ក្រុមហ៊ុន​គមនាគមន៍​ចិន​ត្រៀម​ខ្លួន​ចូល​ប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា

 

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

មន្ត្រី​និង​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ទូរគមនាគមន៍​ចិន XINWEI កំពុង​ត្រៀម​វិនិយោគ​​​លើ ​ទីផ្សារ​សេវា​ទូរស័ព្ទ​ចល័ត​​ នៅ​កម្ពុជា​ ដែល​នេះ​ជា​ឱកាស ​សម្រាប់​ក្រុមហ៊ុន​​​គមនាគមន៍​ចិន ក្នុង​ការ​បោះ​ជំហាន​មក​កាន់​កម្ពុជា។

លោក សៀ ណារ៉េត ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ប្រេកង់​វិទ្យុ និង​ចេញ​អាជ្ញាប័ណ្ណ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​ចេញ​អាជ្ញា​ប័ណ្ណ​ប្រតិបត្តិការ​ដល់​ ​ក្រុម​ហ៊ុន Xinwei កាល​ពី​ចុង​ឆ្នាំ​មុន ហើយ​ក្រុម​ហ៊ុន​នេះ កំពុង​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​សាងសង់​អង់តែន​ទំនាក់​ទំនង​នៅ​ក្នុង ប្រទេស​កម្ពុជា​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន Xinwei អាច​នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​4G ដំបូង​នៅ​ប្រទេស​កម្ពុជា។ អ្នក​ជំនាញ បាន​យល់​ឃើញ​ថា ទីផ្សារ​ផ្តល់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា មាន​ភាព​ចង្អៀត ហើយ​មិន​សូវ​ចំណេញ​ឡើយ។

លោក Marc Einstein អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Frost & Sullivan ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​Xinwei ចាប់​អារម្មណ៍​លើ​ការ​លក់​បច្ចេក​វិទ្យា ជាង​ការ​ស្វែងរក​ផល​ចំណេញ​ពី​ការ​ផ្តល់​សេវា​ទូរស័ព្ទ​ដ៏​ចង្អៀត​​នេះ​។ លោក Einstein បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Huawei Technologies Co Ltd និង ZTE Corporation ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ធំ​ពីរ​របស់​ចិន។ Xinwei ដែល​ជា​ក្រុម​ហ៊ុន​មិន​សូវ​ល្បីល្បាញ​នៅ​ក្រៅ​ប្រទេស​ចិន អាច​នឹង​សម្លឹង​រក​មើល​ទីផ្សារ​ងាយ​ស្រួល ដើម្បី​វិនិយោគ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត និង​ទូរគមនាគមន៍។ លោក​ថ្លែង​ថា៖ «​ក្រុមហ៊ុន​ទាំង​នោះ អាច​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​បង្កើត​ទីផ្សារ​សម្រាប់​ផលិតផល ទូរគម​នាគមន៍​របស់​ចិន​នៅ​កម្ពុជា»។ លោក Einstein បាន​ឲ្យ​ដឹង​ថា យុទ្ធសាស្ត្រ​នេះ​ពេញ​និយម​នៅ​អាហ្វ្រិក​។ ជំនួយ​របស់​ចិន ដែល​ផ្តល់​ឲ្យ​​ប្រទេស​កំពុង​អភិវឌ្ឍន៍ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ទីផ្សារ​ផលិតផល និង​សេវាកម្ម​ជា​ច្រើន ជា​បន្ត​បន្ទាប់​របស់​ខ្លួន​។ លោក​បាន​បន្ថែម​ថា ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្តល់​សេវា​ទូរស័ព្ទ​ ចល័ត​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​ល្អ​មួយ សម្រាប់​យុទ្ធសាស្ត្រ​នេះ។

លោក Kang Nam-kook អគ្គ​នាយក​ក្រុមហ៊ុន​កាំមីនតែល បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​លោក ដែល​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ទី​៩ ​និង​ទទួល​បាន​អាជ្ញាប័ណ្ណ​កាល​ពី​ខែ​តុលា មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា ​តើ​សេវា​អ្វី​ដែល​ខ្លួន​នឹង​ផ្តល់​នៅ​កម្ពុជា​ឡើយ​។ លោក​បន្ថែម​ថា ឧបសគ្គ​តិច​តួច ក្នុង​ការ​បោះ​ជំហាន​មក​កាន់​កម្ពុជា គឺ​បាន​គំរាម​កំហែង​ដល់​ការ​រក​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​នៅ កម្ពុជា។ លោក​បាន​បញ្ជាក់​ថា ការ​រួម​បញ្ចូល​គ្នា និង​ការ​ទិញ​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​ផ្សេង​មិន​អាច​ចៀស​ផុត​បាន​ឡើយ​។ លោកក៏​បាន​លើក​ឡើង​ថា៖ «ក្រុម​ហ៊ុន​ទូរគមនាគមន៍​១០ មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ឡើយ​»។

លោក Jeffery Tan អ្នក​វិភាគ​ខាង​ផ្នែក​ទូរគមនាគមន៍​នៅ​ធនាគារ OSK ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​ជា​ក្រុម​ហ៊ុន Xinwei គ្មាន​គម្រោង​ចូល​រួម​ក្នុង​ការ​បង្រួប​បង្រួម​ទីផ្សារ​នេះ​ទេ នោះ​ការ​បោះ​ជំហាន​របស់​ក្រុមហ៊ុន​នេះ មក​កាន់​ទីផ្សារ​កម្ពុជា បាន​កាត់​បន្ថយ​ប្រាក់​ចំណូល​នៅ​ក្នុង​វិស័យ​នេះ។ លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ការ​បោះ​ជំហាន​មក​កាន់​ទី​នេះ​ដោយ​ក្រុមហ៊ុន​ថ្មី​ គ្រាន់​តែ​បន្ថែម​ការ​បំផ្លាញ​គុណ​តម្លៃ​ ក្នុង​វិស័យ​នេះ​ប៉ុណ្ណោះ។ នេះ​ជា​ទីផ្សារ​មួយ​ដែល​កំពុង​មាន​ប្រាក់​ចំណូល​ថយ​ចុះ ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​គ្នា​ច្រើន»៕ CS

Leave a comment