Daily Archives: March 2, 2011

ឆ្ពោះទៅអនាគត (បទកាកគតិ)

By Dara Vireak · Tuesday, January 25, 2011

មិត្តអឺយត្រូវប្រឹង                           ហើយត្រូវសម្លឹង                          ឲ្យបានវែងឆ្ងាយ

ពេលខ្លះកិច្ចការ                             ឃើញថាសប្បាយ                       លុយក៏គ្រប់ចាយ

មានពេលកំសាន្ត។

ឯការខ្លះទៀត                                 រកតែពេលឆ្លៀត                          សំរាកមិនបាន

តែផលដែលផ្តល់                             ចេះសល់ពេញប្រាណ                មិនបាច់រំខាន

ដល់អ្នកឯទៀត។

ស៊ូយ៉ាប់ពីក្មេង                                 ទោះគ្មានពេលគេង                      ក៏ត្រូវខ្មីឃ្មាត

ប្រឹងប្រែងជំនះ                                 រូតរះកុំឃ្លាត                                 ឲ្យតែខំឆ្លៀត

រុងរឿងមកដល់។

លទ្ធផលនៃការក្បត់

“អ្នកដែលក្បត់ គឺជាមនុស្សដែលមិនគួរសេពគប់”

 

រឿង “ពពែព្រៃ និង អ្នកដាក់អន្ទាក់”

ក្រោយពីចាប់បានពពែព្រៃ១ក្បាល អ្នកដាក់អន្ទាក់ សប្បាយចិត្តណាស់ ក៏រៀបចំវិល មកកាន់ លំនៅវិញ ស្រាប់តែពពែព្រៃ អង្វរថា “សូមលោកម្ចាស់ ទុកជីវិតឲ្យផង ខ្ញុំនឹង ទៅ បញ្ឆោត ពពែព្រៃទាំងហ្វូង ឲ្យមកជាប់អន្ទាក់” បុរសដាក់អន្ទាក់គ៏គំហកឲ្យវិញថា “អាគម្រក់ ដើម្បីរួចខ្លួន ឯងសុខចិត្តក្បត់សាច់ញាតិនិងមិត្តភ័ក្រ យើងយកឯង ធ្វើម្ហូប គឺ ប្រណីណាស់ទៅហើយ“។

ពពែព្រៃក៏សួរវិញថា “មានហេតុផលអ្វីដែល លោកម្ចាស់មិន សម្លាប់ខ្ញុំទេ?” បុរសក៏តបវិញថា “គុណធម៌ទេ អាចជួយនាំមកនូវសេចក្តីសុខ តែចំពោះឯងគ្មាន សារជាតិនេះទេ“៕

by Dara Vireak on Thursday, February 3, 2011 at 10:29am

អ្នកដឹកនាំដែលគ្រប់គ្នាប្រាថ្នា

កាលជាង២០០០ឆ្នាំមុនគ្រឹស្តសករាជ មានព្រះរាជាមួយអង្គព្រះនាម យ៉ៅ បន្ទាប់ពី គ្រប់គ្រង នគរអស់រយះពេល៧០ឆ្នាំ ប្រកបដោយទសពិធរាជធម៌មក ទ្រង់ក៏ជ្រើស រើសអ្នកស្នងរាជបន្ត ពីព្រះអង្គ។ អាមាត្យហ្វាងឈីបានលើកតម្កើងនិងស្នើទៅ ព្រះរាជាយ៉ៅ អំពីព្រះរាជបុត្រតាន់ចូវ ឲ្យស្នងរាជ តែត្រូវបានបដិសេធន៍ ព្រោះ ព្រះអង្គឈ្វេងយល់ថា បុត្រាមានចិត្តឃោរឃៅ។

ព្រះអង្គក៏បានត្រាស់ទៅមន្រ្តីជាន់ខ្ពស់ទាំង៤រូប នូវអ្នកមាន សមត្ថភាពពិតប្រាកដ មន្រ្តីទាំង៤ក៏ បានឧទ្ទេសនាមអ្នកប្រាជ្ញម្នាក់ឈ្មោះស៊ុន ដែលជារាស្ត្រសមញ្ញនៅទី ប្រជុំជនមួយដែលល្បីថា មានប្រាជ្ញាខ្ពស់, គុណធម៌, ករុណា និង សណ្តោសប្រណី។ ក្រោយព្រះរាជា យ៉ៅចូលទីវង្គត ព្រះរាជាស៊ុនបាន គ្រប់គ្រងប្រទេស បានថ្កុំថ្កើង រុង រឿង។ ពេលដែល ព្រះរាជាស៊ុន ចាស់ជរា ព្រះអង្គក៏ជ្រើសរើសរកអ្នកស្នងរាជសម្បត្តិ ដូចព្រះរាជាមុនដែរ ហើយមន្រ្តីជាន់ខ្ពស់ទាំង៤ ក៏ បានលើកឡើងនូវបុរស ម្នាក់ ត្រកូលកាន់ ឈ្មោះអ៊ី ដែលជាអតីត កូនអ្នកទោសប្រហាជីវិត ឈ្មោះ កាន់ ឆុងប៉។ ព្រះរាជាយ៉ៅ និង ស៊ុន និង មន្រ្តីជាន់ខ្ពស់ទាំង៤ មិនបានរើសអើស ឬ ប្រកាន់ នូវបក្ស ពួក ឡើយ គឺរើសយកអ្នកមានសម្ថភាព និងគុណធម៌ មកគ្រប់គ្រងដែលធ្វើ ឲ្យនគរ កាន់តែមានភាពត្រចះត្រចង់។

ចុះ២០០០ឆ្នាំក្រោយគ្រឹស្តសករាជ តើមានអ្នកដឹកនាំណាខ្លះ ដែលមានលក្ខណៈ ដូចជា ព្រះរាជាយ៉ៅ, ព្រះរាជាស៊ុន និង មន្រ្តីជាន់ខ្ពស់ទាំង៤ របស់ទ្រង់?

by Dara Vireak on Friday, December 24, 2010 at 2:45pm

ការឈឺចាប់

“គ្មានអ្វីឈឺចាប់ជាងអ្នកដែលយើងទុកចិត្តបំផុត ក្បត់យើងនោះទេ!”

 

រឿង “ដើមឈើ និង មែកឈើ”

បុរសម្នាក់បានចូលទៅកាប់ឈើនៅព្រៃជ្រៅមួយ ឃើញដើមឈើនោះធំល្អ ក៏បានយក ពូថៅកាប់ចាំងគល់ទាល់តែរលំ តែដោយសារខ្លួនម្នាក់ឯង មិនអាចលើក ដើមឈើនោះ ដាក់រទេះរួច ក៏សំរេចចិត្តច្រៀកជាចំរៀកតូចៗ។ បុរសនោះបានកាត់ មែកឈើ ចាំងឲ្យ ស្រួចធ្វើជាស្នៀត រួចយកទៅទម្លុះចូលក្នងដើមឈើដើម្បីបំបែកវាជាចំរៀកៗ។ ខណៈ នោះស្រាប់តែមានសម្លេងថ្ងូរពីដើមឈើនោះថា ពេលដែលអ្នកកាប់ខ្ញុំនឹងពូថៅ ទោះជា មានការឈឺចាប់ តែក៏មិនឈឺដល់ ពេលដែលអ្នក យកមែករបស់ខ្ញុំមក ទម្លុះសាច់ខ្ញុំ ដូច្នេះ ដែរ

ពណ៌អ្វី? (បទកាកគតិ)

by Dara Vireak on Thursday, December 9, 2010 at 12:35pm

ច្របូកច្របល់                                  នឹកឡើងសែនខ្វល់                      តើមកពីអ្វី?

ពេលឃើញពណ៌ខ្មៅ                        ញាតិផៅហាស្តី                            តើឯងកើតអី

បានសថាខ្មៅ?

រឹតតែចម្លែក                                     រឿងដែលសែនប្លែក                     ពេលខ្ញុំឃើញខ្មៅ

ស្រាប់តែញាតិមិត្ត                             មកជិតប្រដៅ                              ម្តេចក៏ឯងខ្លៅ

ថាខ្មៅជា ស។

ពេលពណ៌ប្រផេះ                               ស្រាប់គេជេរឆ្អេះ                        នែវ៉ើយវា ស

ហើយមានអ្នកខ្លះ                               ក្រលាស់មិនល្អ                           មិនមែនពណ៌ស

ខ្មៅទេអាវ៉ា។