយ​ត្រី គឺ​ទី​៥។ កាល​ណា​គេ​និយាយ​ពី​សត្វ ក្នុង​ល្បែង​អុក គឺ​សំដៅ​ដល់ កូន​សេះ​។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​លើក​យក​យុទ្ធសាស្រ្ត ដែល​គណបក្ស​ប្រជាជន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ ដែល​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

តើ គណបក្ស​ប្រជាជន បញ្ជា​គោល​ជឹះ​ទូក​ដេញ​ចាប់​ត្រី របស់​គណបក្ស​ប្រឆាំង​យ៉ាង​ម៉េច​ហើយ មក​ធ្វើ​ចំណី​របស់​សត្វ​សេះ​យ៉ាង​ម៉េច​? តើ​អ្វី​ជា​កូន​ត្រី ជា​កូន​គោល ជា​កូន​សេះ ឬ​ទូក​របស់​គណបក្ស​ប្រជាជន​? ការ​រៀប​កូន​អុក​គឺ​ត្រូវ​តែ​គិត​ឲ្យ​វែង​ឆ្ងាយ ហើយ​ត្រូវ​ដឹង​ជា​មុន​នូវ​យុទ្ធសាស្រ្ត​របស់​ដៃ​គូ។ មួយ​ជំហានៗ គឺ​ត្រូវ​តែ​គិត​ពី​ការ​ចល័ត​ទ័ព​របស់​ដៃ​គូ មុន​នឹង​ដើរ​កូន​របស់​ខ្លួន​ថា​តើ​គេ​ដើរ​កូន​ត្រី​ហ្នឹង​ដើម្បី​អ្វី​? តើ​កូន​ណា ជា​អ្នក​វាយ​ប្រហារ​? តើ​កូន​ណា​ជា​អ្នក​បញ្ឆោត​? តើ​កូន​ណា ជា​គិញ​សម្ងាត់​? តើ​កូន​ណា​ធ្វើ​ជា​ទ័ព​អាកាស? តើ​កូន​ណា​ជា​ទ័ព​ស្រួច​? តើ​ចំណុច​ខ្សោយ​របស់​គេ​នៅ​កន្លែង​ណា? ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​ដើរ និង​គិត​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត ក្នុង​នាម​ជា​អ្នក​លេង​អុក។

ការ​រៀប​ក្បួន​ទ័ព សម្រាប់​កម្លាំង​នយោបាយ​របស់​គណបក្ស​នីមួយៗ​ក៏​ដូច្នេះ​ដែរ​គឺ​សុទ្ធ​តែ​មាន ​ការ​ស្ទាប​ស្ទង់​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ នៃ​យុទ្ធសាស្រ្ត និង កម្លាំង​រៀងៗ​ខ្លួន។ ឆាវ​ឆាវ( Cao Cao) ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ដែល​ឈ្នះ​ផ្ទូនៗ គឺជា​ទ័ព​ក្អេង​ក្អាង ទ័ព​ក្អេង​ក្អាង​គឺ​ជា​ទ័ព​ដែល​បរាជ័យ។

និយាយ​ត្រឡប់​ទៅ ៣ អាណតិ្ត​កន្លង​មក​នេះ គណបក្ស​ប្រជាជន​ទទួល​បាន​ជ័យជម្នះ​ផ្ទូនៗ​(ទោះ​ជា​មិន​ទាំង​ស្រុង​ក៏​ដោយ)ដែល​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​(កង​ទ័ព​) មួយ​នេះ មាន​​​​អំណួត​យ៉ាង​ខ្លាំង តែ​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​ថ្នាក់​ដឹក​នាំ គណបក្ស​ប្រជាជន ជា​ពិសេស​គឺ​សម្តេច ហ៊ុន សែន ព្រោះ​ថា ភាព​ជោគជ័យ​កន្លង​មក​បាន​ធ្វើ​ឲ្យ​សមាជិក​បក្ស​មាន​ភាព​ក្អេង​ក្អាង​មិន​មាន ​ការ​ខ្លាច​រអា​ចំពោះ​ម្ចាស់​ឆ្នោត ហើយ​ក៏​ក្លាយ​ទៅ​ជា​កង​ទ័ព​ដែល​ជិះ​សេះ​លែង​ដៃ​ថែម​ទាំង​បង្ក​ការ​ឈឺ​ចាប់​ ដល់​ម្ចាស់​ឆ្នោត។

ខុង មិញ​ដែល​ជា​ទីប្រឹក្សា​របស់​លាវប៉ី ក្នុង​រឿង​សាម​កុក និយាយ​ថា ទ័ព​ខ្លាំង មិន​គួរ​ឲ្យ​ខ្លាច​ទេ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច គឺ​អ្នក​មាន​ការ​ឈឺ​ចាប់ និង​អ្នក​មាន​ឆន្ទៈ​ធំ​។ ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឆន្ទៈ​កាន់​តែ​ធំ ឆន្ទៈ​កាន់​តែ​ធំ ការ​តស៊ូ​ក៏​កាន់​តែ​ខ្លាំង​ដែរ​។ ដូច្នេះ​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ អ្នក​ដែល​ឈឺ​ចាប់​ខ្លាំង និង អ្នក​ដែល​មាន​ឆន្ទៈ​ធំ​ទាំង​នេះ។

អ្នក​ឈឺ ចាប់ ដោយ​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អួត​ក្អេង​ក្អាង បន្ទាប់​ពី​ឈ្នះ​ផ្ទួនៗ ហើយ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​រំលោភ​បំពាន​ដល់​ប្រជារាស្រ្ត​។ ការ​ឈឺ​ចាប់​ដោយ​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​​​ ដែល​តម្រូវ​ឲ្យ​ប្រជាជន ចាក​ចេញ​ទៅ​ធ្វើ​ជា ​ជន​អន្តោ ប្រវេសន៍​ខុស​ច្បាប់​នៅ​ក្រៅ​ស្រុក អ្នក​ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​យុវជន​រាប់​ម៉ឺន នាក់​ដែល​រៀន​ចប់​អត់​ការងារ​ធ្វើ​ មន្រ្តី​រាជការ​ដែល​ទទួល​ប្រាក់​បៀវត្សរ៍ ​ស្តួច​ស្តើង​មិន​គ្រប់​គ្រាន់ ហើយ​បង្ខំ​ចិត្ត​ឲ្យ​ពួក​គាត់​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ខុស​ពី​វិជ្ជាជីវៈ និង​ឧត្តមគតិ ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ដោយ​សារ​ពាណិជ្ជកម្ម​គ្មាន​ការ​ប្រកួត​ប្រជែង​ដែល​មាន​តម្លាភាព​។ល។ និង ។ល។ អ្នក​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន ​អ្នក​ក្លាហាន​ជា​ច្រើន​ចេញ​មុខ ដែល​ក្លាយ​ទៅ​ជា​កម្លាំង​ទ័ព​ស្រួច​របស់​អ្នក​មាន​ឆន្ទៈ​​ធំ​ឬ​គណបក្ស​ប្រឆាំង ។ តើ​គណបក្ស​ប្រជាជន​ទប់​ទល់​យ៉ាង​ណា ជាមួយ​អ្នក​ទាំង​ពីរ​នេះ?

បើ​មើល​ពី​អតីតកាល យុទ្ធសាស្រ្ត​មួយ​ដែល​គណបក្ស​ប្រជាជន​យក​មក​ប្រើ​គឺ ​បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង​។ យុទ្ធសាស្រ្ត​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច របស់​សម្តេច ក្រុម​ព្រះ ស្ទើរ​តែ​គ្មាន​ឈ្មោះ​ក្នុង​ឆាក​នយោបាយ​ឬ​ថា​«រស់​តែ​មិន​ខ្លាំង​ខ្សោយ​តែ​ មិន​ស្លាប់​»។ យុទ្ធសាស្រ្ត​បំបែក​បំបាក់ ច្បាស់​ណាស់ គឺ​ត្រូវ​ប្រើ​រនុក​ក្នុង​(គិញ​សម្ងាត់) និង ពាក្យ​ចចាម​អារ៉ាម​។ កុង​ជីញ មេ​ទ័ព​កំពូល​របស់ ស៊ុន ឈាន ក្នុង​រឿង​សាមកុក បាន​និយាយ​ថា អាវុធ​វាយ​ក្រុង មិន​មែន​កាំភ្លើង​ធំ​ទេ​គឺ​រនុក​ក្នុង​ឬ​គិញ​សម្ងាត់​។ រនុក​ក្នុង​គឺ​ប្រៀប​បាន​ទៅ​នឹង​កូន​ត្រី​អុក ឬ​ត្រី​បក​។ គិញ​សម្ងាត់ ឬ​រនុក​ក្នុង​បាន​ធ្វើ​ឲ្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បែក​បាក់ ជា​បំណែកៗ​ស្ទើរ​តែ​ដាច់​ដង្ហើម​ហើយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ក៏​មាន​គិញ​ របស់​គណបក្ស​ប្រជាជន ហើយ​ក្នុង​គណបក្ស​ប្រជាជន ក៏​មាន​គិញ​របស់​គណបក្ស​ប្រឆាំង​ដែរ។

ជាក់​ស្តែង ក្នុង​ឆ្នាំ ២០០៥ គ្មាន​នរណា​ចាប់​អារម្មណ៍​ថា លោក​ហេង ពៅ អាច​ជា​គិញ របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​គឺ​រហូត​ដល់​ពេល​វេលា​មួយ ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​គឺ​ពេល​ដែល​ឯកសារ​ជា​ច្រើន បាន​ទៅ​ដល់​ដៃ​តុលាការ​អាមេរិក ពេល​ដែល​ឯកឧត្តម សម រង្ស៊ី ប្តឹង សម្តេច ហ៊ុន សែន នៅ​ទីក្រុង ញូវយ៉ក ហើយ​ក៏​មាន​ឯកសារ​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ ឯកសារ​នៃ​សែស្រឡាយ​កាប់​ព្រៃ​ឈើ កំណត់​ត្រា​ប្រចាំ​ថ្ងៃ របស់​អ្នក​ស្រី ពិសិដ្ឋ​ពីលីកា ឯកសារ​នៃ​ការ​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម ពី​រឿង​សន្ធិសញ្ញា ឆ្នាំ ១៩៨៥ ឯកសារ​នៃ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អង្គរក្ស​សម្តេច ហ៊ុន សែន ជាមួយ​នឹង​ការ​គប់​គ្រាប់​បែក​ឆ្នាំ ១៩៩៧។ល។

បាន​ធ្លាក់​ដល់​ដៃ​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ និង FBI។ តែ​លោក ហេង ពៅ ភ្លាត់​ស្នៀត បាន​ធ្វើ​ឲ្យ​បែក​ការ ដោយ​សារ មាន​ជម្លោះ ផ្ទាល់​ខ្លួន​ជាមួយ លោក ហុក ឡងឌី ហើយ​លោក ហុក ឡងឌី ក៏​ចាត់​ការ​តែ​ម្តង​ទៅ។ ឥឡូវ​នេះ សម្តេច ហ៊ុន សែន ពិត​ជា​មាន​ការ​បារម្ភ​ថា នៅ​ជុំវិញ​ខ្លួន​លោក មិន​ដឹង​ជា​មាន​រនុក​ក្នុង​របស់​គណបក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​អ្នក​ដែល​ស្រែក​ជេរ​គណបក្ស​ប្រឆាំង សព្វ​ថ្ងៃ ក៏​មិន​ប្រាកដ​ថា ជា​អ្នក​ដែល​ជេរ​ដោយ​ស្មោះ​ដែរ​។ ដូច្នេះ មាន​តែ​ពេល​វេលា​ទេ ដែល​នឹង​បង្ហាញ​ការ​ពិត។

ព្រឹត្តិការណ៍​មួយ​ទៀត កាល​ពី​ឆ្នាំ​២០០៦ ឯកឧត្តម សម រង្ស៊ី បាន​ទទួល​បញ្ជី​ឈ្មោះ សមាជិក គណបក្ស​របស់​ខ្លួន ដែល​ជា គិញ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​តាម​រយៈ​រនុក​ក្នុង​របស់​ខ្លួន​ក្នុង​ គណបក្ស​ប្រជាជន ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ នៅ​ឆ្នាំ ២០០៨ គណបក្ស​ប្រឆាំង​ក៏​រក​វិធី​ដក​ពួក​គេ​ចេញ ហើយ​អ្នក​ទាំង​នោះ បាន​ធ្វើ​ជា​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដែល​តាម​ពិត​គឺ​គ្រាន់​តែ​រត់ ​ទៅ​រក​ម្ចាស់​ដើម​របស់​ខ្លួន​វិញ​ប៉ុណ្ណោះ​។ អ្នក​ទាំង​នោះ អ្នក​ខ្លះ ក៏​បាន​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្រ្តី អ្នក​ខ្លះ​បាន​ធ្វើ​ការ​ក្នុង​ក្រសួង​នានា ជា​អនុ​រដ្ឋ​លេខាធិការ ឬ​រដ្ឋ​លេខាធិការ​។ មក​ដល់​ពេល​នេះ ក្នុង​ការ​ប្រជុំ​សម្ងាត់​ផ្សេងៗ​របស់​គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​មាន​ការ​ ប្រុង​ប្រយ័ត្ន​ជានិច្ច​ដែល​រហូត​ពេល​ខ្លះ គឺ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។ ការ​ប្រើ​គិញ​សម្ងាត់​នេះ គឺ​ពិត​ជា​ពិបាក​ទប់​ទល់​ណាស់ ទាំង​គណបក្ស​កាន់​អំណាច និង គណបក្ស​ប្រឆាំង ព្រោះ​តែ​ជា​សត្រូវ​អត់​ស្រមោល​។ ទាំង​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រឆាំង​គឺ​សុទ្ធ​តែ​មាន​រនុក​ក្នុង​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ ដល់ ថ្នាក់​មូលដ្ឋាន​ដូច​គ្នា។

កូន​អុក​ទី២ គឺ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​អាច​ហៅ​បាន​ថា ជា​កូន​សេះ​ព្រោះ​អាច​ផ្លោះ​ជា​រាង​អក្សរ « L » បាន ដល់​គ្រប់​ទិសទី​។ គណបក្ស​ប្រជាជន បាន​និង​កំពុង​តែ​ប្រើ​កូន​អុក​មួយ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​ពត៌មាន ពាក្យ​ចចាម​អារ៉ាម​ឬ​ពត៌មាន​ដែល​លើស​ពី​ការ​ពិត​ដើម្បី​វាយ​ប្រហារ​និង​ បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ធំ នៅក្នុង​ស្រុក មិន​ហ៊ាន​និយាយ​ទិតៀន​ទៅ​លើ​រដ្ឋាភិបាល​ឡើយ​។នេះ​មិន​មែន​ដោយ​សារ​សារ​ ព័ត៌មាន​ទាំង​អស់​នោះ​ខ្លាច​ទេ តែ​មក​ពី​ថ្នាក់​ដឹក​នាំ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចាប់​ចំណុច​ខ្សោយ​បាន ហើយ​ចុច​មិន​ឲ្យ​រើ​។ ជាក់​ស្តែង ដូច​ជា​ម្ចាស់​សារ​ព័ត៌មាន​មួយ ដែល​ពី​មុន ជា​អ្នក​កាសែត​ក្យូដូ​របស់​ជប៉ុន ហើយ​ក្រោយ​មក​ក៏​បង្កើត​សារ​ព័ត៌មាន​មួយ។

ដោយ​មិន​ទុក​ចិត្ត​នូវ​ភាព​ស្មោះ​ត្រង់ គណបក្ស​ប្រជាជន បាន​ធ្វើ​ឲ្យ​ម្ចាស់​សារ​ព័ត៌មាន​នេះ​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ​។ បើ​ចង់​រើ តុលាការ​នឹង​ចាត់​ការ​បណ្តឹង​នោះ​ភ្លាម ហើយ​ជាប់​គុក​ក្នុង​ពេល​២៤​ម៉ោង។ នេះ​គេ​ហៅ​ថា ជិះ​លើ​ខ្នង​ខ្លា បើ​ហ៊ាន​តែ​ចុះ​គឺ​ខ្លា​នឹង​ស៊ី​ភ្លាម។ ករណី​មួយ​ទៀត គណបក្ស​ប្រជាជន ជា​ពិសេស សម្តេច ហ៊ុន សែន បាន​បង្កើត​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន ដូច​ជា​ករណី គោល​នយោបាយ​គណបក្ស​ប្រឆាំង​ថា​នឹង​បញ្ចុះ​ការ​ប្រាក់​១​% ក្នុង​មួយ​ខែ សម្តេច ហ៊ុន សែន ថា គណបក្ស​ប្រឆាំង​ចង់​បញ្ចុះ​ការ​ប្រាក់​មក ១ % ក្នុង​មួយ​ឆ្នាំ​។ លើស​ពី​នេះ​ថែម​ទាំង ក៏​មាន​ផ្សព្វ​ផ្សាយ​នូវ​សំឡេង ឌឺ​ដង​គ្នា​រវាង​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម​សម រង្ស៊ី​កាល​ពី​បោះឆ្នោត ២០០៨ ក្នុង​គោល​បំណង​ញុះ​ញង់​ដើម្បី​បំបែក​បំបាក់ ហើយ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បាន​យក​សំឡេង របស់ ឯកឧត្តម កឹម សុខា មួយ​ផ្នែក មក​ចាក់​ផ្សាយ ថា ឯកឧត្តម កឹម សុខា មិន​ទទួល​ស្គាល់​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។

ទោះ​ចង់​មិន​ចង់​កូន​អុក​មួយ​នេះ ក៏​បាន​បញ្ចេញ​សារ​នយោបាយ​ខ្លះ ដើម្បី​បំភាន់​ភ្នែក​ដល់​ប្រជាជន​នៅ​តាម​ជនបទ ដែល​ពួក​គាត់​ទទួល​ព័ត៌មាន​តិច​តួច និង​តែ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​។ កូន​អុក​មួយ​ទៀត​គឺ​កូន​គោល​។ កូន​គោល​គឺ​ធ្វើ​ដំណើរ​យឺត​ស្រដៀង​ត្រី​ដែរ​។ អាច​និយាយ​បាន​ថា ជា​យុទ្ធសាស្រ្ត​ចល័ត​ទ័ព​ដោយ​ស្ងាត់​ស្ងៀម ដែល​ជា​យុទ្ធសាស្រ្ត​មួយ​របស់​ស៊ុន ជឺ។ គណបក្ស​ប្រជាជន​បាន​គណនា​ចំនួន​អ្នក​បោះឆ្នោត ហើយ​ដឹង​ថា សំឡេង​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន ពិត​ជា​មាន​ការ​ថយ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។ ដូច្នេះ ត្រូវ​តែ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្នះ​ទោះ​បី​ជា​វិធី​ទាំង​នោះ​ មិន​ល្អ​ក្តី​។

លោក លូ សួ(Lu Su)​ទីប្រឹក្សា​កង​ទ័ព​របស់​តុង​អ៊ូ ក្នុង​រឿង​សាមកុក បាន​និយាយ​ថា ក្នុង​សមរភូមិ គឺ​គ្មាន​ទេ អ្នក​ថា​ថោក​ទាប ឬ​អ្នក​ថ្លៃ​ថ្នូរ គឺ​មាន​តែ​អ្នក​ខ្លាំង​និង​អ្នក​ខ្សោយ ឬ​ថា អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ​។ នេះ​ជា​ផ្នត់​គំនិត​របស់​គណបក្ស​ប្រជាជន​។ ដូច្នេះ គណបក្ស​ប្រជាជន មិន​ខ្វល់​នូវ​អ្វី​ដែល​ថា អំពើ​ថោក​ទាប ឬ​ថ្លៃ​ថ្នូរ​អី​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ដូច្នេះ​ការ​កឹបកេង​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ការ​ចល័ត​និគម​បរទេស ទៅ​គ្រប់​ទិសទី ជា​ពិសេស គឺ​តំបន់​ឬ​ខេត្ត​ណា​ដែល​មាន​ការ​គាំទ្រ​តិច គឺ​ត្រូវ​តែ​ធ្វើ​។ យុទ្ធសាស្រ្ត​ទាំង​នេះ គឺ​ត្រូវ​ធ្វើ​ដោយ​រក្សា​ការ​សម្ងាត់​បំផុត។

មើល​ទៅ គឺ​ដូច​ជា​ពិស​ពុល និង មិន​ថ្លៃ​ថ្នូរ​ទាល់​តែ​សោះ​ដែល​អនុញ្ញាត​ឲ្យ ជន​ជាតិ​បរទេស​មួយ​ចំនួន​ដែល​ទើប​តែ​មក​រស់​នៅ​ស្រុក​ខ្មែរ ដែល​អ្នក​ខ្លះ​រស់​នៅ​លើ​ទឹក​នៅ​ឡើយ​ដោយ​មិន​ទាន់​ទាំង​មាន​ជម្រក​លើ​គោក ស្រួល​បួល​ផង​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជាមួយ​ជនជាតិ​ខ្មែរ ចូល​រួម​រើស​តំណាង​រាស្រ្ត​ជាមួយ​ខ្មែរ តែ​គណបក្ស​ប្រជាជន​មិន​ខ្វល់​ទេ គឺ​ធ្វើ​ម៉េច​ឲ្យ​តែ​ឈ្នះ​។ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ បើ​គណបក្ស​ប្រជាជន​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​តិច​ក្នុង​តំបន់​ណា​គឺ​ បញ្ជូន​និគម​បរទេស​ទៅ​កាន់​តំបន់​នោះ កាន់​តែ​ច្រើន ដើម្បី​យក​ជ័យ​ជម្នះ​។ តែ​វិធី​នេះ វា​ជា​គុណវិបត្ត​ដ៏​ធ្ងន់​ធ្ងរ​មួយ របស់​ប្រទេស​ជាតិ ហើយ​បាន​និង​កំពុង​តែ​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម ទម្លាក់​លើ​ជើង​ខ្លួន​ឯង ឬ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​។ ពីព្រោះ​និគម​បរទេស​កាន់​តែ​ច្រើន​នៅ​តំបន់​ណា​គឺ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ នៅ​តំបន់​នោះ​កាន់​តែ​មាន​ការ​ឈឺ​ចាប់ ហើយ​អ្នក​ក្លាហាន និង​អ្នក​មាន​ឆន្ទៈ ក៏​មាន​កាន់​តែ​ច្រើន​ដែរ​ដែល​វា​កាន់​តែ​ចំណេញ​ដល់​គណបក្ស​ប្រឆាំង​ទៅ​វិញ​ ។

កូន​អុក​ទី​បី សម្រាប់​ធ្វើ​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​សម្រាប់​បំភ័យ និង​លួង​លោម​គឺ​ទូក​។ ក្នុង​ល្បែង​អុក ទូក​គឺ​ដើរ​ត្រង់​ទៅ​មុខ ទៅ​ក្រោយ ទៅ​ឆ្វេង និង​ទៅ​ស្តាំ គឺ​វា​ដូច​គ្នា ក្នុង​ការ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ចំៗ បំភ័យ​ត្រង់ៗ ហើយ​ក៏​លួង​លោម​ត្រង់ៗ តាម​រយៈ​អំណោយ និង​លាភ​សក្ការៈ​ដែរ​។ សម្តេច ហ៊ុន សែន បាន​និង កំពុង​តែ​ប្រើ​ប្រាស់ កូន​អុក​មួយ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្តែង​ដូច​ជា បំភ័យ​ប្រជាជន​ថា នឹង​មាន​សង្រ្គាម ឬ​របប​ខ្មែរ​ក្រហម​នឹង​ត្រឡប់​មក​វិញ​បើ​គាត់​ចាញ់​ឆ្នោត ហើយ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ក៏​បាន​បង្ខំ​ប្រជាជន​ឲ្យ​ផឹក​ទឹក​សម្បថ គំរាម​មិន​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ​ដល់​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​ឬ​ មិន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ឬ​គំរាម​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អំណោយ​ផ្សេងៗ​ជាដើម។ វិធី​នេះ ក៏​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្វើ​ចំពោះ​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង ​ដែរ។ ជាក់​ស្តែង ដូច​ជា​មាន​សមាជិក​គណបក្ស​ប្រឆាំង​ភាគ​តិច​ណាស់ ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង ឬ​និយាយ​ទិតៀន រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​សារ​ព័ត៌មាន​ឬ​ក្នុង​ពេល​ប្រជុំ​សភា បើ​មិន​ដូច្នោះ​ទេ​គឺ​នឹង​ទទួល​នូវ​គំនាប​ផ្សេងៗ​ពីព្រោះ​សមាជិក​គណបក្ស​ ប្រឆាំង​មួយ​ចំនួន សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ ដូច​ជា​អ្នក​ខ្លះ មាន​ប្រពន្ធ​ចុង អ្នក​ខ្លះ​លេង​ល្បែង អ្នក​ខ្លះ ជំពាក់​លុយ​គេ ជាដើម​។ ចង់​មិន​ចង់​ដំបៅ​ទាំង​អស់​នោះ ពិត​ជា​ធ្វើ​ឲ្យ​សមាជិក​ទាំង​នោះ មាន​ការ​រអើល​និង​ព្រឺ​ឆ្អឹង​ខ្នង​ជា​ខ្លាំង​។ ហេតុ​នេះ​គណបក្ស​ប្រឆាំង​មិន​សូវ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​មុខ​ប៉ុន្មាន​ទេ។

ទោះ​ជា​យ៉ាង​ណា ក្នុង​វគ្គ​ពាក់​កណ្តាល ផ្តាច់​ព្រ័ត្រ​នេះ គណបក្ស​ប្រជាជន​នៅ​តែ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​ប្រឆាំង​នឹង​កើន​សំឡេង​ឆ្នោត​។ តែ​មនុស្ស​ទាយ​មិន​ដូច​ទេវតា​ទាយ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​លទ្ធផល​ទាំង​អស់​គ្នា​ប៉ុណ្ណោះ។

ជា​ចុង​បញ្ចប់​ខ្ញុំ​បាទ​សូម​អភ័យ​ទោសសា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង​ចំណេះ​ដឹង​ស្តួច​ស្តើង​របស់​ខ្ញុំ។

ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែ​នាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត តាម​រយៈ អ៊ីមែលៈ chivann.pen@gmail.com

ដោយ ប៉ែន សុជីវន្ត ពី​ខេត្ត​រតនគិរី

អត្ថបទមុន៖ ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ និង ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Thursday, 02 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

លោក សម រង្ស៊ី​​​ មេ​បក្ស​សង្គ្រោះ​ជាតិ​​។ រូបថត Bloomberg និង លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។ រូបថត ហេង ជីវ័ន

កាល​នៅ​ពី​តូច ​ខ្ញុំ​អង្គុយ​មើល​ចាស់ៗ​លេង​អុក និង​សូម​សរសើរ​គាត់ ក្នុង​ការ​គិត​ពិចារណា ​មុន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​មួយ​ជំហានៗ​។

រហូត​មក​ដល់​អាយុ​ជាង​៤០​ទៅ​ហើយ ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​មិន​អាច​លេង​បាន​ល្អដូច​ចាស់ៗ​ពី​ជំនាន់​មុន​ទេ អ៊ីចឹង​ហើយបាន​ជា​ខ្ញុំ ​តែង​តែ​លេង​ធ្វើ​ចាញ់​រហូត ដើម្បី​ រៀន​ពី​អ្នក​ពូកែៗដទៃ​ទៀត​ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​រៀន​មិន​ចេះ​អស់​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ការ​ប្រកួត​អុក​ថ្នាក់​ជាតិ​ ហើយ​ខ្ញុំ​អង្គុយ​មើល​ឡើង​ភ្លេច​បាយ​ ភ្លេច​ទឹក​ដោយ​លាន់​មាត់ កោត​សរសើរ​ពី​យុទ្ធសាស្រ្ត​របស់​អ្នក​លេង​ថ្នាក់​ជាតិ​ទាំង​នោះ​ខ្លាំង​ណាស់ ​។ ក្នុង​ល្បែង​នេះ គឺ​លេង​លើ​ក្តារ​បន្ទះ​ដែល​មាន ៦៤ ក្រឡា​ហើយ​អ្នក​លេង​មាន​តែ​ពីរ​នាក់​ទេ គឺ​ភាគ​ច្រើន​ម្ខាង​កាន់​កូន​ពណ៌​ស និង​ម្ខាង​ទៀត​កាន់​កូន​ពណ៌​ខ្មៅ​។ កូន​អុក​គឺ​មាន​១៦ ក្នុង​នោះ​គឺ​មាន ត្រី ៨ សេះ ២ ទូក​២ គោល​២ នាង១ និង​ស្តេច​(អង្គ)១ ហើយ​ត្រី គឺ​ត្រូវ​បាន​គេ​រៀប​ឲ្យ​នៅ​ជួរ​មុខ ក្រៅ​ពី​នេះ គឺ​នៅ​ជួរ​ក្រោយ​ជាមួយ​ស្តេច​។

អ្នក​លេង​មាន​វិធី​ច្រើន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ដើរ​ត្រី​ទៅ​មុខ​កូន​នាង​មុន ដើម្បី​ឲ្យ​កូន​នាង​អាច​ឡើង​បាន ហើយ​បាន​បោះ​សេះ​ឡើង តែ​អ្នក​ខ្លះ គឺ​បោះ​សេះ​ឡើង​តែ​ម្តង​។ តែ​ទោះ​ជា​យ៉ាង​ណា ត្រី​នៅ​តែ​ចាត់​ទុក​ថា ជា​កូន​ដែល​មិន​សូវ​សំខាន់​សម្រាប់​អ្នក​លេង​មួយ​ចំនួន​ធំ ហើយ​ចុង​ក្រោយ​គឺ​ទុក​តែ​២ ឬ បី ដេញ​សម្លាប់ គូ​បដិបក្ខ។ តាម​តែ​ជំនាញ​រៀងៗ​ខ្លួន ដែល​អ្នក​ខ្លះ​ពូកែ​សេះ​គឺ​គេ​ទុក​សេះ ដើម្បី​សម្លាប់ ហើយ​អ្នក​ខ្លះ​ទៀត គឺ​គេ​ទុក​ត្រី​៣ ឬ​ហៅ​ថា ត្រី​ទឹម​។ តែ​អ្នក​ពូកែ​លេង គឺ​ទុក​កូន​សំខាន់ៗ ទៅ​តាម​កាលៈទេសៈ​។ ជា​ធម្មតា​កូន​ដែល​គេ​ទុក គឺ​គេ​មិន​ដើរ​មុន​ដំបូង​ទេ គឺ​ដើរ​ក្នុង​ឱកាស​ដែល​ត្រូវ​ដើរ ហើយ​ដើរ​មក​រក​ស្តេច​តែ​ម្តង។ គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ថា យុទ្ធសាស្រ្ត​អ្នក​លេង​ដែល​ល្អ​បំផុត គឺ​ការពារ​មិន​ឲ្យ​ទូក ឬ​សេះ របស់​សត្រូវ ចូល​មក​ទី​លាន​ខាង​ក្នុង​របស់​ខ្លួន ហើយ​ការពារ​ត្រី​មិន​ឲ្យ​ឡើង​មក​បក។

ប្រិយ​មិត្ត​ដឹង​ទេ មាន​អ្នក​ពូកែ​លេង​អុក​ពីរ​នាក់​ដែល​លេង​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​ឥឡូវ នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ គឺ​រុញ​ទៅ រុញ​មក ដេញ​ទៅ ដេញ​មក ហើយ​ពេល​ខ្លះ ខ្ញុំ​ខំ​តាម​ដាន រហូត ដាច់​បាយ​ដាច់​ទឹក​ក៏​មាន។

មុន​នេះ​បន្តិច ម្នាក់​ដែល​ពូកែ​លេង និង​ល្បី​ជាង​គេ គឺ​លេង ១ ទល់ ២។ មាន​ន័យថា គាត់​លេង លើ​ក្តារ​ពីរ ក្នុង​ពេល​តែ​មួយ គឺ​គាត់​ម្នាក់​ឯង ប្រកួត​ជាមួយ​អ្នក​លេង​ពីរ​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។ តែ​គួរ​ឲ្យ​ស្តាយ ដៃ​គូ​ម្ខាង​ទៀត បាន​ចុះ​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ហើយ​លើក​ទង់​ជ័យ​ស ថា​ឈប់​លេង​អុក​ជា​រៀង​រហូត។ ឥឡូវ​នៅ​សល់​តែ​មួយ​ទល់​មួយ គឺ​សម្តេច តេជោ ហ៊ុន សែន​និង​ឯក​ឧត្តម​សម រង្ស៊ី។

ក្នុង​រូបភាព​ខាង​ក្រៅ សម្តេច​ហ៊ុន សែន លេង​បាន​ល្អ​និង​មាន​ប្រៀប​ជាង ឯកឧត្តម សម រង្ស៊ី តែ​តាម​ពិត​បែរ​ជា​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ជា​ច្រើន ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន​។ មើល​ទៅ​សម្តេច​បាន​មើល​ស្រាល​ឯក​ឧត្តម សម រង្ស៊ី​ពេក​ហើយ​។ អ្វី​ដែល​យើង​គ្រប់​គ្នា​មើល​ឃើញ​ពី​យុទ្ធសាស្រ្ត របស់ សម្តេច ហ៊ុន សែន គឺ​វាយ​ប្រហារ​មុន បាន​ការពារ​ជា​ក្រោយ ឬ​ថា ពង្រីក​មុន ពង្រឹង​ក្រោយ​។ ជាក់​ស្តែង ដូច​ជា សម្តេច​បាន​វាយ​រុល​ទៅ​មុខ និង​សម្ញែង​ឫទ្ធិ នៅ​ជួរ​មុខ​យ៉ាង​ខ្លាំង តែ​បែរ​ជា​បន្សល់​ទុក នូវ​ចំណុច​ខ្សោយ​ជា​ច្រើន​កន្លែង​ជា​ពិសេស គឺ​ស្តេច (អង្គ) តែ​ម្តង មាន​ការ​ការពារ​ដែល​មិន​មាន​ភាព​រឹង​មាំ​ធ្វើ​ឲ្យ​ត្រី​បក​និង​សេះ​របស់​ឯក ឧត្តម​សម រង្ស៊ី ឡើង​សន្សឹមៗ ជិត​ដល់​ស្តេច​រៀប​តែ​នឹង​អុក​ទៅ​ហើយ។ ពេល​នេះ ស្តេច​(អង្គ)​របស់​សម្តេច​ហ៊ុន សែន កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ហើយ នៅ​រង់ចាំ​តែ​កូន​មួយ ឬ​ពីរ​ទៀត​របស់ ឯក​ឧត្តម​សម រង្ស៊ី ឡើង​មក គឺ​សង្គ្រប់​យក​តែ​ម្តង។ តែ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន ហាក់​បី​ដូច​ជា​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ខំ​ការពារ​យ៉ាង​មុត​មាំ ដោយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត មិន​ឲ្យ​កូន​អុក របស់ ឯក​ឧត្តម សម រង្ស៊ី ចុះ​មក​ថែម​ទៀត​ទេ​ទោះ​ត្រូវ​អស់​គោល អស់​សេះ​អស់​ទូក​ក៏​ដោយ ហើយ​ថែម​លើ​នេះ​ទៀត គឺ​កំពុង​តែ​រក​វិធី​កម្ចាត់​កូន​ដែល​កំពុង​តែ​កៀក​ស្តេច របស់​សម្តេច​ចោល​ដែរ​។

ចំណែក​ឯ ឯកឧត្តម សម រង្ស៊ី វិញ ក៏​បាន​ដឹង​ថា សម្តេច​ហ៊ុន​សែន ដឹង​ខ្លួន និង​យល់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក៏​បង្កើន​យុទ្ធសាស្រ្ត​បន្លំ​និង​ ឆ្ពិន​ភ្នែក ជន្ល​ឆ្វេង វាយ​ស្តាំ ដោយ​ប្រើ​ប្រាស់ កូន​អុក​របស់​ខ្លួន​ផ្សេងៗ​ទៀត វាយ​លុក​ចំណុច​ខ្សោយ ដើម្បី​ឲ្យ​សម្តេច​ដក​កូន​មក​ជួយ​ចំណុច​ខ្សោយ តែ​តាម​ពិត​គឺ​ដើម្បី​បំបែក​ចំណុច​ខ្លាំង ថែម​ទាំង​ឡើង​កូន​សំខាន់ៗ​ទៅ​កាន់​តែ​កៀក​ស្តេច​របស់ សម្តេច ហ៊ុន សែន​ដើម្បី​សម្លាប់​តែ​ម្តង​។

ថ្មីៗ​នេះ ត្រី​បក​របស់​ឯកឧត្ដម​សម រង្ស៊ី ឡើង​បាន​ច្រើន​គួរសម ដោយ​បន្លំ​ដៃ​គូ​បដិបក្ខ​របស់​ខ្លួន​ថា កំពុង​តែ​វាយ​ប្រហារ​ចំណុច​សំខាន់ៗ​របស់​សម្តេច ហ៊ុន សែន តែ​តាម​ពិត​គឺ​កំពុង​បង្វែរ​ទិស​ដៅ ទៅ​រក​ស្តេច​ដែល​កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ឯ​ណោះ​ទេ។ ជា​ការ​ធ្វេស​ប្រហែស​មួយ​គឺថា សម្តេច ហ៊ុន សែន កំពុង​តែ​ប្រើ​វិធី​យក​ត្រី​សម្លាប់​ត្រី​យក​សេះ​សម្លាប់​សេះ យក​ទូក សម្លាប់​ទូក ឬ​ថា លូក​ដៃ​កាត់​ដៃ លូក​ជើង​កាត់​ជើង​។ វិធី​នេះ​ត្រូវ​ចិត្ត ត្រូវ​ថ្លើម ឯក​ឧត្តម សម រង្ស៊ី ជា​ខ្លាំង ធ្វើ​ឲ្យ​ឯកឧត្តម​ជន្ល​កាន់​តែ​ខ្លាំង​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។ នេះ​មក​ពី​សម្តេច ឆេវឆាវ​ពេក​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​កំពុង​តែ​ភ័យ​និង​កំពុង​តែ​ ខឹង។

តាម​យុទ្ធសាស្រ្ត​សង្រ្គាម របស់ ស៊ុន ជឺ គឺ​ត្រូវ​គេច​ចេញ​ពី​ចំណុច​ខ្លាំង​របស់​សត្រូវ​ហើយ​វាយ​ប្រហារ​ចំណុច​ខ្សោយ​ របស់​សត្រូវ​។ យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​ដល់ គូ​សត្រូវ​របស់​ខ្លួន​។ ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ហើយ​បាន​និង​កំពុង​តែ​ត្រូវ​បាន​ត្រី​បក របស់ ឯកឧត្តម សម រង្ស៊ី វាយ​ប្រហារ​យ៉ាង​ទាន់​ពេល​វេលា​។ អ្វី​ដែល​គេ​ឃើញ​កាន់​តែ​ច្បាស់ គឺ​សម្តេច បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច ដោយ យក​គោល យក​សេះ យក​ទូក ដែល​កំពុង​តែ​ការពារ​ស្តេច​(អង្គ) ទៅ​ទប់​ការ​វាយ​ប្រហារ​នេះ​ទៅ​វិញ។ ចំណុច​នេះ​សម្តេច ហ៊ុន សែន កំពុង​តែ​បើក​ចំហ​មុខ​ស្តេច​របស់​ខ្លួន ឲ្យ​ទូក​របស់​គេ ដែល​រង់​ចាំ​នៅ​ទីនោះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​រង់​ចាំ​តែ​ឱកាស​វាយ​ប្រហារ​ប៉ុណ្ណោះ​។ ឥឡូវ​សម្តេច ហ៊ុន សែន បាន​ស៊ី​កូន​ត្រី​ដែល​នៅ​រា​រាំង​ធ្វើ​ជា​របង​ការពារ ស្តេច​(អង្គ)​របស់​សម្តេច​ដែល​តាម​ពិត កូន​ត្រី​នោះ​ជា​នុយ​របស់​គេ​ទេ​។ ឥឡូវ​គឺ​ធ្លាយ ពីរ​ច្រក​ហើយ គឺ​ច្រក​មុខ​ស្តេច និង​ខាង​ឆ្វេង​ស្តេច​។

អ្នក​លេង​អុក​ពូកែ​គឺ​យក​កូន​របស់​សត្រូវ​ធ្វើ​ជា​របង​ការពារ​ស្តេច ហើយ​នៅ​ពី​ក្រោយ គឺ​ត្រៀម​គោល​មួយ និង​សេះ​មួយ​ចាំ​ជួយ​ទប់​។ គេ​រៀប​ការពារ​សិន មុន​នឹង​វាយ​ប្រហារ តែ​សម្តេច​ហ៊ុន សែន​វាយ​ប្រហារ​មុន បាន​មក​រៀប​ទ័ព​ការពារ​ស្តេច​ជា​ក្រោយ​។ ពិត​ជា​គ្រោះថ្នាក់​ណាស់​។ សូម​កុំ​ភ្លេច​ថា ការ​បោះឆ្នោត​ឈ្នះ​ឬ​ចាញ់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ទេ។ ឯក​ឧត្តម សម រង្ស៊ី អុក​បញ្ឆោត​ឬ​ដេញ​បញ្ឆោត តែ​មិន​មែន​ជា​ចំណុច​របស់​ឯកឧត្តម​សម រង្ស៊ី ចង់​បាន​ទេ។

សម្តេច​ហ៊ុន សែន​ក៏​បាន​ដឹង​ដែរ ថា ឯក​ឧត្តម សម រង្ស៊ី នឹង​ចំណាយ​គោល​មួយ​នេះ(លទ្ធផល​នៃ​ការ​បោះឆ្នោត ២០១៣)​ដើម្បី​ឡើង​ត្រី​យក​ត្រី​បក និង​ឡើង​កូន​ផ្សេងៗ​ទៀត​មក​ក្បែរ​ស្តេច​របស់​សម្តេច ហ៊ុន សែន។ ត្រូវ​ចាំ​ថា ចុង​បញ្ចប់​នៃ​ល្បែង​នេះ​គឺ​អ្នក​ចាញ់ និង​អស់​សិទិ្ធ​ឡើង​សង្វៀន​បន្ត​ទៀត ដូច​ជា​ករណី​សម្តេច​ក្រុម​ព្រះ​អ៊ីចឹង​ហើយ​អ្នក​ដែល​ឈ្នះ នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ថ្មី​ទៀត។

ចំណុច​ខ្សោយ​របស់ សម្តេច ហ៊ុន សែន គឺ​មាន​ជាក់​ស្តែង​ដូច​ជា​ការ​ដែល​សម្តេច​មិន​ឲ្យ​ឯកឧត្តម​សម រង្ស៊ី​ចូល​ស្រុក​គឺ​សម្តេច​ចាញ់​បោក​ឯកឧត្តម សម​រង្ស៊ី​តែ​ម្តង​។ សម្តេច ហ៊ុន សែន ខ្លូន​ឯង ក៏​ដឹង​ដែរ​ថា ឯកឧត្តម​សម​រង្ស៊ី​មិន​ចង់​ចូល​ស្រុក​ប៉ុន្មាន​ទេ​ព្រោះ​នៅ​ក្នុង​ស្រុក​គឺ​ មាន​គ្រោះថ្នាក់​គ្រប់​ជំហាន។ តែ​បើ​គង់​តែ​ចេញ គឺ​ត្រូវ​វាយ​ប្រហារ​ចំណុច​ខ្សោយ​មួយ​សិន ឬ​ថា គង់​តែ​ចេញ ក៏​ត្រូវ​តែ​ចេញ​ឲ្យ​មាន​ហេតុ​ផល ឬ​ស្រប​កាលៈទេសៈ​។ វិធី​នេះ​ហៅ​ថា យក​ឆ្ងាយ បង្ក្រាប​ជិត ឬ​បោះ​សន្ទូច​រំលង​ភ្នំ​។ វិធី​នេះ គឺ​មាន​យូរ​ហើយ ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​។ តែ​ទោះ​ជា​យ៉ាង​ណា បើ សម្តេច ហ៊ុន សែន ដក​ឃ្លា យក​ពេល​មក​គិត ពិភាក្សា​ជាមួយ អ្នក​ប្រាជ្ញ នៅ​ជុំវិញ​ខ្លួន កុំ​ស្តាប់​តែ​អ្នក បញ្ចើច​បញ្ចើ សម្តេច នឹង​អាច​រក វិធី​ទប់​ទល់​បាន​។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា មិត្ត​ដែល​ល្អ​គឺជា​អ្នក​ដែល​និយាយ​អាក្រក់​ពី​យើង នៅ​ចំពោះ​មុខ​យើង​ហើយ​និយាយ​ល្អ​ពី​យើង​ពេល​នៅ​ពី​ក្រោយ​យើង​។

វិធីសាស្រ្ត​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​អាច​ស្តារ​ស្ថានភាព​បាន គឺ​រក​វិធីសម្លាប់​ត្រី​បក​ឲ្យ​អស់ ហើយ​ទាញ​គោល មក​ដេញ​សេះ​ដែល​គាប​ស្តេច​ជាប់​។ វិធី​នេះ ហៅ​ថា​វិធី​កាត់​បេះដូង​ជូន​ម្តាយ​។

ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា នរណា​ជា​តួ​អង្គ​ស្តេច​(អង្គ) នរណា​ជា​តួ​អង្គ​គោល នរណា​ជា​តួអង្គ​សេះ នរណា​ជា​តួ​អង្គ​ត្រី នរណា​ជា​តួ​អង្គ​ទូក នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​អ្នក​លេង ខ្លួន​ឯង គឺ​ដឹង​ច្បាស់​ណាស់ ជា​ពិសេស ខ្ញុំ​បាទ​ល្បី​ថា សម្តេច ហ៊ុន សែន​ជា​កំពូល​អ្នក​លេង​អុក​លេខ​មួយ នៅ​ស្រុក​ខ្មែរ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ហើយ​សម្តេច ហ៊ុន សែន ក៏​បាន​ដឹង​ច្បាស់​ហើយ​ដែរ ថា អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​សម្តេច គឺ​គាំទ្រ​សម្តេច តែ​សម្បក​ខាង​ក្រៅ​ទេ តែ​កាលៈទេសៈ​មក​ដល់ គឺ​គេ​ប្រែ​ក្រឡះ​ភ្លាម​។ ទាំង​នេះ គឺ​មក​ពី​សម្តេច​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​ហើយ ជា​ត្រី​បក​មួយ ក្នុង​ចំណោម​ត្រី​បក​ជា​ច្រើន របស់ ឯកឧត្តម សម រង្ស៊ី កំពុង​តែ​ប្រើ ហើយ​សម្តេច ក៏​ដឹង​ដែរ​។ យើង​ទាំង​អស់​គ្នា នឹង​រង់​ចាំ​មើល ការ​ប្រកួត​មួយ​នេះ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​?

បើ​ប្រិយ​មិត្ត​គាំទ្រ​ខ្ញុំ​បាទ​នឹង​សរសេរ​ការ​វិភាគ​នយោបាយ​តាម​របៀប អ្នក​លេង​អុក​នេះ​ទៅ​ទៀត នៅ​ពេល​មាន​ការ​វិវឌ្ឍ​អ្វី​មួយ​។

ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង ប្រិយមិត្ត៕

ពី​ខ្ញុំ​បាទ ប៉ែន សុជីវន្ត នៅ​ខេត្ត រតនគិរី

———————————————

ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

អត្ថបទ៖ ភ្នំពេញប៉ុស្តិ័  (Wednesday, 08 May 2013 ដោយ៖ ប៉ែន សុជីវន្ត)

ក្នុង​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ​គឺ​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​រិះ​គន់​ផង ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​គួរ​ឲ្យ​មាន​មោទនភាព​មែន​។ ខ្ញុំ​ឮ​ថា មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ពី​ស្រុក មេមត់ ខេត្ត​កំពង់ចាម តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាទ​មិន​បាន​ស្តាប់​នូវ​ប្រតិកម្ម​របស់​សម្តេច។

សូម​អរគុណ​សម្តេច​ហ៊ុន សែន ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​ខ្ញុំ​បាទ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​មោទនភាព ជា​ពន់ពេក។ ខ្ញុំ​ចង់​បន្ត​ពី​អត្ថបទ​មុន​បន្តិច ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឡា​អុក ដែល​អ្នក​នយោបាយ​ពីរ​នាក់(​សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី) បាន​ចង ហើយ​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់។ ខ្ញុំ​នៅ​តែ​គិត ដូច​ដែល​បាន​បរិយាយ​ក្នុង​អត្ថបទ​មុន​របស់​ខ្ញុំ គឺ​ថា ឯកឧត្តម សម រង្ស៊ី មិន​ទាន់​ចង់​ចូល​ស្រុក​ទេ បើ​កាលៈទេសៈ​មិន​ចាំ​បាច់ ហើយ​លោក ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន​នឹង​មិន​ឲ្យ​លោក ចូល​ស្រុក​មុន​ពេល​បោះឆ្នោត​២០១៣​នេះ​ដែរ។

ដូច្នេះ​ហើយ មុន​នឹង​លោក សម្រេច​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ ២០០៩ គឺ​លោក​បាន​កំណត់​បេក្ខភាព​ជំនួស​លោក រួច​ជា​ស្រេច​ហើយ​។ តាម​ពិត បើ​មើល​ពី​ការ​វិវត្ត​នៃ​ស្ថានការណ៍ គឺថា ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី បាន​ព្រម​ព្រៀង រៀប​ក្បួន​នេះ​ទុក​ជា​មុន​រួច​ស្រេច​ហើយ ហើយ​ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​យក​លេស ពី​បញ្ហា​នេះ បញ្ហា​នោះ គឺ​គ្រាន់​តែ​យុទ្ធវិធី​បំភាន់​ភ្នែក សម្តេច ហ៊ុន សែន មួយ​ប៉ុណ្ណោះ​។ ជា​ពិសេស គឺ ឯកឧត្តម សម រង្ស៊ី ចង់​បង្ហាញ​ដល់​សាធារណជន​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ដែល​មិន​ចង់ ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ពេល​នោះ បើ​សម្តេច ហ៊ុន សែន មិន​បញ្ចេញ​ខ្សែ​អាត់ សំឡេង រវាង ឯក ឧត្តម កឹម សុខា និង សម្តេច នោះ​ប្រហែល​ជា​ចំណេញ​ជាង​។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ គ្មាន​ពាក្យ​ពេចន៍​ណា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា​ទេ តែ​ឯកឧត្តម សម សង្ស៊ី ចេះ​តែ​ធ្វើ​ខឹង ច្រឡោត​តោត​តូង ហើយ​ធ្វើ​ជា​ចោទ ឯកឧត្តម កឹម សុខា ថា​ជា​គណបក្ស​ចំណុះ​ឲ្យ​សម្តេច ហ៊ុន សែន។ តែ​តាម​ពិត គឺ​ជា​វិធីសាស្រ្ត ជន្ល​ឆ្វេង វ៉ៃ​ស្តាំ តែ​ប៉ុណ្ណោះ​។ វិធី​នេះ​បាន​ជោគជ័យ​ដោយ​បាន​បន្លំ ភ្នែក សម្តេច ហ៊ុន សែន រហូត​បាន​បង្កើត​គណបក្ស​រួម​គ្នា​មួយ​បាន នៅ​ចុង​ឆ្នាំ​២០១២។

នេះ​ជា​ផែនការ​មួយ របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង ដោយ​កាលៈទេសៈ​បង្ខំ​កាល​ពី​ពេល​នោះ ឲ្យ​ទៅ​ជា​គណបក្ស​មួយ​ដែល​អាច​ទាក់​ទាញ អ្នក​នយោបាយ​ផ្សេងៗ​ឲ្យ​មក​ចូល​រួម ជា​ពិសេស គឺ​អ្នក​នយោបាយ ពី​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច និង​អតីត គណបក្ស​របស់ លោក​តា សឺន សាន ដែល​អ្នក​នយោបាយ​ទាំង​នេះ កំពុង​តែ​តែល​តោល បង្ខំ​ចិត្ត​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់​ជ្រក​ក្រោម​គណបក្ស​ប្រជាជន និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​សព្វ​ថ្ងៃ ហើយ​អ្នក​ខ្លះ​ក៏​សុខ​ចិត្ត​អង្គុយ​ទំនេរ​ផឹក​កាហ្វេ រង់​ចាំ​ម្ចាស់​ដែល​ខ្លួន​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សា​ជា​ថ្មី ជាក់​ស្តែង ដូច​ជា ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយ​ក៏​មាន​អ្នក​ប្រាជ្ញ​នយោបាយ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត កំពុង​តែ​លាក់​ខ្លួន​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល ឬ ក៏​ចេញ​ឈ្មោះ​ដែរ តែ​ត្រឹម​តែ ជា​អ្នក​វិភាគ​នយោបាយ ឬ​សេដ្ឋកិច្ច​ឯករាជ្យ​តែ​ប៉ុណ្ណោះ។ ពីព្រោះ ឯកឧត្តម សម រង្ស៊ី ដឹង​ខ្លួន​ឯង ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស​ឥឡូវ​នេះ ក៏​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ដែរ គឺ​មាន​តែ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ដែល​មិន​ដល់​១០០ នាក់​ផង ដែល​ការ​ដឹក​នាំ​ប្រទេស​មួយ យ៉ាង​ហោច​ណាស់ ក៏​តម្រូវ​ឲ្យ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ចាប់​ពី​ថ្នាក់ ស្រុក រហូត​ដល់​ថ្នាក់ រដ្ឋ​មន្ត្រី ដែល​សរុប​ទៅ​ក៏​ជាង ១ ម៉ឺន​នាក់​ដែរ​។ ១ ម៉ឺន​នាក់​នេះ គឺ​គិត​តែ​ពី​បញ្ញវន្ត ក្នុង​កៅអី ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ។

បើ​មិន​អាច​ប្រមូល​ធនធាន​មនុស្ស​ទាំង​នោះ​បាន​ទេ ការ​ឈ្នះ ឆ្នោត ២០១៨ នឹង​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង​មិន​ខាន។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ធ្វើ​ម៉េច​ឡើង​កូន​អុក​របស់​ខ្លួន​ឲ្យ​ប្រកៀក​នឹង​គណបក្ស ប្រជាជន បន្ទាប់​ពី​បោះឆ្នោត ២០១៣ នេះ ដើម្បី​បើក​ផ្លូវ​(ផ្តល់​ជា​សញ្ញា ឬ​ជា​ក្តី​សង្ឃឹម) ដល់​កូន​អុក(ធន​ធាន​មនុស្ស)​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​តែ​រៀប​ជើង​ព្រួល ចូល​រួម​ជា​កម្លាំង​វាយ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ ២០១៨។

បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខាង​លើ​វា​ជា​ការ​ពិត ឯកឧត្តម សម រង្ស៊ី ពិត​ជា​មនុស្ស​ដែល​មាន​ក្រសែ​ភ្នែក​វែង​ឆ្ងាយ​ណាស់ ហើយ​ក៏​មាន​ន័យ​ថា ឯក ឧត្តម សម រង្ស៊ី បាន​សម្លឹង​ឃើញ​ក្រឡា​អុក​មួយ​នេះ ១០ ទៅ ២០ ជំហាន​មុន​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត បើ​ខ្ញុំ​គិត​មិន​ខុស​ទេ វិបត្តិ​ដីធ្លី (ករណី​អ្នក​ភូមិ បឹង​កក់ អ្នក​ភូមិ បុរី​កីឡា។ល។) បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​ប្រាក់​បៀវត្សរ៍​របស់ កម្មករ មន្ត្រី​រាជការ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ឯកឧត្តម សម រង្ស៊ី​បាន​ប្រមើល​មើល​ឃើញ​តាំង​ពី​ឆ្នាំ ដែល ឯកឧត្តម បាន​បង្កើត គណបក្ស​ជាតិ​ខ្មែរ​ថា នឹង​ជា​វិបត្តិ​មួយ​ដែល គណបក្ស​ប្រជាជន​របស់ សម្តេច ហ៊ុន សែន មិន​អាច​រ៉ាប់​រង​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​ជើង​សម្តេច​នៅ​ថ្ងៃ​ណា​មួយ​ មិន​ខាន។ ជាក់​ស្តែង រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ គណបក្ស​ប្រជាជន ដោះស្រាយ​ចំណុច​ណា​មួយ​ឲ្យ​ចេញ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

សម្រាប់ សម្តេច​ហ៊ុន សែន ក្រៅ​ពី​រក​វិធី​រំដោះ​ស្តេច (អង្គ) ចេញ​ពី​ការ​ឡោម​ព័ទ្ធ ដោយ​កូន​(អុក) ខ្លួន​ឯង ដែល​ចង​ពី​អតីតកាល (ភាព​ចាក់​ស្រេះ​នៃ​គ្រួសារ​និយម និង​បក្ខពួក​និយម ភាព​រង្គោះ​រង្គើ​នៅ​ក្នុង​បក្ស ការ​ឡោម​ព័ទ្ធ​ដោយ​អ្នក​បញ្ចើច​បញ្ចើ ដែល​មិន​ស្មោះ​ត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន) សម្តេច ត្រូវ​ចង​ក្រឡា ដើម្បី​ឡើង​ត្រី​បក​របស់​ខ្លួន ត្រៀម​ជំនួស​កូន​ត្រី​ចាស់ៗ ដែល​ប្រើ​ការ​លែង​កើត ហើយ​ពោរ​ពេញ​ដោយ​រឿង​អាស្រូវ។ ជាក់​ស្តែង​ដូច​ជា​ការ​បង្កើត​យុវជន ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចុះ​ជួយ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ការ​ដាក់​ឈ្មោះ​បេក្ខភាព​ក្មេង​ជំនាន់​ក្រោយ ដែល​ជា​កូន​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​កូន​ផ្ទាល់​ខ្លួន​របស់​សម្តេច ការ​បញ្ចូល​អង្គរក្ស​ផ្ទាល់​ខ្លួន​ជា​កង​ទ័ព​ស្រប​ច្បាប់​របស់​ជាតិ​ជាដើម។

ជាក់​ស្តែង​ណាស់ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សម្តេច លេង​អុក​មិន​ឲ្យ​ចាញ់​គេ​ទេ តែ​បើ​ដឹង​ថា ក្រឡា​ប្រុង​នឹង​ចាញ់ គឺ​សម្តេច​នឹង​គំរាម ហើយ​យុទ្ធសាស្រ្ត​ចុង​ក្រោយ គឺ​ត្រូវ​លេង​ឲ្យ​ស្មើ។ ក្នុង​រឿង​សាម​កុក ស៊ឺ ម៉ាអ៊ី ដែល​ជា​មេទ័ព​ខ្លាំង​របស់ ព្រះអង្គ​ម្ចាស់ ឆាវភី កូន​ឧបរាជ​ឆាវ​ឆាវ​និយាយ​ថា«ក្នុង​ប្រតិបត្តិការ​សឹក បើ​មាន​សមត្ថភាព វាយ​លុក គឺ​វាយ​លុក បើ​មិន​អាច គឺ​ត្រូវ​ការពារ បើ​ការពារ​មិន​បាន​គឺ​ត្រូវ​ដក​ថយ បើ​ដក​ថយ​មិន​កើត គឺ​ត្រូវ​ចុះ​ចាញ់​»។ ក្នុង​ករណី​នេះ​សម្តេច ហ៊ុន សែន​បាន​រៀប​ជើង​ព្រួល​ក្នុង​ករណី​ចាញ់ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ដូច​ជា​ឆ្នាំ ១៩៩៣ ជា​ដើម គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​នាយក​រដ្ឋ​មន្ត្រី​ទី២ ដែរ។

មើល​ទៅ សម្តេច ហ៊ុន សែន បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ហើយ ហើយ​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ ២០១៣ នេះ បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ គឺ​សម្តេច នឹង​បោស​សម្អាត​ចោល នូវ​កូន​ត្រី​សម្អុយ​ជាច្រើន ដែល ឡោម​ព័ទ្ធ សម្តេច ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ចំណែក​ឯ​កូន​(កូន​អុក)​ចាស់ៗ ដែល​ប្រើ​មិន​កើត​ច្បាស់​ជា​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​យក​ផ្លូវ​ដើរ​មិន​ខាន។ ជាក់​ស្តែង​ដូច​ជា អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ទូរទស្សន៍​មួយ​ចំនួន មន្ត្រី​ណា ដែល​មាន​រឿង​អាស្រូវ​ច្រើន ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន។ល។ និង។ល។ ព្រោះ មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​មក​វិញ។ ក្រៅ​ពី​នេះ​គឺ​នៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​ក្រោយ​ពេល​អស់​ពី​អំណាច​ទៅ​។

ម្យ៉ាង​វិញ​ទៀត បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ សម្តេច នឹង​មិន​ចេញ​មុខ​ច្រើន​ទេ ក្នុង​ឆ្នាំ ២០១៤ ទៅ ២០១៨។ សម្តេច និង​ប្រើ​ត្រី​បក របស់​សម្តេច ជំនួស​វិញ ក្នុង​ការ​ដោះស្រាយ​វិបត្ត​នានា ហើយ​នៅ​ឆ្នាំ ២០១៨ សម្តេច​ក៏​ប្រហែល​ជា​មិន​ចេញ​មក​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី​ដោយ​ផ្ទាល់​ដែរ។ តែ​ការ​ដោះ​ក្រឡា ដែល​បាន​ចង​ពី​អតីតកាល​ពិត​ជា​ស្មុគ​ស្មាញ​ណាស់ ហើយ​ជា​ការ​ងារ​រែក​ពន់​មួយ​ដ៏​ធ្ងន់​ធ្ងរ​។ មិន​ដឹង​ថា សម្តេច ហ៊ុន សែន ហ៊ាន ឬ​មិន​ហ៊ាន​។ តែ​កូន​ចៅ របស់ សម្តេច ហាក់​បី​ដូច​ជា​ដឹង​ចិត្ត​ទៅ​ហើយ គឺ សម្តេច​មិន​ហ៊ាន​ធ្វើ​ទេ​។

ក្រៅ​ពី​រៀប​ចំ​ក្រឡា​ការពារ និង​ប្រយុទ្ធ​ខាង​លើ សម្តេច ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯក ឧត្តម កឹម សុខា ហើយ​ឯកឧត្តម​ទាំង​ពីរ​នាក់​ក៏​កំពុង​តែ​ព្រឺ​ព្រួច​នៅ​ចំណុច​នេះ​ខ្លាំង​ ណាស់​ដែរ​។ ដូច្នេះ​តើ​ក្រឡា​របស់​ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន សែន​សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​វគ្គ ផ្តាច់​ព្រ័ត្រ តើ​នរណា​មាន​ប្រៀប​ជាង ? ជា​ថ្មី​ម្តង​ទៀត និង​ជា​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​មាន​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕

ដោយ ប៉ែន សុជីវន្ត ពី​រតនគិរី